
គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់សរុបដោយសារតែជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឈានដល់ ៧៧៩នាក់ហើយ ដែលធ្វើឲ្យមានការព្រួយបារម្ភ និងមានការជជែកដេញដោលយ៉ាងខ្លាំងអំពីការទប់ស្កាត់នៃជំងឺឆ្លងមួយនេះពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងផុសផុល។
ទន្ទឹមគ្នានេះ មានរូបថតមួយសន្លឹកបង្ហាញពីមេដឹកនាំពិភពលោកអង្គុយជុំវិញ និងសាកសួរលោកយាយ បាបា វេនហ្គា អំពីវិធានការ ឬវិធីទប់ស្កាត់នៃជំងីឆ្លងកូវីដ១៩។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញលោកយាយ បាបា វេនហ្គា។ លោកយាយ ត្រូវបានគេស្គាល់ថា គឺជាអ្នកទស្សន៍ទាយ និងព្យាករនូវព្រឹត្តិការណ៍នានាយ៉ាងល្បីឈ្មោះមួយរូប។
រូបថតដដែលនេះ បានបង្ហាញរលោកយាយ កំពុងតែអង្គុយក្បែរ និងនៅចន្លោះមេដឹកនាំពិភពលោក ដូចជា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី អ៊ែនជឺឡា មឺហ្គែល អធិការបតីអាល្លឺម៉ង់ជាដើម។
រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ដែលបង្ហាញរូបរបស់លោកយាយ បាបា វេនហ្គា អង្គុយនៅចន្លោះមេដឹកនាំពិភពលោក។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដែលមានទម្រង់ និងភិនភាគដូចគ្នាមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន The Indian Express ដែលបានចុះផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា រូបថតរបស់មេដឹកនាំនៅក្នុងជំនួបប្រជុំកំពូលនេះ ត្រូវបានអ្នកប្រើប្រាស់យកមកកាត់ត និងកៃច្នៃជាច្រើន។
រូបភាពផ្តាមដែលមានចំណងជើងជាភាសាអង់គ្លេសថា «G20 Summit: Indian Twitterati are busy captioning this FAKE photo, but it’s still hilarious» ឬប្រែជាភាសាខ្មែរមានន័យថា «កិច្ចប្រជុំកំពូល G20៖ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter នៅក្នុងប្រទេសឥណ្ឌា កំពុងមមាញឹកក្នុងការដាក់រូបថតក្លែងក្លាយ ប៉ុន្តែវានៅតែគួរឲ្យចង់សើច»។
The Indian Express’s Report | Archived Link
តាមរយៈគេហទំព័រសារព័ត៌មានអន្តរជាតិមួយផ្សេងទៀត ក៏បានធ្វើការចុះផ្សាយអំពី ជំនួបប្រជុំកំពូលបណ្តាក្រុមប្រទេសអភិវឌ្ឍន៍ទាំង២០ផងដែរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧កន្លងមក ដោយមានភិនភាគរូបថត និងទិដ្ឋភាពដូចគ្នាទាំងស្រុង ដែលពុំបានបង្ហាញរូបរបស់លោកយាយ បាបា វេនហ្គានោះឡើយ។
រូបភាពផ្តាមចេញពីសារព័ត៌មាន The Washington Post ដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «The scene during the G20 summit in Hamburg» ឬប្រែជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុងហាំប៊ឺក»។
The Washington Post’s Report | Archived Link
Fact Crescendo Cambodia ក៏បានរកឃើញប្រភពដើមនៃរូបថតខាងលើនេះផងដែរនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោទស្សន៍ដ៏ធំមួយ។
រូបភាពផ្តាមចេញពីគេហទំព័រ បង្ហាញអំពីទិដ្ឋភាពការជជែកគ្នារវាងមេដឹកនាំរបស់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង២០ នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើ ត្រូវបានកាត់តមុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិត រូបថតមួយសន្លឹកនេះ មិនមានវត្តមានរបស់លោកយាយ បាបា វេនហ្គា នោះឡើយ។ រូបថតដើម បង្ហាញមេដឹកនាំប្រទេសមានសេដ្ឋកិច្ចធំៗជួបជុំគ្នាក្នុងជំនួបកំពូល G20 ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៧។

Title:តើលោកយាយ បាបា វេនហ្គា អង្គុយនៅចន្លោះមេដឹកនាំពិភពលោកមែនឬទេ?
Fact Check By: Kakada SimResult: Altered
