
គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើតឡើងលើមនុស្សសរុបដល់ទៅ ១,៨៥១នាក់ហើយ នៅក្នុងចំណោមករណីឆ្លងមេរោគកូវីដ១៩សរុប ២,៣៧៧ករណីនៅទូទាំងប្រទេសកម្ពុជា។ ករណីឆ្លងមេរោគកូវីដ១៩នាពេលថ្មីៗនេះ ត្រូវបានរកឃើញនៅតាមទីតាំង ភូមិស្រុក និងខេត្តជាច្រើននៅទូទាំងប្រទេស។
ទន្ទឹមគ្នានេះ សារជាសំឡេងមួយ ត្រូវបានចែករំលែកតៗគ្នានៅតាមប្រព័ន្ធបញ្ចូនសារ ដូចជា កម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក (Messenger) និងតេឡាក្រាម (Telegram) ដោយនិយាយថា ការឆ្លងមេរោគកូវីដ១៩នេះ ត្រូវបានរកឃើញផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាមន្ទីរពេទ្យធំរបស់កម្ពុជា ហើយសារជាសំឡេងនោះ បានជំរុញទៅប្រជាជនកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះអ្នកពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយនេះ។
ទោះជាយ៉ាងណា វាត្រូវបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវទាំងស្រុងនោះឡើយ ហើយនាំឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
កាលពីល្ងាចថ្ងៃទី២៨ ខែមីនានេះ សារជាសំឡេងមួយត្រូវបានចែករំលែកតៗគ្នាលើប្រព័ន្ធផ្ញើសារមែសសេងជ័រ (Messenger)របស់បណ្ដាញសង្គមហ្វេសប៊ុក ដែលសារជាសំឡេងនោះរៀបរាប់ថា ជំងឺកូវីដ១៩បានផ្ទុះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រហើយ និងបានរកឃើញឆ្លងទៅលើគ្រូពេទ្យម្នាក់ដែលបម្រើការនៅក្នុងមន្ទីរពេទ្យនេះ បន្ទាប់ពីគាត់បានប៉ះពាល់ជាមួយអ្នកជំងឺម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
សំឡេងដើមទាំងស្រុងនៃសារនោះ រៀបរាប់ថា «ហ្នឹងហើយ ឥឡូវសូមជម្រាបបងប្អូនយើងអ្នកនៅតាមមូលដ្ឋានហ្នឹងឱ្យដឹងថា នៅកាល់ម៉ែត្រ អ្នកធ្វើការនៅកាល់ម៉ែត្រហ្នឹង គឺផ្ទុះកូវីដហើយ។ អ៊ីចឹង នៅតំបន់កាល់ម៉ែត្រក៏ដូចជាមានបងប្អូនធ្វើការនៅកាល់ម៉ែត្រកុំឱ្យចូលមកពាក់ព័ន្ធ ឱ្យធ្វើចត្តាឡីស័កទៅ។ ឥឡូវ តាមអ្នកដឹកនាំហ្នឹង កំពុងឱ្យតាមរកអ្នកធ្វើការនៅកាល់ម៉ែត្រក៏ដូចជាអ្នកព្យាបាលជំងឺនៅកាល់ម៉ែត្រទាំងអស់ គឺយកមកធ្វើចត្តាឡីស័ក ព្រោះនៅកាល់ម៉ែត្រហ្នឹងផ្ទុះកើតកូវីដហើយ ពេទ្យនៅក្នុងហ្នឹង។ ឥឡូវកំពុង អេកូមកំពុងចាក់ខ្វាត់ខ្វែងរឿងអ្នកធ្វើការនៅកាល់ម៉ែត្រហ្នឹងឱ្យដឹងទាំងអស់ ហើយបងប្អូនយើងនៅភ្នំពេញក៏អ៊ីចឹងដែរ កុំជិះទៅប្លុកហ្នឹង»។
ការត្រួតពិនិត្យការពិត (Fact Check)
