ពិធីបុណ្យ​ប្រពៃណី​មួយ​នៅ​កោះ​បាលី​មិន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍ជាន់​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង​​ទេ

False International

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ មនុស្ស​យ៉ាង​តិច​ណាស់​ចំនួន ១៥៦​​នាក់ បាន​បាត់​បង់​ជីវិត​ បន្ទាប់​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ ស្ថិត​នៅ​​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​សាក​សព​ជាច្រើន​តម្រៀប​គ្នា​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​ភ្ជាប់​ថា​ ជា​ជន​រង​គ្រោះ​​ក្នុង​ហេតុ​ការណ៍ជាន់​គ្នា​​នៅ​ប្រទេស​កូរ៉េ​។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។  

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​នោះ​ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​អំពី​ទិដ្ឋភាព​សាក​សព​ និង​មនុស្ស​ចោម​រោម​ជា​ច្រើន​។​ វីដេអូ​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ជា​ជន​រង​គ្រោះ​ពី​ហេតុ​ការណ៍​រត់​ជាន់​គ្នា​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។​

ការ​អះ​អាង​ខាង​លើ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ការ​ដំណើរការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ វីដេអូ​នេះ​ ពុំ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹងហេតុការណ៍​នៃ​ការ​រត់​ជាន់​គ្នា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ នោះ​ឡើយ​។​

YouTube Link | Archived Link

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Detik ផង​ដែរ​ កាល​ពី​ថ្ងៃទី​៣១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ សារព័ត៌មាន​ដដែល​​នេះ​ បាន​បញ្ជាក់​ជា​ភាសា​ឥណ្ឌូនេស៊ី​ថា រូបថត​ទាំង​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​រៀប​ចំ​ពិធី​បុណ្យ​ប្រពៃណី​ Calonarang​។

Detik News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ពិធី​បុណ្យ​ប្រពៃ​ណី​របស់​កោះ​បាលី​ ដែល​គេ​ហៅ​ឈ្មោះ​ថា​ “Calonarang”។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​វីដេអូ​ឃ្លីប​​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​សម្ដែង​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​របស់​ប្រជាជន​នៅ​លើ​​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​​ ហើយ​វា​មិន​មែន​ជា​ទិដ្ឋភាព​ហេតុការណ៍​រត់​ជាន់​គ្នា​ នៅ​កូរ៉េ​ខាង​ត្បូង​​ នា​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

Avatar

Title:​​ពិធីបុណ្យ​ប្រពៃណី​មួយ​នៅ​កោះ​បាលី​​មិន​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍ជាន់​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង​​ទេ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *