Fact-Check: រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

Green Misleading

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​ធ្លាប់​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួយ​គាំពារ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។

បន្ទាប់​ពី​ស្ថានទូត​អាមេរិក​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​សម្រេច​បែប​នេះ ព័ត៌មាន​ រូបថត និង​រូបភាព​ជាច្រើន ដែល​និយាយ​អំពី​ព្រៃឡង់ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។

ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​​ដ៏​ធំ​ល្វឹង​ល្វើយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​​សង្គម​ជាមួយ​សំណេរ​ថា «ព្រៃឡង់​ពី​មុន» និង «ព្រៃឡង់​ពេល​នេះ»។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​​រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ បាន​​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​ផ្ដាច់​ជំនួយ​របស់​អាមេរិក​សម្រាប់​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ការពារ​ព្រៃឡង់ ដែល​ជា​តំបន់​ការពារ​គម្រប់​ព្រៃឈើ​ដ៏​ធំ​មួយ​របស់​កម្ពុជា។

ភ្ជាប់​ជាមួយ​សារ​នេះ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​រូបថត​មួយ​ផ្ទាំង​មាន​ពីរ​ផ្នែក​ជាប់​គ្នា​ផង​ដែរ ដែល​ផ្នែក​ខាង​លើ​បង្ហាញ​ទិដ្ឋភាព​គម្រប់​ព្រៃឈើ​បៃតង ហើយ​ផ្នែក​ខាង​ក្រោម​បង្ហាញ​នូវ​វាល​ល្វឹង​ល្វើយ​ត្រូវ​បាន​​ឈូស​ឆាយ​។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​ និង​មាន​ការ​បញ្ចេញ​ប្រតិម្ម និង​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នេះ សរសេរ​រៀបរាប់​ថា «ហេតុ​ផល​ទាំង​នេះ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ដក​ជំនួយ​ពី​កម្ពុជា ដែល​ជួយ​ផ្នែក​ការពារ​ព្រៃឡង់។ ជំនួយ​ដែល​សហរដ្ឋ​អាមេរិក​ជួយ​រាល់​ឆ្នាំ​ក៏​អស់ ព្រៃឈើ​ក៏​រលាយ ដូច្នេះ​ទើប​គេ​ដក​ជំនួយ ឈប់​ជួយ​ត​ទៅ​ទៀត»។

ចំណែក​រូបថត​វិញ បាន​ភ្ជាប់​ជាមួយ​សំនេរ​​នៅ​លើ​រូបថត​ដែល​​សរសេរ​ថា «ព្រៃឡង់​ពី​មុន» និង​«ព្រៃឡង់​ពេល​នេះ»។

Facebook Post | Archived Link

ចំណែក​ឯង​ទំព័រ​ហ្វេសប៊ុក​របស់​​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ដែរ​ជាមួយ​សំណេរ​ពាក់​ព័ន្ធ​នឹង​ការ​កាត់​ផ្ដាច់​ជំនួយ​របស់​អាមេរិក​ពី​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​តំបន់​ព្រៃឡង់​។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ យើង​បាន​ពិនិត្យ​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ហើយ​សម្រាប់​ការ​ត្រួត​ពិនិត្យ​រូបថត​មួយ​សន្លឹក​នេះវិញ Fact Crescendo Cambodia បាន​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ឈាន​ទៅ​ជួប​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

ក្នុង​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពិត​ជា​បាន​ប្រកាស​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ ដែល​ខ្លួន​បាន​ផ្ដល់​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​គាំ​ទ្រ​ដល់​កិច្ខ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​ព្រៃឡង់។

សម្រាប់​ហេតុផល​នៃ​ការ​សម្រេច​បែប​នេះ ស្ថានទូត​អាមេរិក​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួនថា បាន​កើតឡើង បន្ទាប់​ពី​មើល​ឃើញ​កំណើន​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ការពារ​ធម្មជាតិ​មួយ​នេះ និង​ការ​ទុក្ខ​បុកម្មេញ​ទៅ​លើ​សហគមន៍​មូលដ្ឋាន សកម្មជន​ និង​សង្គម​​ស៊ីវិល​ការពារ​បរិស្ថាន។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​ជាមួយ​រូបថត​មួយ​សន្លឹក​ផង​ដែរ ដែល​រូបថត​នេះ​ ត្រូវ​បាន​បិទ​ភ្ជាប់​ជាមួយ​ផ្នែក​ខាង​លើ​នៃ​រូបថត​ដូច​បាន​រៀបរាប់​ខាង​លើ​រួច​មកហើយ។

