វីដេអូ​អគារ​បាក់​រលំ​នៅ​បាងកក​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​កើត​ឡើង​នៅ​ខេត្ត​ឈៀងម៉ៃ​

International

ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​បាន​កើតឡើង​នៅ​មីយ៉ាន់ម៉ា និង​​ថៃ​​កាល​ពី​ចុង​ខែ​មីនា​កន្លង​មក​ វីដេអូ​ឃ្លីប​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅលើ​បណ្ដាញ​សង្គម​។​ ក្នុង​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​មនុស្ស​ជាច្រើន​នាក់​បាន​រត់​គេច​ចេញ​ពី​ការ​រលំ​បាក់​អគារ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា វា​ជាហេតុការណ៍​​រញ្ជួយ​ដី​នៅ​ឈៀង​ម៉ៃ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​​កន្លង​ទៅ​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ការ​បាក់​រលំ​អគារ​ និង​មនុស្ស​ជា​ច្រើន​បាន​រត់​គេច​ខ្លួន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ នេះ​គឺ​ជា​ទិដ្ឋភាព​រញ្ជួយ​ដី​នៅ​ខេត្ត​ឈៀងម៉ៃ​ ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​កន្លង​ទៅ​។​

វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០២៥​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «រញ្ជួយ​ដី​នៅ​ថៃ​ ខាងឈៀងម៉ៃ​​»។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​​ដទៃ​ទៀត​ផង​ដែរ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា ឆ្នាំ​២០២៥។​

Facebook Post | Archived Link

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះវីដេអូ​នេះ ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​ ជាមួយ​សំណេរ​រៀបរាប់​ថា “ប្រទេស​ថៃ​រញ្ជួយ​ដី​ទៀត​ហើយ​ ២១​ មេសា​ ២០២៥​​”។

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ទៅ​នឹង​ការអះអាង​ដូច​គ្នា​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០២៥​កន្លងទៅ​។​

YouTube Link | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

Google Reverse Image Search បាន​នាំ​ទៅ​រក​ឃើញ​វីដេអូ​ដើម និង​ព័ត៌មាន​លម្អិត​អំពី​វីដេអូ​នេះ។ វីដេអូ​ឃ្លីប​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​​រត់​គេច​​ពី​ការ​រលំ​អគារ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​។​

អ្នក​ប្រើ​ប្រាស់ខាង​លើ​ បាន​បញ្ជាក់​ថា​ វា​គឺ​ជា​ហេតុការណ៍​​បាក់​រលំ​អគារ​នៅ​ម្ដុំ​ Chatuchak មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ​ ដែល​នេះ​មិន​មែន​ជា​ហេតុការណ៍​​ថ្មី​ៗ​នៅ​ខេត្ត​ឈៀងម៉ៃ​នោះ​ឡើយ​។​​ 

TikTok Post | Archived Link

វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​ស្រដៀង​គ្នា​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok មួយ​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ចុង​ខែ​មីនា​ កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​សំណេរ​ជា​ភាសា​ថៃ​ថា​ «ถ่ายเองกับมือ เห็นกับตา ระทึกสุด แผนดินไหว กทม ตึกถล่ม จตุจักร #แผ่นดินไหวกรุงเทพ»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ថត​ដោយ​ផ្ទាល់​ដៃ​ រន្ធត់​ណាស់​ រញ្ជួយ​ដី​នៅ​ក្រុង​បាងកក​ បាក់​រលំ​អគារ​​ក្បែរ​ Chatuchak #BangkokEarthquake»។​

TikTok Post | Archived Link

​សំណង់​អគារ​​កម្ពស់ ​៣០​ជាន់​មួយ​កន្លែង​​សម្រាប់​​​ការិយាល័យ​សវនកម្ម​​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​បាក់​ដួល​រលំ​ទាំង​ស្រុង​ ហើយ​បាន​ធ្វើ​​ឱ្យ​កម្មករ​ជា​ច្រើន​នាក់​ បាន​បាត់​បង់​ជីវិត​ និង​ជាប់​នៅ​ក្នុង​គំនរ​បាក់​បែក​ ក្រោយ​ពី​មាន​ការ​រញ្ជួយ​ដី​មួយ​ ដែល​រាល​ដាល​មក​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ខាង​ក្រោម​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌មាន​ The Straits Times បង្ហាញ​ទិដ្ឋភាព​គំនរ​អគារ​ ដែល​បាន​ដួល​រលំ​ ក្រោយ​ពី​មាន​ការរញ្ជួយ​។​

The Straits Times | Archived Link

ក្រុម​ការងារ​ Fact Crescendo រក​ឃើញ​ដែរ​ថា មិន​មាន​របាយ​ការណ៍​ណា​មួយ​អំពី​ការ​ដួល​រលំ​អគារ​នៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​ ក្នុង​អំឡុង​ពេល​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឬ​ពេល​ថ្មី​ៗ​នោះ​ឡើយ។​

បើ​តាម​សេចក្ដី​រាយការណ៍​​របស់​សារព័ត៌មាន​ The Nation បណ្ដា​ខេត្តភាគ​ខាង​ជើង​ប្រទេស​ថៃ​ ដែល​មាន​ព្រំ​ប្រទល់​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ មាន​ការ​រង​ការ​ប៉ះពាល់​ និង​រំញ័រ​រញ្ជួយ​ដី​កម្រិត​ស្រាល​ប៉ុណ្ណោះ​ចំនួន​ ១៥​លើក​ផង​ដែរ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្មី​ៗ​នេះ​។​

The Nation News Report | Archived Link

ការអះអាង​មិន​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​គ្រោះ​​រញ្ជួយដី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​ប្រទេស​ថៃ​នេះ​ ក្រុម​ការងារ​ Fact Crescendo បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ ឬ​ការ​បោក​បញ្ឆោត​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​អត្ថបទ​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ Fact Crescendo៖

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋានFact Crescendo រក​ឃើញ​ថា​ ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះទេ​។ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ហេតុការណ៍​​បាក់​រលំ​នៃ​អគារ​ការិយាល័យ​សវនកម្ម​រដ្ឋ​កម្ពស់​ ៣០​ជាន់​​ក្នុង​ទីក្រុង​បាងកក​ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​ មិន​មែន​ជា​ហេតុការណ៍​​ថ្មី​ៗ​នៅ​ខេត្ត​ឈៀងម៉ៃ​នោះ​ឡើយ​។​

Avatar

Title:វីដេអូ​អគារ​បាក់​រលំ​នៅ​បាងកក​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​កើត​ឡើង​នៅ​ខេត្ត​ឈៀងម៉ៃ​

Written By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *