
បញ្ហាព្រំដែនកម្ពុជា-វៀតណាម តែងតែជាប្រធានបទនៃការជជែកពិភាក្សា និងការចែករំលែកនៅលើបណ្ដាញសង្គមជាច្រើនឆ្នាំមកហើយ ក្នុងនោះក៏មានផងដែរនូវការអះអាងមួយចំនួនដែលពុំមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ថ្មីៗនេះ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយដែលបានបង្ហាញអំពីគំនូរផែនទីរបស់ប្រទេសកម្ពុជានៅលើក្តារខៀន ថែមទាំងមានពាក្យសរសេរថា «កោះត្រល់ជារបស់ខ្មែរ»។ ការពិនិត្យ និងផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញគ្រូបង្រៀនម្នាក់កំពុងតែគូរផែនទីប្រទេសកម្ពុជាដោយភ្ចាប់ជាមួយការសរសេរនៅលើផ្ទៃក្តារខៀននោះពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះផែនទិី។ នៅក្នុងរូបគំនូរនៅលើក្តារខៀននោះ យើងក៏ឃើញមានការគូររង្វង់ក្រហមផងដែរទៅលើទីតាំងកោះត្រល់ និងបានបញ្ជាក់ថា «កោះត្រល់ជារបស់ខ្មែរ»។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់ថា «កោះត្រល់ជារបស់ខ្មែរ ពេល ហ៊ុន សែន អស់អំណាចរដ្ឋាភិបាលថ្មី ត្រូវតែទាមទារយកមកវិញឲ្យខានតែបាន!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃរូបគំនូរនៅលើក្តារខៀនមួយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។
រូបថតជាច្រើនសន្លឹកទៀតដែលបង្ហាញពីទិដ្ឋភាពគ្រូបង្រៀនម្នាក់ដែលបានគូររូបផែនទីពិភពលោកមួយនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន News Talk កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ។ គេហទំព័រមួយនេះ ក៏បានលើកឡើងផងដែរអំពីប្រភពនៃរូបថតដែលត្រូវបានរកឃើញដំបូងនៅក្នុងបណ្តាញសង្គមចិន Weibo ហើយក្រោយមកត្រូវបានចែករំលែកយ៉ាងផុសផុលម្តងទៀតនៅក្នុងគេហទំព័រ ChinaSMACK។
សារព័ត៌មានមួយនេះ បានឱ្យដឹងថា បុរសម្នាក់ដែលគូផែនទីពិភពលោកនេះ គឺលោក Zhao Dengming ជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅសាលារៀនមួយនៅភូមិភាគឦសាន នៃប្រទេសចិន។ លោកគ្រូ Zhao បានគូសផែនទីពិភពលោកនៅលើក្តារខៀនបានយ៉ាងល្អបែបនេះក្នុងរយៈពេលមិនដល់ពីរនាទីផង។
ការបញ្ចេញមតិមួយផងដែរនៅក្នុងគេហទំព័រមួយនេះជាភាសាអង់គេ្លសថា «This has already become one of the most popular microblog posts. Looks like my Dongbei Normal University Affiliated Middle School’s Teacher Zhao Dengming has become famous! This old man is very adorable, teaching class with his loud, northwest accent» ឬប្រែសម្រូលជាភាសាខ្មែរមានន័យថា «នេះបានក្លាយជាការប្រកាសមួយដែលពេញនិយមបំផុត។ មើលទៅដូចសាលាសកលវិទ្យាល័យ Dongbei ដែលមានលោកគ្រូឈ្មោះ Zhao Dengming ដែលកំពុងតែល្បីល្បាញនេះ។ លោកគ្រូម្នាក់នេះ គួរឲ្យស្រឡាញ់ណាស់ជាមួយនឹងការសង្កត់សំឡេងធ្ងន់ៗ តាមតំបន់ភូមិភាគឦសាន»។
ChinaSMACK Report | Archived Link
រូបភាពផ្ដាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «This teacher is considerably better at drawing a map of the world than you» ប្រែសម្រួលជាភាសាខ្មែរមានន័យថា «គំនូរផែនទីពិភពលោកដែលលោកគ្រូ ម្នាក់នេះបានគូរអាចថាល្អជាងអ្នកទៅទៀត»។
News Talk Report | Archived Link
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតគំនូរផែនទីប្រទេសកម្ពុជាដែលគូរដោយបុរសម្នាក់ដូចតាមការអះអាងខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពគ្រូបង្រៀនដែលកំពុងតែគូរផែនទីប្រទេសកម្ពុជានោះទេ។ ការពិត រូបថតមួយសន្លឹកនេះ គឺបង្ហាញលោក Zhao Dengming គ្រូបង្រៀនជនជាតិចិនម្នាក់ដែលបានកំពុងគូរផែនទិីពិភពលោកនៅក្នុងថ្នាក់រៀនមួយ។

Title:តើគ្រូបង្រៀនជនជាតិចិនម្នាក់គូសផែនទីប្រទេសកម្ពុជាមែនឬទេ?
Fact Check By: Kakada SimResult: False
