
ខណៈដែលការបោះឆ្នោតសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលពីរឆ្នាំទៀតនោះ ការវាយប្រហារគ្នាខាងនយោបាយ បានកើតឡើងជាបន្តបន្ទាប់រវាងគណបក្សនយោបាយនានានៅកម្ពុជា។ ក្នុងចំណោមនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានបង្ហោះរូបថតក្មេងស្រីម្នាក់កាន់បដារមួយផ្ទាំងដែលសរសេរថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គឺជាគណបក្សរបស់វៀតណាម។
រូបថតរួមជាមួយផ្ទាំងបដារមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា រូបថតក្មេងស្រីនោះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្ដាញសង្គម។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតក្មេងស្រីម្នាក់ ដែលកាន់បដារសរសេរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនៅកម្ពុជា គឺជាគណបក្សរបស់ប្រទេសវៀតណាម។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញមតិផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ ដែលបង្ហាញក្មេងស្រីម្នាក់កាន់បដារមានសំណេរថា «គណបក្សប្រជាជនជាគណបក្សផស់[របស់]វៀតណាម»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតដូចគ្នាទាំងស្រុង និងខ្លឹមសារនៃបដារមួយផ្ទាំងនោះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគេហទំព័រដើមរបស់សមាគមគាំទ្រប្រជាធិបតេយ្យ (Democracy Supporters Association) ហៅកាត់ថា DSA ។ រូបថតមួយសន្លឹកនេះ បង្ហាញកុមារីម្នាក់កានបដារដែលមានសំណេរថា «សង្គ្រោះកោះកុងក្រៅជាភារកិច្ចរបស់យើងទាំងអស់គ្នា! ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិការពារវា!»។
ព័ត៌មានលម្អិតបន្ថែមអំពីកុមារីរូបនេះ មិនត្រូវបានគេដឹងនោះឡើយ ប៉ុន្តែ សំណេរលើបដារនេះ បង្ហាញពីការចូលរួមតាមប្រព័ន្ធអ៊ិនធឹណិតនៅក្នុងយុទ្ធនាការមួយដើម្បីសង្គ្រោះកោះកុងក្រៅ ដែលយុទ្ធនាការនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមយុវជនបរិស្ថានមួយក្រុមកាលពីខែមិថុនាឆ្នាំ២០២០កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត មុននឹងត្រូវបានបង្ហោះលើបណ្ដាញសង្គម។ កុមារីក្នុងរូបថតនេះ មិនបានកាន់បដារមានសំណេរដូចរៀបរាប់ខាងលើនោះឡើយ។ រូបថតច្បាប់ដើម បង្ហាញកុមារីរូបនេះកាន់បដារមានសំណេរចូលរួមក្នុងយុទ្ធនាការសង្គ្រោះកោះកុងក្រៅ ដែលក្រុមយុវជនស្រឡាញ់បរិស្ថានបានផ្ដួចផ្ដើមកាលពីខែមិថុនា ឆ្នាំ២០២០កន្លងមក។

Title:តើក្មេងស្រីក្នុងរូបថតនេះកាន់ផ្ទាំងបដារមានសំណេរបែបនេះមែនឬទេ?
Fact Check By: Jay UdomResult: Altered
