Fact-Check: តើ​ក្នុង​វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បង្ក្រាប​ក្រុម​បាតុករ​មែន​ឬទេ?

False International

កាល​ពី​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ សំណើ​ច្បាប់​មួយ​ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ជាង ៣​នាទី​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មន្ត្រី​ប៉ូលិស​អាមេរិក​បាន​វាយ​ដំ​ទៅ​លើ​ក្រុម​បាតុករ​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​និយាយ​រិះ​គន់ ឬ​ថ្កោល​ទោស​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ៣​នាទី ដែល​បង្ហាញ​​មនុស្ស​ស្បែក​ស​មួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ដូច​ជា​សន្តិសុខ បាន​វាយ​ដំ​ទៅ​លើ​​មនុស្ស​មួយ​ក្រុម​មាន​សម្បុរ​ខ្មៅ។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​វីដេអូ​នោះ គឺ​ជា​ការ​បង្ក្រាប​«ដូច​សត្វ​ធាតុ»របស់​ក្រុម​សន្តិសុខ​អាមេរិក ទៅ​លើ​ក្រុម​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ណា ថ្កោល​ទោស ឬ​រិះគន់​ទៅ​លើ​ទង្វើ​នេះ​ឡើយ។

វីដេអូ​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង​ប្រាំ​ពាន់​​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «USA៖ ដល់​ក​ហើយ​សមត្ថកិច្ច​ស្រុក​អាគាំង[សហរដ្ឋ​អាមេរិក]​វ៉ៃ​[វាយ]​ពួក​បាតុកម្មក​ដូច​សត្វ​ធាតុ អត់​ឃើញ​ក្បាល​ពួក​អង្គការ​សិទ្ធិ​មនុស្ស​វា​និយាយ​សោះ បើ​សិន​ជា​ខ្មែរ​វិញ​បែប​នេះ វា​និយាយ​មួយ​ថ្ងៃ​យ៉ាង​តិច​១​ពាន់​ដង»។

https://www.facebook.com/lokbong.sp/posts/2501638520088196

Facebook Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​វីដេអូ​ដូច​គ្នា​នេះ និង​ព័ត៌មាន​ជាក់​លាក់​អំពី​ហេតុការណ៍​នេះ​ផងដែរ។

ឃ្លីប​វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ដែល​រាយការណ៍​ដោយ​សារព័ត៌មាន​នានានៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២០​កន្លងម​ក​នេះ។

នៅ​ក្នុង​អត្ថបទ​មួយ​​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២០ ​គេហ​សារព័ត៌មាន NJ.COM ដែល​ជា​សារព័ត៌មាន​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា មនុស្ស ៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៅ​ទីក្រុង Jersey City ស្ថិត​ក្នុង​រដ្ឋ New Jersey ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ដោយ​ប៉ូលិស​បាន​ប្រើ​ប្រាស់​​ស្ព្រាយ​ម្រេច និង​ដំបង​ឆក់។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ ប្រតិបត្តិការ​របស់​ប៉ូលិស​នៅ​ទីក្រុង Jersey City បាន​កើត​ឡើង​បន្ទាប់​ពី​ការវាយ​តប់​គ្នា​មួយ​​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដង​ផ្លូវ ដោយ​ដំបូង​ឡើយ​មាន​មនុស្ស​ត្រឹម​តែ ២០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មនុស្ស​រហូត​ដល់​ប្រហែល​១០០​នាក់ បាន​ចូល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ​នោះ​។

នាយ​​សុវត្ថិភាព​សាធារណៈ​ទីក្រុង Jersey City លោក Jim Shea ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា មន្ត្រី​ប៉ូលិស​របស់​លោក បាន​ស្នើ​សុំ​កម្លាំង​ជំនួយ​ បន្ទាប់​ពី​ជន​ស៊ីវិល​ម្នាក់ បាន​ទាញ​ខ្សែ​ក្រវ៉ាត់​បំពាក់​កាំភ្លើង​របស់​មន្ត្រី​ប៉ូលិស​ម្នាក់។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ លោក Jim Shea និយាយ​ថា មន្ត្រី​ប៉ូលិស ៦​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ព្យាយាម​បំបែក​ក្រុម​មនុស្ស​ទាំង​នោះ ប៉ុន្តែ មនុស្ស​រហូត​ទៅ​ដល់ ១០០​នាក់ បាន​ចូល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ​នោះ។

ក្រៅ​ពី​សម្ដី​របស់​មន្ត្រី​ប៉ូលិស សារព័ត៌មាន​នេះ បាន​សម្ភាស​សាក្សី​នៅ​កន្លែង​កើត​ហេតុ ដែល​បាន​រៀប​រាប់​ដា ករណី​នេះ បាន​ផ្ដើម​ចេញ​ពី​ជម្លោះ​ពាក្យ​សម្ដី​រវាង​មនុស្ស ២​ក្រុម ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​វាយ​តប់​គ្នា​ពេញ​ដង​ផ្លូវ​។

