
ខណៈដែលអ្នកជជែករឿងនយោបាយ លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ និយាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រូបថតមួយសន្លឹករបស់លោក ជែមស៍ សុខ ដែលស្ថិតនៅក្នុងចំណោមឧក្រិដ្ឋជននោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា លោកស្ថិតនៅក្រោមការស្វែងរកចាប់ខ្លួនពីសំណាក់ FBI របស់អាមេរិក។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានគេចែករំលែកតៗគ្នាជាច្រើនដងនៅលើបណ្ដាញសង្គម ខណៈដែលអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិទៅលើរូបថតនោះ។ ទោះជាយ៉ាងណា តាមរយៈការដំណើរការ Google Reverse Image Search យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីចុងខែឧសភាកន្លងមកនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញឈ្មោះបុគ្គលដែលស្ថាប័នប៉ូលិសសហព័ន្ធសហរដ្ឋអាមេរិក FBI ស្វែងរកចាប់ខ្លួន។
បញ្ជីឈ្មោះដែល FBI អាមេរិក ក៏មានដែររូបថតរបស់អ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមដែលតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសសេររៀបរាប់ថា អ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវបានស្ថាប័ន FBI ស្វែងរកចាប់ខ្លួននៅក្នុងចំណោមឧក្រិដ្ឋជនដទៃទៀតផងដែរ។
រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនក៏បានបញ្ចេញមតិទៅនឹងសំណេរបែបនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣០ ខែឧសភា ដែលសរសេររៀបរាប់ថា «ធ្លាយព័ត៌មានពី FBI ចាប់ឧក្រិដ្ឋជនមុខស្រដៀងតាសុចៗ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញនូវការពិតដូចខាងក្រោមនេះ។
បញ្ជីឈ្មោះបុគ្គលហែកគុកដែលស្ថាប័ន FBI ស្វែងរកចាប់ខ្លួននេះ ត្រូវបានរកឃើញច្រើននៅលើបណ្ដាញអ៊ីនធឺណិត។ ក្នុងចំណោមនោះ វេបសាយ warpedfactor បានចុះផ្សាយរូបថតមួយផ្ទាំងនេះនៅក្នុងអត្ថបទមួយមានចំណងជើងថា The Cast of Prison Break: Where are they now? កាលខែសីហា ឆ្នាំ២០២០កន្លងមក។
បើតាមគេហទំព័រមួយនេះ រូបថតមួយផ្ទាំងនេះ គ្មានរូបលោក សុខ សុគន្ធ ហៅ ជែមស៍ សុខ នោះឡើយ ហើយបុរសទាំងអស់នៅក្នុងរូបថតមួយសន្លឹកនេះ គឺជាតួសម្ដែងនៅភាពយន្តភាគរឿង «Prison Break» ដែលត្រូវបានចាក់បញ្ចាំងនៅចន្លោះឆ្នាំ២០០៥រហូតដល់ឆ្នាំ២០១៧កន្លងមក។

វីដេអូរយៈពេលជាង ២នាទីនៃរឿង «Prison Break» ដែលត្រូវបានរកឃើញនៅលើបណ្ដាញ YouTube បានបង្ហាញឱ្យឃើញផ្ទាំងរូបថតឧក្រិដ្ឋជនហែកគុកដែលប៉ូលិស FBI តាមស្វែងរកចាប់ខ្លួន។ សូមទស្សនាវីដេអូខ្លីនោះទាំងស្រុងនៅក្នុងភាគ «Die Fox River 8»តាមរយៈតំណភ្ជាប់ខាងក្រោមនេះ។
ផ្ទាំងរូបថតស្វែងរកចាប់ខ្លួនឧក្រិដ្ឋជននេះ ត្រូវបានរកឃើញនៅលើគេហទំព័រមួយឈ្មោះថា Red Bubble ដែលបានឱ្យដឹងថា វាត្រូវបានរចនាឡើងវិញដោយគណនីមួយឈ្មោះថា Radio Active Bee។ ផ្ទាំងបណ្ដុំរូបថតតួសម្ដែងនៅក្នុងរឿង Prison Break នេះ ត្រូវបានដាក់លក់នៅលើអនឡាញក្នុងតម្លៃខ្ទង់ ២៥ដុល្លារ។


នៅក្នុងបញ្ជីឈ្មោះបុគ្គល ៣៥៥នាក់ដែល FBI ស្វែងរកចាប់ខ្លួន ហើយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ស្ថាប័ននេះដោយផ្ទាល់នោះ យើងរកមិនឃើញរូបថត និងឈ្មោះលោក សុខ សុគន្ធ ហៅ ជែមស៍ សុខ នោះឡើុយ។ សូមមើលបញ្ជីឈ្មោះទាំងនោះតាមរយៈតំណភ្ជាប់នៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកមាននៅទីនេះ។
លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ គឺជាអ្នកអត្ថាធិប្បាយរឿងនយោបាយតាមបណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ លោក ជែមស៍ សុខ តែងតែនិយាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការដឹកនាំរដ្ឋាភិបាលរបស់លោក។
អ្នកអត្ថាធិប្បាយនយោបាយសញ្ជាតិអាមេរិកដើមកំណើតខ្មែររូបនេះ បានក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់ក្រុមអ្នកគាំទ្រលោក ហ៊ុន សែន។ កាលពីចុងខែឧសភាកន្លងមកនេះ Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹករួចមកហើយដែរ ដែលរូបថតនោះបង្ហាញឱ្យឃើញបុរសម្នាក់មានមុខមាត់ដូចលោក ជែមស៍ សុខ ត្រូវបានគេចាប់ខ្លួន និងកោរសក់ក្បាល។
សម្រាប់សេចក្ដីលម្អិតនៃរូបថតមួយសន្លឹកនោះ សូមអានអត្ថបទ «រូបថតចោរប្លន់ម្នាក់ត្រូវបានកាត់តជាមួយមុខអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលរៀបរាប់ខាងលើនេះ ត្រូវបានគេកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបថតច្បាប់ដើម គឺជាឈុតឆាកនៃរឿង «Prison Break» ដែលបង្ហាញឱ្យឃើញបញ្ជីឈ្មោះឧក្រិដ្ឋជនដែលប៉ូលិស FBI របស់អាមេរិកស្វែងរកចាប់ខ្លួន។ ផ្ទាំងផ្សព្វផ្សាយមួយនេះ ដែលត្រូវបានគេរចនាឡើងវិញ និងដាក់លក់នៅលើអនឡាញនោះ មិនមានរូបថតលោក សុខ សុគន្ធ ហៅ ជែមស៍ សុខ បុគ្គលដែលតែងតែនិយាយរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្ដាញសង្គមនោះឡើយ។

Title:តើ FBI ស្វែងរកចាប់ខ្លួនអ្នកជជែករឿងនយោបាយ លោក ជែមស៍ សុខ មែនឬទេ?
Fact Check By: Jay UdomResult: Altered
