
សេចក្តីសម្រេចការហាមឃាត់ និងបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយកាលពីអំឡុងខែមេសាមុននេះ បានក្លាយជាប្រធានបទជជែកដេញដោលយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនានា។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពជនបរទេសម្នាក់កំពុងឈរក្បែរបង្អួច កាន់ផ្ទាំងក្រដាសសរសេរជាអក្សរខ្មែរថា «បើមិនបើកផ្លូវ សុំអង្ករមួយការុង» ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដោយបង្ហាញរូបរបស់បុរសជនបរទេសម្នាក់កំពុងឈរកាន់ផ្ទាំងក្រដាសមួយក្បែរនឹងមាត់បង្អួច។ រូបថតមួយសន្លឹកដដែរនេះ ក៏បានបង្ហាញផ្ទាំងក្រដាសមួយសន្លឹកជាមួយសំណេរថា «ថ្ងៃ២៨ បើមិនបើកផ្លូវ សុំអង្ករមួយការុងផង»។
អ្នកប្រើប្រាស់ដដែលខាងលើនេះពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។
រូបថតនេះត្រូវបានប្រតិកម្មបញ្ចេញមតិចម្រុះ និងចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកក៏បានសរសេររៀបរាប់នៅក្នុងសំណេរថា «ដំណឹង»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដើមនេះ ត្រូវបានរកឃើញនៅក្នុងគណនី Instagram របស់លោក Seth (@dudewithsign) ដែលបានបង្ហោះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០កន្លងទៅ។ រូបថតដដែរនេះ បានភ្ជាប់ជាមួយនឹងផ្ទាំងសំណេរមួយជាភាសាអង់គ្លេសដែលបានរៀបរាប់ថា «Stop posting old travel pics» ឬប្រែជាភាសាខ្មែរមានន័យថា «ឈប់បង្ហោះរូបថតដើរលេងចាស់ៗ»។
ខាងក្រោមនេះគឺជារូបភាពផ្តាមចេញពីគណនី Instagram ផ្ទាល់ខ្លួនរបស់លោក Seth។
Instagram Post | Archived Link
រូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុង ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន Straight News Online កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Final April, Seth stayed at residence and leant out of his window to share his signal as he advised folks to ‘cease posting’ their previous journey footage» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «កាលពីចុងខែមេសា លោក Seth បានស្នាក់នៅផ្ទះ និងបានឈរកាន់ផ្ទាំងក្រដាសនៅមាត់បង្អួតគាត់ថា ឱ្យឈប់បង្ហោះរូបថតដើរលេងចាស់ៗ»។
Straight News Online’s Report | Archived Link
តាមរយៈសារព័ត៌មាន Daily Mail ក៏បានផ្សព្វផ្សាយរូបថតមួយសន្លឹក មានទម្រង់ដូចគ្នារបស់បុរសបរទេសម្នាក់ឈរកាន់ផ្ទាំងក្រដាសនៅក្រៅបង្អួចផងដែរកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពុំបានបង្ហាញអំពីទិដ្ឋភាពលោកកាន់ផ្ទាំងក្រដាសជាភាសាខ្មែរដូចបានបង្ហោះខាងលើនោះឡើយ។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Last April, Seth stayed at home and leant out of his window to share his sign as he told people to ‘stop posting’ their old travel pictures» ឬប្រែជាភាសាខ្មែរមានន័យថា «កាលពីខែមេសា លោក Seth បាននៅផ្ទះហើយឈរចេញពីបង្អួចផ្ទះរបស់គាត់ ដើម្បីបង្ហាញផ្ទាំងក្រដាសមួយទៅកាន់មនុស្សទូទៅថា ឱ្យឈប់បង្ហោះរូបថតដើរលេងចាស់ៗ»។
Daily Mail’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ បុរសជនបរទេសម្នាក់នោះពុំបានកាន់ផ្ទាំងក្រដាសដែលមានអក្សរសរសេរជាភាសាខ្មែរនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ បង្ហាញបុរសជនបរទេសម្នាក់កាន់ផ្ទាំងក្រដាសមួយសន្លឹកជាមួយសំណេរឱ្យមនុស្សទូទៅឈប់បង្ហោះរូបថតដើរលេងចាស់ៗ។

Title:បុរសបរទេសម្នាក់កាន់ផ្ទាំងក្រដាសជាភាសាខ្មែរជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