U.S. Embassy Press Release | Archived Link

ទោះជាយ៉ាងណា រូបថត​មួយ​សន្លឹក​នេះ ដែល​ត្រូវ​បាន​បង្ហោះ​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​រក​ឃើញ​ថា មិន​មែន​ជា​ទិដ្ឋភាព​នៃ​តំបន់​ព្រៃ​ឡង់​របស់​កម្ពុជា​នោះ​ទេ ក្រោយ​ពី​ការ​ផ្ទៀង​ផ្ទាត់​តាម​រយៈ​កម្មវិធី Google Reverse Image។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​ការ​ឈូស​ឆាយ​ព្រៃឈើ​ដ៏​ធំ​ល្វឹង​ល្វើយ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៤ ដោយ​​គេហទំព័រ​ព័ត៌មាន​ National Geographic (NAT GEO TV) ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អំពី​ជីវិត និង​ធម្មជាតិ​ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «Endangered Orangutans Gain From Eco-Friendly Shifts in Palm Oil Market» ឬ​ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ការ​ផ្លាស់​ប្ដូរ​ទីផ្សារ​ប្រេង​ឆា​ទៅ​រក​លក្ខណៈ​មេត្រីភាព​បរិស្ថាន ជួយ​ថែ​រក្សា​ស្វា​អូរ៉ង់អ៊ូតង់​ដែល​ប្រឈម​នឹង​ការ​បាត់​បង់»។

National Geographic’s Report | Archived Link

នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក National Geographic បាន​បង្ហាញ​នូវ​រូបថត​នៃ​ការ​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​វាត​ទី​ធ្វើ​ជា​ចម្ការ​ដូង​ប្រេង​នៅ​លើ​កោះ​បូនេអូ (Borneo) ជា​ដែន​ដី​កោះ​ប្រសព្វ​គ្នា​រវាង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ព្រុយណេ ហើយ​ក៏​ជា​ដែន​ជម្រក​សត្វ​ស្វា​អម្បូរ​អូរ៉ង់អ៊ូតង់​ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ National Geographic បាន​​បញ្ជាក់​ផង​ដែរ​ថា រូបថត​នេះ​ថត​ដោយ​លោក Mattias Klum ជា​អ្នក​ថតរូប និង​ថត​វីដេអូ​​​​ឈាន​មុខ​មួយ​​រូប​​នៃ​ប្រទេស​ស៊ុយអែត ដែល​ផ្ដោត​លើ​រូបថត​ពី​ជីវិត និងធម្មជាតិ។

National Geographic’s Report | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​អត្ថបទ​​ព័ត៌មាន​មួយ​ទៀត​របស់ National Geographic កាល​ពីថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​កន្លង​មក ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «Can Borneo’s Tribes Survive ‘Biggest Environmental Crime of Our Times’?» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរថា «តើ​កុលសម្ព័ន្ធ​នៅ​លើ​កោះ​បរនេអូ​អាច​រស់រាន​មាន​ជីវិត​​នៅ​ឧក្រិដ្ឋកម្ម​បរិស្ថាន​ធំ​បំផុត​នៃ​ពេល​វេលា​របស់​យើង​ឬទេ?»។

គេហទំព័រ​ព័ត៌មាន National Geographic ​បាន​រៀបរាប់​លើ​រូបថត​មួយ​សន្លឹក​នេះ «ព្រៃ​ឈើ​រង​ទឹក​ភ្លៀង​អាយុ​កាល​យូរ​អង្វែង​មក​ហើយ ផ្ដល់​ជា​ដី​សម្រាប់​ចម្ការ​ដូង​ប្រេង​ និង​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់ ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ពីរ​របស់​ម៉ាឡេស៊ី​នៅ​លើ​កោះ​បរនេអូ។ ជាង​ ៩០​ភាគរយ​នៃ​ព្រៃ​ឈើ​ដ៏​ចម្បង​នៅ​លើ​កោះ​បរនេអូ ត្រូវ​បាន​បំផ្លាញ»។

National Geographic’s Report | Archived Link

បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានប្រកាស​ពី​ការ​កាត់​ផ្ដាច់​ជំនួយ​ដែល​ខ្លួន​បាន​ផ្ដល់​ទៅ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​គាំ​ទ្រដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើ​តំបន់​ព្រៃឡង់​នោះ អ្នក​ប្រើ​បណ្ដាញ​សង្គម ក៏​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវ​ការ​កាប់​ព្រៃឈើ​ផង​ដែរ​កាល​ពី​សប្ដាហ៍​មុន ហើយ​​អះ​អាង​ថា ជា​វិនាសកម្ម​ព្រៃឈើ​កើត​ឡើង​នៅ​តំបន់​ព្រៃឡង់​របស់​កម្ពុជា។

ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​វិនាសកម្ម​ព្រៃឈើ​កើត​ឡើង​នៅ​តំបន់​ព្រៃឡង់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​រូបថត​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា។

សូម​មើល​អត្ថបទ​ដែល​ Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​​មុន​នៅ​ទី​នេះ

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ភ្ជាប់​ជាមួយ​សំណេរ​ដូច​បាន​រៀប​រាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​នូវ​ទិដ្ឋភាព​នៃការ​ទន្ទ្រាន​ព្រៃឈើ​សម្រាប់​យក​ដី​ធ្វើ​ជា​ចម្ការ​ដូង​ប្រេង និង​ផ្លូវ​នៅ​លើ​កោះ​បរនេអូ ប្រទេស​ម៉ាឡេស៊ី។

Avatar

Title:រូបថត​ឈូស​ឆាយ​ព្រៃ​ឈើ​​សម្រាប់​ចម្ការ​ដូង​ប្រេង​នៅ​ម៉ាឡេស៊ី​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​​វិនាសកម្ម​ព្រៃឈើ​នៅ​ព្រៃឡង់

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *