
ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយរហូតដល់ជាង ១ខែមកហើយ ដែលនាំឱ្យមានការបង្ហោះ និងចែករំលែកយ៉ាងច្រើនជុំវិញសង្គ្រាមរវាងប្រទេសទាំងពីរ។ ក្នុងចំណោមនោះ វីដេអូមួយដែលបង្ហាញកុមារីម្នាក់យកបាច់ផ្កាជូនទាហានមួយរូប ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា កុមារីនោះ រត់បាច់ផ្កាជូនឪពុករបស់នាង មុនគាត់ចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីដើមខែមីនាកន្លងមកនេះ វីដេអូឃ្លីបរយៈពេលជាង ២នាទីកន្លះមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា វីដេអូឃ្លីបនោះ បង្ហាញក្មេងស្រីអ៊ុយក្រែនម្នាក់ រត់យកបាច់ផ្កាជូនទៅឪពុករបស់នាង មុនពេលចេញទៅសរមភូមិប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
វីដេអូឃ្លីបនោះ ត្រូវបានចែករំលែក និងទទួលបានការចូលទស្សនារាប់រាប់រយពាន់ដង ហើយក៏ទទួលបានការបញ្ចេញមតិច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញបណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបនោះដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី០៥ ខែមីនាកន្លងមក ជាមួយការរៀបរាប់ថា «កូនស្រីបាច់ផ្កាជូនឪពុកមុនទៅធ្វើសង្គ្រាមជាមួយរុស្ស៊ី ទឹកចិត្តកូនស្រី»។
វីដេអូឃ្លីបដដែលនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត ដែលមានតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់នៅទីនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញនូវការបង្ហោះ និងចែករំលែកវីដេអូឃ្លីបនេះនៅលើបណ្ដាញសង្គម តែជាង ១សប្ដាហ៍ក្រោយរុស្ស៊ីបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីបនេះតាមរយៈការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូទាំងមូល ត្រូវបានរកឃើញនៅលើឆាណែលទូរទស្សន៍អ៊ុយក្រែនឈ្មោះ UATV ដែលបានបង្ហោះនៅលើបណ្ដាញ YouTube កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១កន្លងមក។
វីដេអូដែលបង្ហាញក្មេងស្រីស្ថិតក្នុងឈុតពណ៌សកាន់បាច់ផ្កាមួយបាច់យកទៅជូនទាហានមួយរូបនោះ ស្ថិតត្រង់នាទី៥៣រហូតដល់នាទី៩៧ នៃវីដេអូទាំងស្រុងមួយដែលមានរយៈពេលរហូតដល់ជាតិ ២ម៉ោង។
វីដេអូមួយផ្នែកនេះ គឺជាផ្នែកមួយនៃឈុតឆាតប្រារព្ធទិវាឯករាជ្យជាតិអ៊ុយក្រែន ដែលត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំខួប ៣០ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ប្រទេសមួយនេះ។ អ៊ុយក្រែន បានប្រកាសឯករាជ្យពីប្រទេសរុស្ស៊ីនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ បន្ទាប់ពីការដួលរលំទៅនៃសហភាពសូវៀត។
វីដេអូដែលបង្ហាញក្មេងស្រីម្នាក់នេះកាន់បាច់ផ្កានោះ ក៏ត្រូវបានបង្ហាញដោយខ្លីនៅក្នុងសេចក្ដីរាយការណ៍ជាភាសាអង់គ្លេសរបស់ទូរទស្សន៍ UATV ហើយត្រូវបានបង្ហោះនៅលើឆាណែល YouTube របស់ខ្លួនផងដែរកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងមក។
វីដេអូដើមទាំងស្រុង ត្រូវបានផ្សាយចេញជាភាសាអ៊ុយក្រែន ប៉ុន្តែ វីដេអូនេះ ក៏ត្រូវបានឆាណែល YouTube ដែលមានឈ្មោះថា Almost Unreal Thing។ ឆាណែលមួយនេះ បានឱ្យដឹងថា វីដេអូនេះ គឺជាវីដេអូសម្ដែងប្រវត្តិសាស្ត្រប្រទេសអ៊ុយក្រែននៅក្នុងរយៈពេលត្រឹមតែ ១០នាទី។
ALMOSTUNREALTHING | ARCHIVED LINK
វីដេអូនេះ សម្ដែងដោយកុមារីម្នាក់មានឈ្មោះថា Yesenia Seleznova ដែលនាងមានអាយុត្រឹម ១០ឆ្នាំប៉ុណ្ណោះកាលពីឆ្នាំមុន។ កុមារី Yesenia Seleznova គឺជាសិស្សសាលាតន្ត្រី KATAPULTA (KATAPULTA Art Music School)ដែលបង្ហាញមោទនភាពរបស់ខ្លួន ក្រោយកូនសិស្សរបស់ខ្លួន ត្រូវបានជ្រើសរើសឱ្យសម្ដែងនៅក្នុងពិធីជាតិដ៏ធំបែបនេះ។

KATAPULTA ART MUSIC SCHOOL | ARCHIVED LINK
បើតាមសំណេរនៅលើ Instagram របស់ខ្លួន កម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids ឬភាសាអ៊ុយក្រែនហៅថា Golos Dity បានឱ្យដឹងថា ឪពុករបស់កុមារី Yesenia Seleznova គឺជាតន្ត្រីករនៅក្នុងវង់ភ្លេងមួយនៅក្នុងប្រទេសអ៊ុយក្រែន ពោលមិនមែនជាទាហាននោះឡើយ។

INSTAGRAM POST | ARCHIVED LINK
ការសម្ដែងរបស់កុមារីរូបនេះ ក៏ត្រូវបានរំលេចឡើងនៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន TCH កាលពីខែសីហា ឆ្នាំ២០២១កន្លងមកផងដែរ ដោយសារតែការសម្ដែងនេះបាននាំឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ស្រក់ទឹកភ្នែកនៅចំពោះមុខមហាជននៅថ្ងៃប្រារព្ធខួប ៣០ឆ្នាំនៃឯករាជ្យជាតិ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូមួយនេះ មិនមែនជាហេតុការណ៍កូនស្រីម្នាក់យកបាច់ផ្កាជូនឪពុករបស់ខ្លួនមុនពេលចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរុស្ស៊ីនោះឡើយ។ វីដេអូនេះ គឺជាឈុតឆាកសម្ដែងដោយកុមារី Yesenia Seleznova នៅក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំនៃទិវាឯករាជ្យជាតិអ៊ុយក្រែនកាលពីឆ្នាំ២០២១កន្លងមក។

Title:តើក្មេងស្រីម្នាក់នេះជូនបាច់ផ្កាទៅឪពុកនាងមុនចេញទៅសមរភូមិប្រឆាំងរុស្ស៊ីមែនឬទេ?
Fact Check By: Jay UdomResult: False
