ផ្លូវ​អម​ឆ្នេរ​ក្នុង​ខេត្ត​ញ៉ាត្រាង​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​ជា​ទិដ្ឋភាព​កោះ​ត្រល់​

International Misleading Social

ខណៈ​ពេល​ដែល​កោះ​ត្រល់​​ជា​ភាសា​ខ្មែរ​ ឬ​កោះ​ភូកុក​ជា​ភាសា​វៀត​ណាម​ ​​បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «កោះ​ត្រល់​ របស់​ខ្មែរ​»។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ផ្លូវ​អម​សួន​ច្បារ​ មាត់​សមុទ្រ​ មួយ​កន្លែង​។​ រូប​ថត​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ទិដ្ឋភាព​នេះ​ គឺ​ជា​ទិដ្ឋភាព​កោះ​ត្រល់​ (ភាសា​ខ្មែរ​) ឬ​កោះ​ភូកុក​ (ភាសា​វៀត​ណាម​)។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «អ្នក​មាន​ផ្ទះ​ធំ​ប៉ុណ្ណាក៍​ដោយ​ បើ​យួន​យក​ប្រទេស​បាត់​ នោះ​វាគ្មានន័​យទេ​ ពិសេស​បាត់ទាំ​ងអ្នកក្រ​ ទាំង​អ្នក​មាន​តែម្ត​ង​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ Vietnam Tourism ពុំ​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នេះ​​ គឺ​ជា​ទិដ្ឋភាព​កោះ​ត្រល់​នោះ​ឡើយ​។​ ទិដ្ឋភាព​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ Tran Phu និង​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ញ៉ា​ត្រាង​ (Nha Trang) ប្រទេស​វៀត​ណាម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «Nha Trang គឺ​ជា​ទីក្រុ​ងរមណីយដ្ឋា​នមា​ត់សមុ​ទ្រ​ដ៏ពេ​ញនិយ​មបំផុ​តរបស់​ប្រទេស​វៀតណាម​ ដែល​មានទី​តាំងនៅ​តាម​ឆ្នេ​រសមុ​ទ្រដ៏​ស្រស់ស្អាតបំផុត​ទី​ពីរ​នៅក្នុ​ងប្រទេស​»។​

Vietnam Tourism Link | Archived Link

ទិដ្ឋភាព​នៃ​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​គេហទំព័រ​ VN Express ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៨​កន្លង​ទៅ ដែល​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​ឆ្នេរ​ Tran Phu ក្នុង​ខេត្ត​ញ៉ា​ត្រាង​ ប្រទេស​វៀត​ណាម​»។​ ខេត្ត​ញ៉ាត្រាង​ គឺ​ជា​ខេត្ត​ជាប់សមុទ្រ​មួយ​របស់​វៀត​ណាម​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​។​​ 

VN Express Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ រូប​ថត​ខាង​លើ​នេះ​ មិន​​មែន​​ជា​ទិដ្ឋភាព​កោះ​ត្រល់​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​ (Tran Phu) ស្ថិត​ក្នុង​ខេត្ត​ញ៉ា​ត្រាង​ (Nha Trang) ប្រទេស​វៀត​ណាម​។​

Avatar

Title:ផ្លូវ​អម​ឆ្នេរ​ក្នុង​ខេត្ត​ញ៉ាត្រាង​​ត្រូវ​បាន​ភ្ជាប់​​មិន​ត្រឹម​ត្រូវ​ថា​ជា​​ទិដ្ឋភាព​កោះ​ត្រល់​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *