
ការចេញសេចក្តីប្រកាសព័ត៌មានស្តីពីការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីសប្តាហ៍មុន បានធ្វើឲ្យមានប្រតិកម្ម និងការជជែកវែកញែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុល អំពីបញ្ហាដែលទាក់ទងទៅនឹងការចម្លងរចនាបថរបស់ប្រាសាទអង្គរវត្ត។
ទន្ទឹមនឹងនេះ មានរូបថតជាច្រើនសន្លឹកបង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្ត ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថា ត្រូវបានថតឡើងនៅក្នុងឆ្នាំ១៧៦៧។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបថតចំនួន ៦សន្លឹកទៅក្នុងក្រុមមួយមានឈ្មោះថា ព័ត៌មាន២៤ម៉ោង ដែលបានបង្ហាញអំពីទិដ្ឋភាពរូបថតនារីរាំរបាំ ប្រាសាទអង្គរវត្តថតពីលើផ្ទៃអាកាស ព្រមទាំងរូបថតអ្នកធ្វើដំណើរតាមទោចក្រយានផងដែរ។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានអះអាងនៅក្នុងសំណេររបស់ខ្លួនថា រូបថតទាំងនេះ គឺជាប្រាសាទអង្គរវត្តក្នុងឆ្នាំ១៧៦៧។
រូបថតទាំងប្រាំមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនដង។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «រូបភាពកម្រ ស៊ែរ១ អង្គរវត្តកាលពីឆ្នាំ១៧៦៧»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹក បង្ហាញអំពីនារីរាំរបាំម្នាក់ឈរនៅចំពីមុខប្រាសាទអង្គរវត្ត ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Pinterest ដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុង។ រូបភាពផ្តាមចេញពីគេហទំព័រ ដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «We had a chance to uncover a real gold mine of historical 18th and 19th century pictures from Cambodia…» ប្រែជាភាសាខ្មែរមានន័យថា «យើងមានឱកាសដែលបានប្រទះ និងរកឃើញរូបថតប្រវតិ្តសាស្ត្រពីប្រទេសកម្ពុជាក្នុងអំឡុងសតវត្សទី១៨ និងទី១៩…»។
Pinterest Link | Archived Link
តាមរយៈគេហទំព័រ Siem Reap ក៏បានបង្ហោះ និងផ្សព្វផ្សាយផងដែរកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានបង្ហាញអំពីទិដ្ឋភាពប្រាសាទអង្គរវត្តពីលើផ្ទៃអាកាស។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ថា រូបថតមួយសន្លឹកនេះ ត្រូវបានថតផ្តិតឡើងក្នុងអំឡុងឆ្នាំ១៩២០ ទៅ១៩៣០។
រូបភាពផ្តាមចេញពីគេហទំព័រ ដែលបានបង្ហាញអំពីទិដ្ឋភាពសំណង់ប្រាសាទអង្គរវត្តពីលើផ្ទៃអាកាស។
Siem Reap Link | Archived Link
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ ទំព័រហ្វេសប៊ុក Khmerism Times បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពស្ត្រីជនបរទេសម្នាក់កំពុងតែអង្គុយនៅលើទោចក្រយានដែលថតនៅចំមុខប្រាសាទអង្គរវត្ត។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ផងថា ទិដ្ឋភាពមួយនេះ គឺថតឡើងនៅក្នុងអំឡុងឆ្នាំ១៩៣០។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស «The first bicycle transportation in front of Angkor wat temple during 1930» ឬប្រែជាភាសាខ្មែរថា «ការដឹកជញ្ជូនតាមកង់ ឬទោចក្រយានលើកដំបូង ដែលបានថតឡើងនៅមុខប្រាសាទអង្គរវត្តអំឡុងឆ្នាំ ១៩៣០»។
តើសន្លឹករូបថតដំបូងបង្អស់ត្រូវបានថតឡើងតាំងពីឆ្នាំណាមក?
សន្លឹករូបថតដំបូងបង្អស់ត្រូវបានរកឃើញឡើងនៅក្នុងឆ្នាំ១៨២៦ ដែលរូបថតមួយសន្លឹកនេះ គឺត្រូវបានថតឡើងដោយលោក Joseph Nicéphore Niépce។ លោក Joseph Nicéphore Niépce គឺជាជនជាតិបារាំង ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកច្នៃប្រឌិតខាងថតរូប និងជាអ្នកត្រួសត្រាយនៅក្នុងវិស័យមួយនេះផងដែរ។
រូបភាពផ្តាមចេញពីគេហទំព័រ បង្ហាញអំពីទិដ្ឋភាពរូបថតសន្លឹកដំបូងបង្អស់ដែលត្រូវបានថតឡើងក្នុងអំឡុងឆ្នាំ១៨២៦។
PetaPixel Link | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតជាមួយនឹងការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតខាងលើនោះ មិនមែនជាទិដ្ឋភាពដែលត្រូវបានគេថតផ្តិតឡើងក្នុងអំឡុងឆ្នាំ១៧៦៧នោះទេ។ ការពិតរូបថតទាំងនេះ ត្រូវបានថតផ្តិតឡើងនៅអំឡុងឆ្នាំ១៩២០ និង១៩៣០ ខណៈពេលដែលរូបថតសន្លឹកដំបូងបង្អស់នៅក្នុងសកលលោក ត្រូវបានគេរកឃើញនៅឆ្នាំ១៨២៦។

Title:តើទាំងនេះគឺជាទិដ្ឋភាពប្រាសាទអង្គរវត្តអំឡុងឆ្នាំ១៧៦៧មែនដែរឬទេ?
Fact Check By: Kakada SimResult: False