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញសំឡេងនេះ ដែលត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធបញ្ជូនសារអេឡិចត្រូនិចតាមរយៈការពិនិត្យមើលវីដេអូ ឬសំឡេង ឬការបញ្ចេញណាមួយដែលនាំឱ្យទៅរកឃើញប្រភពនៃសំឡេង ការបកស្រាយពីតំណាងមន្ទីរពេទ្យដោយផ្ទាល់ និងការសាកសួរបញ្ជាក់ជាមួយអាជ្ញាធរមូលដ្ឋាន។
តាមរយៈការពិនិត្យមើលការបញ្ចេញមតិនានា យើងបានរកឃើញវីដេអូឃ្លីបមួយទៀតមានរយៈពេលជាង ១នាទី ដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម និងប្រព័ន្ធបញ្ជូនសារអេឡិចត្រូនិចផងដែរនៅរាត្រីថ្ងៃទី២៨ ខែមីនានោះ។
វីដេអូនោះ បង្ហាញរថយន្តសង្គ្រោះបន្ទាន់២គ្រឿងឈប់រង់ចាំនៅលើផ្លូវមួយ ហើយបុរសម្នាក់ដែលទំនងជាមន្ត្រីមានសមត្ថកិច្ច បានថ្លែងតាមឧបករណ៍បំពងសំឡេងថា គ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីគាត់បានផ្ដល់ការថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩។
បើតាមវីដេអូនោះ គ្រូពេទ្យនោះត្រូវបានដឹកតាមរយៈរថយន្តសង្គ្រោះបន្ទាន់ពីលំនៅដ្ឋានមួយស្ថិតនៅស្រុកកៀនស្វាយនៅយប់ថ្ងៃទី២៨ ខែមីនា ហើយសមាជិកក្រុមគ្រួសាររបស់គ្រូពេទ្យនេះ ត្រូវបានប្រមូលយកទៅដាក់ឱ្យស្នាក់នៅដាច់ដោយឡែក ១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កមួយស្ថិតក្នុងសាលាបឋមសិក្សាគគីរ ស្ថិតនៅក្នុងស្រុកកៀនស្វាយ។
បុរសដដែលនោះក៏បានអំពាវនាវទៅអ្នកភូមិដទៃទៀតដែលបានប្រាស្រ័យទាក់ទងនឹងសមាជិកក្រុមគ្រួសាររបស់គ្រូពេទ្យម្នាក់នោះ ឱ្យបង្ហាញខ្លួន និងយកសំណាកសម្រាប់ពិនិត្យរកមេរោគកូវីដ១៩។
សេចក្ដីរាយការណ៍របស់សារព័ត៌មានស៊ីស៊ី ថាមស៍ ដែលបានដកស្រង់សម្ដីរបស់អភិបាលស្រុកកៀនស្វាយដោយពុំមានបញ្ជាក់ឈ្មោះនោះ បាននិយាយថា អាជ្ញាធរស្រុកកៀនស្វាយ បានចុះហ៊ុំព័ទ្ធលំនៅដ្ឋានមួយកន្លែងក្នុងឃុំកំពង់ស្វាយ ដើម្បីប្រមូលសំណាកពីមនុស្សពាក់ព័ន្ធយកទៅធ្វើតេស្ត និងបញ្ជូនគ្រូពេទ្យដែលមានផ្ទុកមេរោគកូវីដ១៩ទៅសម្រាកព្យាបាល។
របាយការណ៍របស់ក្រសួងសុខាភិបាលចេញព្រឹកថ្ងៃទី២៩ ខែមីនា បង្ហាញថា បុរសជនជាតិខ្មែរម្នាក់អាយុ ៣២ឆ្នាំ ដែលស្នាក់នៅក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទកាលពីថ្ងៃទី៣០ ខែមីនា មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្វាយ លោក សំ សុជាតា បញ្ជាក់ថា ពិតជាមានគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយត្រូវបានមន្ត្រីសុខាភិបាលដឹកយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។
