
កោះត្រល់ជាភាសាខ្មែរ ឬកោះភូកុកជាភាសាវៀតណាម គឺជាប្រធានបទនៃការជជែក និងការចែករំលែកជារឿយៗនៅលើបណ្ដាញសង្គមពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកនៃកោះមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាកោះត្រល់ ហើយត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញនូវកោះដ៏ស្រស់ស្អាតមួយនៅឯកណ្ដាលសមុទ្រ។ រូបថតនេះ បានភ្ជាប់ជាមួយសំណេរនៅលើរូបថតនោះថា «កោះត្រល់»។ រូបថតនេះនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «កោះត្រល់ជាកោះរបស់ខ្មែរ ទោះបីយួន[វៀតណាម]ខំអភិវឌ្ឍយ៉ាងណា ក៏មិនប្រាកដថាដើម្បីកូនចៅយួនជំនាន់ក្រោយឡើយ វាអាចនឹងអភិវឌ្ឍទុកអោយកូនចៅខ្មែរជំនាន់ក្រោយៗអាចសមជាង ព្រោះអ្នកដឹកនាំខ្មែរក្រោយៗគេនឹងទាមទារយកមកវិញ តាមច្បាប់អន្តរជាតិ ដែលមើលទៅគឺឃើញថា យើងមានប្រៀបស្ទើរតែ១០០%ទៅហើយ នេះប្រសិនមានមេដឹកនាំជំនាន់ក្រោយជាមនុស្សដែលមានឆន្ទៈ និងមនសិការជាខ្មែរ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការលើកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យឃើញរូបថតដូចគ្នានេះជាច្រើនទៀត និងព័ត៌មានលម្អិតនៃរូបថតនេះ។
រូបថតដូចគ្នាទាំងស្រុង ត្រូវបានរកឃើញនៅលើគេហទំព័រ photos.com ដែលជាគេហទំព័រក្រុមហ៊ុនសោទស្សន៍អាមេរិក-អង់គ្លេស Getty Images Inc.។
កោះណាងយួននៅទីណា?
កោះណាងយួន (Koh Nanyuan) គឺជាកូនកោះតូចចំនួន២ ចុងខាងជើងនៃកោះតៅ (Koh Tao) ស្ថិតនៅក្នុងឈូងសមុទ្រថៃ នៅភាគខាងត្បូងនៃប្រទេសថៃ។
Tourismthailand.org | Archived Link
កោះតៅ និងកោះណាងយួនរួមបញ្ចូលគ្នាមានផ្ទៃដី ២១គីឡូម៉ែត្រការ៉េ និងស្ថិតនៅក្រោមរដ្ឋបាលគ្រប់គ្រង នៃស្រុកផះង៉ាន ក្នុងខេត្តសុរ៉ាត់ថានី។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពនៃកោះត្រល់នោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពនៃកោះណាងយួន ស្ថិតនៅក្នុងខេត្តសុរ៉ាត់ថានី ភាគខាងត្បូងនៃប្រទេសថៃ។

Title:រូបថតកោះណាងយួនរបស់ថៃត្រូវបានអះអាងថាជាកោះត្រល
Fact Check By: Jay UdomResult: False
