អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​អះ​អាង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ទទួល​បាន​លុយ​ចំនួន ២០​ដុល្លារ​សម្រាប់​ការ​ដេក​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ថា ក្រុម​សកម្មជន​ទទួល​បាន​ថវិកា​ចំនួន ៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង។

ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ទទួល​បាន​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នាង សេង ធារី ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​ក្រុម​​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ​ផង​ដែរ​ជុំវិញ​វិវាទ​ការងារ​របស់​ពួកគេ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាងលើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​មាន​សំណេរ​លើ​រូបថត​ថា «ដេក​បាតុកម្ម​នៅ Naga 1ថ្ងៃ/20​$» និង​សំណេរ​លើ​រូបថត​មួយ​សន្លឹក​​ទៀត​ថា «សម្ដែង​ធ្វើ​ជា​អត់​ស៊ីបាយ 1ថ្ងៃ/50$»។

Facebook Post | Archived Link

ថ្មីៗ​នេះ Fact Crescendo Cambodia បាន​សម្ភាស​ជាមួយ​​តំណាង​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដើម្បី​បក​ស្រាយ​តប​នឹង​ការ​អះ​អាង​នេះ។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​និយាយ​ថា ក្រុម​កូដករ​ទាំង​នោះ​ពុំ​ទទួល​បាន​លុយ​កាក់​ពី​ខាង​ណា​នោះ​ឡើយ។

មេដឹកនាំ​សហជីព​រូប​នេះ បាន​បញ្ជាក់​បែប​នេះ​មក​កាន់ Fact Crescendo Cambodia តាម​រយៈ​សារ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ពួកគាត់​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដោយ​របៀប​ណា បន្ទាប់​ពី​គ្មាន​ការងារ​ធ្វើ​ជាច្រើន​ខែ​មក​ហើយ​នោះ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​បន្ថែម​ថា ក្រុម​កូដករ​ទាំង​នោះ​ពឹង​ផ្អែក​ទៅ​លើសមាជិក​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​ពួកគេ​សម្រាប់​គាំ​ទ្រ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

រីឯ​កញ្ញា ឈឿន ដារ៉ាវី ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ក៏​បាន​ច្រាន​ចោល​ការ​អះ​អាង​នេះ​ផង​ដែរ ហើយ​បញ្ជាក់​ថា ក្រុម​របស់​នាង​បាន​ពឹង​ផ្អែក​លើ​ការ​លក់​ដូរ​អង្ករ​ត្រីសាច់ និង​ផលិត​ផល​មួយ​ចំនួន​ទៀត ដើម្បី​ទ្រទ្រង់​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ។

សកម្មជន​សង្គម​រូបនេះ បាន​បញ្ជាក់​បែប​នេះ​មក​កាន់ Fact Crescendo Cambodia តាម​រយៈ​សារ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​រង​ការ​ចោទ​ថា​ទទួល​បាន​លុយ​សម្រាប់​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​ហើយ​នោះ សមាជិក ២​នាក់​ទៀត​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ មាន​លោក ហ៊ុន វណ្ណៈ និង​លោក ស្វាយ សំណាង រង​ការចោទ​ពី​អាជ្ញាធរ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​រំលោភ ប៉ុន្តែ ពួកគេ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​បែប​នេះ និង​ចាត់​ទុក​ជា​ការ​ប្រឌិត​ទម្លាក់​កំហុស​ទៅ​លើ​ពួកគេ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដី​រាយការណ៍របស់​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ។ក្រុម​យុវជន​ខ្មែរថាវរៈ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​​ឯង​រយៈ​ពេល ១​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នកនាង សេង ធារី ដែល​ត្រូ​វ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់​ជាតិ»​ជាមួយ​លោក សម រង្ស៊ី។

Avatar

Title:មេ​សហជីព និង​សកម្មជន​ច្រាន​ចោល​ការ​អះអាង​ថា ពួកគេ​ទទួល​បាន​លុយ​ជា​ថ្នូរ​នឹង​កូដកម្ម

By: Jay Udom

Result: Explainer