បើតាមមន្ត្រីនគរបាលរូបនេះ គ្រូពេទ្យរូបនោះ បានទៅរក្សាខ្លួននៅដាច់ដោយឡែកនៅឯផ្ទះរបស់គាត់នៅឯឃុំកំពង់ស្វាយ បន្ទាប់ពីលោកបានប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩ម្នាក់។
លោក សុជាតា បន្ថែមថា សមាជិកក្រុមគ្រួសាររបស់គ្រូពេទ្យនេះ ត្រូវបានប្រមូលទៅដាក់ឱ្យស្នាក់នៅដាច់ដោយឡែកក្នុងមណ្ឌលចត្តាឡីស័កមួយស្ថិតក្នុងសាលារៀនមួយនៅស្រុកកៀនស្វាយ ហើយអ្នកភូមិដែលបានពាក់ព័ន្ធនឹងគ្រួសាររបស់គ្រូពេទ្យនេះ ក៏ត្រូវបានសមត្ថកិច្ចជំរុញឱ្យពិនិត្យសុខភាព និងរក្សាខ្លួនឯងនៅដាច់ដោយឡែកផងដែរ។
FC Cambodia បានព្យាយាមស្នើសុំការបកស្រាយពីប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ លោកវេជ្ជបណ្ឌិត ឈាង រ៉ា ផងដែរ ប៉ុន្តែ លោកបានបដិសេធ។
សេចក្ដីរាយការណ៍របស់ Fresh News ដែលជាសារព័ត៌មានស្និទ្ធិនឹងរដ្ឋាភិបាល បង្ហាញថា មន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាមន្ទីរពេទ្យរដ្ឋទំនើបជាងគេនៅកម្ពុជា បានទទួលស្គាល់ថា មានករណីឆ្លងជំងឺកូវីដ១៩កើតឡើងលើគ្រូពេទ្យម្នាក់ ក្រោយពីគ្រូពេទ្យរូបនោះបានផ្ដល់ការសង្គ្រោះបន្ទាន់ដល់អ្នកជំងឺម្នាក់ ដែលក្រោយមកត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ហើយបានស្លាប់ដោយសារមេរោគនេះ។
ប៉ុន្តែ មន្ទីរពេទ្យមួយនេះ បញ្ជាក់ថា សារជាសំឡេងដែលត្រូវបានចែករំលែកតាមប្រព័ន្ធបញ្ជូនសារនោះ បាននិយាយ«លើសពីការពិត» ហើយថា «មិនមានការផ្ទុះជំងឺកូវីដ១៩ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រដូចការលើកឡើងនោះទេ»។
Fresh News Report | Archive Link
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា សារជាសំឡេងដែលអះអាងថា ជំងឺកូវីដ១៩បានផ្ទុះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនោះ មិនត្រឹមត្រូវខ្លះ។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា គ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានឆ្លងមេរោគកូវីដ១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយ។ មន្ទីរពេទ្យកាល់ម៉ែត្រ បានទទួលពីករណីនេះ ប៉ុន្តែ បញ្ជាក់ថា សារសំឡេងដែលត្រូវបានចែករំលែកតៗគ្នានោះ បាននិយាយលើសពីការពិត។ មន្ទីរពេទ្យមួយនេះ អះអាងថា ការផ្ទុះឡើងនៃករណីឆ្លងមេរោគកូវីដ១៩លើគ្រូពេទ្យនៅមន្ទីរពេទ្យនេះ ត្រូវបាន«គ្រប់គ្រងបានតាមក្បួនខ្នាតច្បាស់លាស់»។

Title:Fact-Check: គ្រូពេទ្យម្នាក់បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រឆ្លងកូវីដ១៩ក្រោយរក្សាខ្លួនដាច់ដោយឡែកនៅផ្ទះ
Fact Check By: Jay UdomResult: Partly False