NJ.COM | Archived

នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​នោះ គេហ​ទំព័រ NJ.COM ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ជាង ៥​នាទី​ផង​ដែរ ដែល​វីដេអូ​នោះ​ត្រូវ​បាន​ថត​ដោយ​​មនុស្ស​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​ដោយ​ផ្ទាល់។ គេ​អាច​ឃ្លីប​វីដេអូ​​នោះ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

Hudson TV YouTube | Archived

ជាងនេះ​ទៅ​ទៀត បណ្ដាញ YouTube នៃ​សារព័ត៌មាន​មួយ​នេះ ក៏​បាន​ផ្សាយ​វីដេអូ​​មាន​រយៈ​ពេល​ជិត ១៥​នាទី ដែល​វីដេអូ​នោះ​ថត​​កាមេរ៉ា​ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​ដង​ខ្លួន​របស់​មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​ Jersey City ផង​ដែរ។ គេ​អាច​មើល​វីដេអូ​នោះ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

NJ.COM YouTube | Archived

ទង្វើ​របស់​មន្ត្រី​ប៉ូលិស​រង​ការ​ថ្កោល​ទោស

សារព័ត៌មាន Daily Mail របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា បន្ទាប់​ពី​វីដេអូ​នៃ​ការ​វាយដុំ​របស់​មន្ត្រី​ប៉ូលិស​ទៅ​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម មនុស្ស​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នៅ​ទីក្រុង​ Jersey City ក្នុង​នោះ​មាន​ទាំង​សកម្មជន​ដ៏​លេច​ធ្លោ លោក Shaun King ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សម្រង់​សម្ដី​របស់​លោក Shaun King សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់គ្លេសថា “Now it’s in Jersey City, New Jersey. Police have taken this quarantine as an excuse to ram up their brutality to historic levels. They are mauling and battering us all over the country. All in the name of social distancing. It’s an abomination.” ឬ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ឥឡូវ​នេះ វា​កើត​ឡើង​នៅ​ទីក្រុង Jersey City រដ្ឋ New Jersey។ ប៉ូលិស​បាន​យក​បញ្ហា​ចត្តាឡីស័ក​ធ្វើ​ជា​លេស​ ដើម្បី​​បង្កើន​ភាព​ឃោឃៅ​របស់​ពួកគេ​ដល់​កម្រិត​ជា​ប្រវត្តិសាស្ត្រ។ ពួកគេ​វាយ​តប់​យើង​នៅ​ទូទាំង​ប្រទេស។ ទាំង​អស់​នេះ​នៅ​ក្រោម​លេស​ថា រក្សា​គម្លាត​សង្គម។ វា​គឺរ​ជា​ទង្វើ​គួរ​ឱ្យ​ស្អប់​ខ្ពើម​មួយ»។

Mail​ Online | Archived

ពីរ​ថ្ងៃ​បន្ទាប់​ពី​​ករណី​នេះ​ ក្រុម​មេដឹកនាំ​ស៊ីវិល និង​សកម្មជន​​តស៊ូ​មតិ បាន​​ថ្កោល​ចំពោះ​ទង្វើ​ហិង្សា​របស់​មន្ត្រី​ប៉ូលិស​ទៅ​លើ​ជន​ស៊ីវិល​ស្បែក​ខ្មៅ​ផង​ដែរ ដោយ​និយាយ​ថា «ជន​ជាតិ​ស្បែក​ខ្មៅ​មិន​មែន​ជា​សត្វ​ធាតុ​នោះ​ឡើយ» និង​ទាម​ទារ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ឱ្យ​បាន​ល្អ​ប្រសើរ​ទៅ​លើ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សម្រង់​សម្ដី​អ្នកស្រី Pamela Johnson នាយិកា​ប្រតិបត្តិ​នៃ​​ចលនា​​សម្ព័ន្ធ​ប្រឆាំង​អំពើ​ហិង្សា នៅ​ទីក្រុង Jersey City ដែល​និយាយ​ថា «Let me just say this about my beautiful black people, we are not animals.» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ខ្ញុំ​សូម​និយាយ​​អំពី​មនុស្ស​ស្បែក​ខ្មៅ​ដ៏​ស្រស់​ស្អាត​របស់​ខ្ញុំ យើង​មិន​មែន​ជា​សត្វ​ធាតុ​ទេ»។

NJ.COM | Archived

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ មិន​មែន​ជា​ការ​បង្ក្រាប​របស់​ប៉ូលិស​អាមេរិក​ទៅ​លើ​ក្រុម​បាតុករ​នោះ​ឡើយ។ ការ​ពិត ក្រុម​មន្ត្រី​ប៉ូលិស​អាមេរិក បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​បាន​ឈ្លោះ​វាយ​តប់​គ្នា​នៅ​តាម​ដង​ផ្លូវ ហើយ​ទង្វើ​ហិង្សា​បែប​នេះ​របស់​មន្ត្រី​ប៉ូលិស រង​ការ​រិះ​គន់ និង​ថ្កោល​ទោស​ពី​សំណាក់​ក្រុម​សកម្មជន​តស៊ូ​មតិ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក។

Avatar

Title:តើ​ក្នុង​វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បង្ក្រាប​ក្រុម​បាតុករ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *