រូបភាព​ពុទ្ធ​រូប និង​ចម្លាក់​ដំរី​លើ​ថ្ម​ភ្នំ​ គឺ​ជា​រូបភាព​ក្រាហ្វិច

Altered Social

រូបថត និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពុទ្ធ​រូប និង​ចម្លាក់​ដំរី​នៅ​ជាប់​នឹង​ថ្ម​ភ្នំ​មួយ​កន្លែង ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង ក្នុង​នោះ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា រូបថត​នោះ គឺ​ជា​រូប​ផ្ដិត​បាន​ពី​ទីកន្លែង​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​នោះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​បណ្ដាញ​សង្គម ដែល​បង្ហាញ​​ចម្លាក់​ដំរី​ធ្វើ​ពី​ថ្ម ហើយ​មាន​ពុទ្ធ​រូប​នៅ​លើ​ថ្ម​នោះ​ថែម​ទៀត។

រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ និង​ប្រតិកម្ម​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​សរសេរ​រៀបរាប់​ថា «comment 999 ហើយ​ស៊ែរ​អ្នក​នឹង​ជួប​តែ​សំណាង​ល្អ បើ​មិន​ជឿ​សូម​កុំ​ប្រមាថ»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា ជា​រូបថត​ពិត ហើយ​បាន​ចែក​រំលែក​បន្ត​គ្នាថែម​ទៀត​ផង។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើមត្រួត​ពិនិត្យ​ការ​ពិត​នៃ​រូបថត​នេះ​តាម​រយៈ Google Reverse Image ដែល​នាំ​ឱ្យ​យើង​បាន​​ជួប​ប្រទះ​នឹង​រូបថត​ច្បាប់​ដើម និង​ព័ត៌មាន​អំពី​រូបថត​មួយ​សន្លឹក​នេះ​ផង​ដែរ។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ shutterstock ដែល​បញ្ជាក់​ថា ថ្ម​មួយ​ដុំ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ រូបថត​ច្បាប់​ដើម បង្ហាញ​ថា ថ្ម​មួយ​ដុំ​​នេះ គ្មាន​រូប​ចម្លាក់​ដំរី និង​ពុទ្ធ​រូប​នោះ​ឡើយ។

Shutterstock | Archived Link

ចំណែក​ឯ​គេហ​ទំព័រ​ Dreams Time ក៏​រក្សា​ទុក​រូបថត​មួយ​សន្លឹ​កនេះ​ដែរ ជាមួយ​នឹង​ព័ត៌មាន​រៀបរាប់​ថា ថ្ម​មួយ​ដុំ​នេះ ស្ថិត​នៅ​ឧទ្យានជាតិ​​ព្រៃឈើ Zhangjiejia ស្ថិត​នៅ​ក្នុង​ខេត្ត​ហ៊ូណាន ប្រទេស​ចិន។

Dreams Time | Archived Link

គេហទំព័រ SNOPES បាន​​ឱ្យ​ដឹង​ថា រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម គឺ​ជា​រូបភាព​ក្រាហ្វិច​បែប​ឌីជីថល​របស់​លោក Marcel Laverdet។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​រូបថត​កាត់​ត។ រូបថត​ដើម បង្ហាញ​ឱ្យ​ឃើញ​ទិដ្ឋភាព​ថ្ម​មួយ​ដុំ​នៅ​ឯ​តំបន់​ភ្នំ Zhangjielia ក្នុង​ខេត្ត​ហ៊ូណាន ប្រទេស​ចិន ដែល​មិន​មាន​ចម្លាក់​ដំរី និង​ពុទ្ធ​រូប​នោះ​ឡើយ។ ចំណែក​រូបថត​មាន​ចម្លាក់​ដំរី គឺ​ជា​រូបភាព​ក្រាហ្វិច​ដោយ​លោក Marcel Laverdet។

Avatar

Title:រូបភាព​ពុទ្ធ​រូប និង​ចម្លាក់​ដំរី​លើ​ថ្ម​ភ្នំ​ គឺ​ជា​រូបភាព​ក្រាហ្វិច

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *