
កាលពីដើមខែនេះ អាជ្ញាធរមូលដ្ឋាននៅតាមស្រុកនានាបានចុះផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចុះបញ្ជីអាជីវកម្ម និងសិប្បកម្មក្រៅប្រព័ន្ធរបស់ពួកគេឱ្យបានមុនដាច់ខែនេះ។ បន្ទាប់មក ក៏មានវីដេអូមួយដែលបង្ហាញមនុស្សមួយក្រុមចុះផ្សព្វផ្សាយព័ត៌មាននៅតាមផ្សារនោះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ វីដេអូនេះទទួលបានការចែករំលែកបន្ត និងការបញ្ចេញមតិយ៉ាងច្រើនផុសផុល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា វីដេអូនេះ ត្រូវបានកាត់តឱ្យខុសពីខ្លឹមសារដើម។
ការអះអាងលើបណ្ដាញសង្គម
វីដេអូមួយមានរយៈពេលប្រហែល ៣នាទីកន្លះ ដែលបង្ហាញមនុស្សមួយក្រុមធ្វើដំណើរផ្សព្វផ្សាយឱ្យអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីអាជីវកម្មរបស់ខ្លួននោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។
វីដេអូនេះ ទទួលបានការចូលទស្សនារហូតដល់ជិត ២សែនដង ការចែករំលែកដល់ទៅជាង ២ពាន់ដង និងការបញ្ចេញមតិយោបល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «មន្ត្រីពន្ធដារបានប្ដេជ្ញាចិត្តក្នុងឆ្នាំ២០២៤នេះ ប្រមូលពន្ធឱ្យបានច្រើនជាងឆ្នាំ២០២៣ និយាយឱ្យងាយយល់ហៅថាវិធីច្របាច់…»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូក្បួនដង្ហែនេះ ត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គមដោយលោក សូ ណារ៉ូ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងមកអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមកនេះ។
លោក សូ ណារ៉ូ គឺជាអតីតអ្នករិះគន់រដ្ឋាភិបាលម្នាក់នៅឯក្រៅប្រទេស មុននឹងលោកត្រឡប់ចូលមកប្រទេសកម្ពុជា ក្រោយពីលោក ហ៊ុន សែន ទទួលយករូបលោក។ លោក ណារ៉ូ មានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅក្នុងជួរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាពេលសព្វថ្ងៃនេះ។
ទាក់ទងនឹងវីដេអូខាងលើ លោក សូ ណារ៉ូ បានរៀបរាប់ថា លោក និងក្រុមសកម្មជនបក្សកាន់អំណាច បានចុះណែនាំប្រជាពលរដ្ឋអំពីរបៀបគូសលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាកន្លងមកនេះ។
ខាងក្រោមនេះ គឺជាវីដេអូដើមទាំងស្រុងនៃការចុះឃោសនាបោះឆ្នោតរបស់លោក សូ ណារ៉ូ និងក្រុមសកម្មជនបក្សកាន់អំណាច ដែលលោកបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២១ ខែកក្កដា។
បន្ទាប់ពីរកឃើញវីដេអូដើមហើយ យើងក៏បានរកឃើញដែរនូវសំឡេងដើមដែលត្រូវបានកាត់តបញ្ចូលទៅលើវីដេអូដើមរបស់លោក សូ ណារ៉ូ។ សំឡេងដើមស្ថិតនៅជាមួយវីដេអូនៃការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ឱ្យម្ចាស់អាជីវកម្មក្រៅប្រព័ន្ធទៅចុះបញ្ជីអាជីវកម្មរបស់ខ្លួន។
វីដេអូផ្សព្វផ្សាយដែលមានរយៈពេល ៣នាទីកន្លះនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញាដោយទំព័រហ្វេសប៊ុកមួយ ដែលសរសេររៀបរាប់ថា នោះគឺជាសំឡេងផ្សព្វផ្សាយដោយអាជ្ញាធរស្រុកម៉ាឡៃ ឱ្យម្ចាស់អាជីវករ និងសិប្បករ ១១វិស័យ ចុះបញ្ជីអាជីវកម្ម និងសិប្បកម្មរបស់ពួកគេ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការផ្សព្វផ្សាយតាមម៉េក្រូរបស់អាជ្ញាធរមូលដ្ឋាននៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីសប្ដាហ៍មុន។
វីដេអូនៃការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុកម៉ាឡៃនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតយកទៅបង្ហោះផងដែរ។ សូមមើលវីដេអូទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងវីដេអូដែលត្រូវបានកាត់តដូចដែលត្រូវបានរៀបរាប់ខាងលើ និងវីដេអូច្បាប់ដើមដែលយើងបានរកឃើញនៅលើបណ្ដាញសង្គម។
កាលពីដើមខែកញ្ញានេះ អាជ្ញាធរមូលដ្ឋាននៅស្រុកនានា បានចាប់ផ្ដើមផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចុះបញ្ជីអាជីវកម្មរបស់ពួកគេ ដែលជាផ្នែកមួយនៃការបង្កើនការប្រមូលពន្ធរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យផ្អាកដំណើរការចុះបញ្ជីអាជីវកម្មក្រៅប្រព័ន្ធនេះ ដោយបញ្ជាក់ថា ត្រូវការរៀបចំគោលនយោបាយសម្រាប់អាជីវកម្មប្រភេទនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញមនុស្សមួយក្រុមធំដើរតាមទីប្រជុំជនមួយកន្លែងនេះ មិនមែនជាក្រុមមន្ត្រីពន្ធដារចុះផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្ម និងសិប្បកម្មទៅចុះបញ្ជីអាជីវកម្ម និងសិប្បកម្មរបស់ពួកគេនោះឡើយ។ វីដេអូដើម បង្ហាញលោក សូ ណារ៉ូ និងក្រុមសកម្មជនបក្សកាន់អំណាច ដើរឃោសនារកការគាំទ្រពីប្រជាពលរដ្ឋអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្កដាកន្លងមកនេះ។

Title:សំឡេងផ្សព្វផ្សាយចុះបញ្ជីអាជីវកម្មត្រូវបានកាត់តបន្ថែមលើវីដេអូឃោសនាបោះឆ្នោត
Written By: Jay UdomResult: Altered
