បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។

រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​-កម្មការិនី​តក់​ស្លុត ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ»​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៣។

Facebook Post | Archived Link

រូបភាព​ជាមួយ​សំណេរ​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​នៅ​ក្នុង Google Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

អត្ថបទ​ព័ត៌មាន​ដែ​លមាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-កម្មការិនី​​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​មក​ដោយ​គេហទំព័រ​ទស្សនាវដ្ដី​​ប្រជាប្រិយ

ខ្លឹមសារ​ទាំង​ស្រុង​នៃ​អត្ថបទ​ព័ត៌មាន​មួយ​នេះ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​មក​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​កុំ​ឱ្យ​ជ្រួល​ច្របល់​ នៅ​ពេល​រោងចក្រ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​នៅ​ក្នុង​ខែ​មីនា​ក្នុង​ឆ្នាំ​នោះ។

លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​កម្មករ​កម្មការិនី​កាត់ដេរ​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ក្នុង​ខែ​មីនា​ក្នុង​ឆ្នាំ​នោះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ចិន ដែល​ប៉ះ​ពាល់​ដល់​ដំណើរការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​មក​កាន់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ សូម​អាន​អត្ថបទ​ព័ត៌មាន​ទាំង​ស្រុង​នៅ​ទីនេះ

Popular Magazine | Archived Link

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រសាសន៍​ទាំង​ស្រុង​របស់​លោក​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ​២ និង​លេខ២២ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដែល​ផ្សាយ​ដោយ Fresh News នៅ​លើ​បណ្ដាញ​ YouTube។

សហភាព​អឺរ៉ុប EU បាន​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ ២០​ភាគរយ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​មក ដែល​ការ​សម្រេច​បែប​នេះ កើត​ឡើង​ក្រោយ​ពី​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។

ទោះជាយ៉ាងណា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​សម្រេច​បង់​ពន្ធ ២០​ភាគរយ​លើ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​បង្ហោះ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ចំណង​អត្ថបទ​ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​​ជាង ៣​ឆ្នាំ​មុនដោយ​គេហទំព័រ​ទស្សនាវដ្ដី​ប្រជា​ប្រិយញ។ អត្ថបទ​ព័ត៌មាន​មួយ​នេះ បាន​ដក​ស្រង់​សម្ដី​លោក ហ៊ុន សែន ដែល​អំពាវ​នាវ​ទៅ​កម្មករ​កម្មការិនី​កាត់ដេរ​កុំ​ឱ្យ​ជ្រួល​ច្របល់​នៅ​ពេល​រោងចក្រ​កាត់ដេរ​មួយ​ចំនួន ត្រូវ​បាន​បិទ​ទ្វារ​នៅ​ក្នុង​ខែ​មីនា​ក្នុង​ឆ្នាំ​នោះ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។

Avatar

Title:ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

Written By: Jay Udom

Result: Missing Context