វីដេអូ AI ត្រូវ​បាន​អះអាង​ថា​ជា​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​ក្រុង Los Angeles

False International

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​សង្កាត់​ដ៏​ល្បី​មួយ​នៅ​ទីក្រុង Los Angeles កាល​ពី​ដើម​ខែ​នេះ​មក វីដេអូ​មួយ​ដែល​ងបង្ហាញ​ភ្លើង​ឆាប​ឆេះ​ដ៏​សន្ធោ​សន្ធៅ ត្រូវ​បាន​គេ​អះអាង​ថា ជា​ទិដ្ឋភាព​នៃ​ភ្លើង​ឆាប​ឆេះ​ទីក្រុង Los Angeles។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​ដែល​បង្ហាញ​ភ្លើង​ឆាប​ឆេះ​ដ៏​សន្ធោ​សន្ធៅ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​បំផ្លិច​បំផ្លាញ​សង្កាត់​ជាច្រើន​នៅ​ទីក្រុង Los Angeles ស្ថិត​ក្នុង​រដ្ឋ​ California របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ខែ​នេះ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា ដែលបង្ហាញ​អារម្មណ៍​តក់​ស្លុត​ក្រោយ​ពី​បាន​មើល​វីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៥ ដែល​សរសេរ​រៀបរាប់​ថា “ព្រះ​អើយ​ដូច​ភ្លើង​ឆេះ​កាល USA fire at Los Angeles and LA mountain បន្ទាប់​ពី​ឆេះ​នៅ Los Angeles county អស់​រយៈ​ពេល ១០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥មក។ ឥឡូវ​នេះ ថ្ងៃ​ទី​២២ មករា ២០២៥ វេលា​ម៉ោង​ប្រហែល ១០:៥៣​នាទី បាន​ឆាប​ឆេះ​នៅ​ភ្នំ La ចម្ងាយ​៨០​គីឡូ​ម៉ែត្រ នៅ​ផ្នែក​ខាង​ជើង​នៃ Los Angeles county មាន​មនុស្ស​ជាង ៣​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ភ្នំ La […]”។

Facebook Post | Archived Link

ការ​អះអាង​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែ​កចាយ​បន្ត​គ្នា​កាន់​តែ​ច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ដូច​គ្នា​ទាំង​ស្រុង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន។

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ ដោយ​ភ្ជាប់​មក​ជាមួយ​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ថា វា​ជា​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​នៅ​ទីក្រុង Los Angeles របស់​សហរដ្ឋ​អាមេរិក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram កាល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “The fires in Los Angeles continue”។

Instagram Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នេះ​ជាច្រើន​ជឿ​ថា វា​ជា​វីដេអូ​ពិត​ប្រាកដ​នៃ​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​នៅ​ទីក្រុង​ Los Angeles។

@andar_jeng88

kebakaran Dahsyat di Los Angles sepanjang sejarah #CapCut #fypシ゚ #tahun2025

♬ suara asli – andar_jeng – andar_jeng

TikTok Post | Archived Link

ដោយសារ​តែ​ការ​អះអាង​នេះ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​ស្វែង​រក​ការ​អះអាង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វីដេអូ​នេះ យើង​អាច​កត់​សម្គាល់​នូវ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​បង្ហាញ​ថា វីដេអូ​នេះ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​ហេតុការណ៍​ភ្លើង​ឆាប់​ឆេះ​សង្កាត់​មួយ​នៃ​ទីក្រុង Los Angeles នៅ​ក្នុង​រដ្ឋ California នោះ​ឡើយ។

ចំណុច​មិន​ប្រក្រតី​មួយ​នៅ​ក្នុង​ចំណោម​នោះ គឺ​រូបភាព​រថយន្ត​ដែលបាន​ប្រែ​ប្រួល​រូប​រាង​ទៅ​ជា​អ្វី​ផ្សេង​វិញ ឬ​ក៏​បាត់​ទាំង​ស្រុង​ពី​គន្លង​ផ្លូវ​ឡោម​ព័ទ្ធ​ដោយ​ភ្លើង​ឆាបឆេះ។

ជាង​នេះ​ទៀត លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ដោយ​​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត បង្ហាញ​ថា ទាំង​រូបភាព និង​សំឡេង​នៃ​វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត។

ខាង​ក្រោម​នេះ គឺ​ជា​លទ្ធផល​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា AI ដែល​វាយ​តម្លៃ​ជារួម​ថា វីដេអូមួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត។

ក្រៅ​ពី​ការ​វាយ​តម្លៃ​ខាង​លើ​នេះ ការ​វាយ​តម្លៃ​ដោយ​ឧបករណ៍​វិភាគ​មាតិកា AI មួយ​ទៀត ក៏​បង្ហាញ​នូវ​សន្ទស្សន៍​រហូត​ដល់ ៩៩​ភាគរយ ដែល​មានន័យ​ថា រូបភាព​នៃ​វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​វាយ​តម្លៃ​ដោយ​វេបសាយ​ SightEngine ដែល​ជា​ឧបករណ៍​វិភាគ​មាតិកា​បង្កើត​ឡើង​ដោយ AI។

វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នេះ ក៏ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​ដទៃ​ទៀត ដូចជា AFP Fact Check និង News Meter ផ្ទៀង​ផ្ទាត់​ផង​ដែរ ហើយ​វាយ​តម្លៃ​ថា វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ មិន​មែន​ជា​រូបភាព​ជាក់​ស្ដែង​នៃ​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​ទីក្រុង Los Angeles នោះ​ឡើយ។ វីដេអូ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត​ (AI)។

Avatar

Title:វីដេអូ AI ត្រូវ​បាន​អះអាង​ថា​ជា​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​ក្រុង Los Angeles

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *