Fact-Check: តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

Altered Political

ខណៈ​ដែល​ការ​បោះ​ឆ្នោត​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​នោះ ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រវាង​គណបក្ស​នយោបាយ​នានា​នៅ​កម្ពុជា។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មួយ​ផ្ទាំង​ដែល​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ គឺ​ជា​គណបក្ស​របស់​វៀតណាម។

រូបថត​រួម​ជាមួយ​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ​្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​ក្មេង​ស្រី​នោះ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ក្មេង​ស្រី​ម្នាក់ ដែល​កាន់​បដារ​សរសេរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា គឺ​ជា​គណបក្ស​របស់​ប្រទេស​វៀតណាម។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​កាន់​បដារ​មាន​សំណេរ​ថា «គណ​បក្ស​ប្រជាជន​ជា​គណបក្ស​ផស់​[របស់]វៀតណាម»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​ទាំង​ស្រុង និងខ្លឹមសារ​នៃ​បដារ​មួយ​ផ្ទាំង​នោះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ដើម​របស់​​សមាគម​គាំ​ទ្រ​ប្រជាធិបតេយ្យ (Democracy Supporters Association) ហៅ​កាត់​ថា DSA ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​កុមារី​ម្នាក​់​កាន​បដារ​ដែល​មាន​សំណេរ​ថា «សង្គ្រោះ​កោះ​កុង​ក្រៅ​ជា​ភារកិច្ច​របស់​យើង​ទាំង​អស់​គ្នា​! ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ការពារ​វា!»។

DSACambodia | Archived Link

ព័ត៌មាន​លម្អិត​បន្ថែម​អំពី​កុមារី​រូប​នេះ មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ឡើយ ប៉ុន្តែ សំណេរ​លើ​បដារ​នេះ បង្ហាញ​ពី​ការ​ចូលរួម​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​នៅ​ក្នុង​យុទ្ធនាការ​មួយ​ដើម្បី​សង្គ្រោះ​កោះ​កុង​ក្រៅ ដែល​យុទ្ធនាការ​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ក្រុម​យុវជន​បរិស្ថាន​មួយ​ក្រុម​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២០​កន្លង​មក។

RFA | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត មុន​នឹង​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ កុមារី​ក្នុង​រូបថត​នេះ មិន​បាន​កាន់​បដារ​មាន​សំណេរ​ដូច​រៀប​រាប់​ខាង​លើ​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​កុមារី​រូប​នេះ​កាន់​បដារ​មាន​សំណេរ​​ចូលរួម​ក្នុង​យុទ្ធនាការ​សង្គ្រោះ​កោះ​កុង​ក្រៅ ដែល​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​​បាន​ផ្ដួច​ផ្ដើម​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:តើ​ក្មេង​ស្រី​ក្នុង​រូបថត​នេះ​កាន់​ផ្ទាំង​បដារ​មាន​សំណេរ​បែប​នេះ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.