
ខណៈដែលចិនគឺជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនោះ រូបថតមួយដែលសន្លឹកបង្ហាញមនុស្សដ៏ច្រើនកុះករនៅតាមបណ្ដោយឆ្នេរសមុទ្រមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ដោយមានការអះអាងថា វាជាទិដ្ឋភាពឆ្នេរនៅក្នុងប្រទេសចិន។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញមនុស្សដ៏ច្រើនកុះករនៅតាមឆ្នេរសមុទ្រមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលសប្ដាហ៍មុន ដោយមានសំណេររៀបរាប់ថា វាជាទិដ្ឋភាពនៃឆ្នេរសមុទ្រមួយនៅក្នុងប្រទេសចិន។
ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនពាន់ដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលបានរៀបរាប់ថា «ឆ្នេរសមុទ្រនៅក្នុងប្រទេសចិន។ ប្រសិនបើអ្នកវង្វេងបាត់ក្មេង បង្កើតកូនមួយទៀតតែម្ដងទៅ»។

រូបថតភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតនាប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverser Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
យើងបានរកឃើញរូបថតជាច្រើន ដែលបង្ហាញឆ្នេរសមុទ្រមានក្រុមមនុស្សកកកុញបែបនេះ ហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាគេហទំព័រ និងសារព័ត៌មានអន្តរជាតិនានា។
រូបថតមួយសន្លឹក ដែលបង្ហោះនៅលើគេហទំព័រទីភ្នាក់ងារព័ត៌មាន Reuters កាលពី១០ឆ្នាំកន្លងមក បានបង្ហាញទិដ្ឋភាពក្រុមមនុស្សកកកុញនៅតាមបណ្ដោយឆ្នេរសមុទ្រមួយនេះ ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រ Copacabana នៃប្រទេសប្រេស៊ីល។
ទីភ្នាក់ងារព័ត៌មានខាងលើ ក៏បានបញ្ជាក់ផងដែរថា នេះជាទិដ្ឋភាពនៃការជួបជុំរបស់យុវជនកាតូលិក ដើម្បីត្រៀមខ្លួនទទួលសា្វគមន៍របស់សម្ដេច Pope Francis កាលពីខែកក្កដា ឆ្នាំ២០១៣ទៅ។

រូបថតដែលបង្ហាញមនុស្សកកកុញនៅតាមបណ្ដោយឆ្នេរខាងលើ គឺត្រូវបានថតនៅឆ្នាំ២០១៣ ក្នុងអំឡុងថ្ងៃទិវាយុវជនពិភពលោក ដែលយុវជនកាតូលិកជាច្រើនបានប្រមូលផ្ដុំជួបជុំគ្នា។
នៅក្នុងព្រឹត្ដិការណ៍មួយនេះ មនុស្សជិត ៣លាននាក់ បានទៅឆ្នេរសមុទ្រ Copacabana ដើម្បីចូលរួម ដោយមនុស្សជាច្រើនបានដេកសម្រាកនៅលើឆ្នេរខ្សាច់មួយយប់មុនពេលការយាងមកដល់របស់សម្ដេច Pope Francis ទៅកាន់ប្រទេសប្រេស៊ីល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញទិដ្ឋភាពមនុស្សកកកុញនៅក្នុងទីក្រុង Rio de Janeiro។

ករណីដូចគ្នាខាងលើ ក៏ត្រូវបានត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន Reuters ផងដែរកាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ដោយបានបង្ហាញថាទិដ្ឋភាពមនុស្សកកកុញនៅតាមបណ្ដោយឆ្នេរខាងលើ មិនមែនមានទីតាំងស្ថិតនៅក្នុងប្រទេសចិន ដូចការអះអាងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ សូមអានព័ត៌មានលម្អិតនៅទីនេះ (archived link)។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងរូបថតដូចដែលបានរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះទេ។ រូបថតខាងលើនេះ មិនមែនជាទិដ្ឋភាពការកកកុញនៅឆ្នេរក្នុងប្រទេសចិននោះឡើយ។ ការពិតរូបថតនេះ គឺជាទិដ្ឋភាពឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្ដេច Pope Francis កាលពីខែកក្កដា ឆ្នាំ២០១៣មកម្ល៉េះ។

Title:ឆ្នេរសមុទ្រមួយនៅប្រេស៊ីល ត្រូវបានអះអាងមិនត្រឹមត្រូវថា មានទីតាំងនៅចិន
Written By: Kakada SimResult: False
