
ខណៈដែលកម្ពុជាកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា ដែលបានឆ្លងទៅមនុស្សដល់ទៅជិត ៣ពាន់ករណីហើយនោះ មរណភាពរបស់បុគ្គលសំខាន់ៗនៅក្នុងប្រទេសនេះ ក្លាយជាប្រធានបទនៃការជជែក និងចែករំលែកច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក។
អំឡុងពេលនេះដែរ មានការអះអាងនៅលើបណ្ដាញសង្គមអំពីថា មេនគរបាលជាតិ លោក នេត សាវឿន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ ហើយការអះអាងនេះត្រូវបានចែករំលែកតៗគ្នារាប់រយដង និងមានការបញ្ចេញមតិចម្រុះបែប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែមេសានេះ គណនីហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានទទួលមរណភាពដោយមិនដឹងមូលហេតុច្បាស់លាស់។ គណនីហ្វេសប៊ុកនេះ បានអះអាងបែបនេះដោយភ្ជាប់មកជាមួយរូបថតរបស់មេនគរបាលជាតិ លោក នេត សាវឿន និងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងសម្លៀកបំពាក់កាន់ទុក្ខ និងជជែកជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ សរសេរថា «នាយឧត្ដមសេនីយ៍ នេត សាវឿន បានទទួលមរណភាពហើយកាលពីយប់មិញដោយមិនដឹងមូលហេតុច្បាស់លាស់»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈការពិនិត្យមើលការបកស្រាយដោយអគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការអះអាងនេះ ដោយចាត់ទុកការអះអាងនេះថា «ខុសការពិតទាំងស្រុង» និងហៅការបង្ហោះសារបែបនេះថា «មានចេតនាបង្កភាពវឹកវរក្នុងជួយកងកម្លាំងនគរបាលជាតិ និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គមទៀតផង»។
នគរបាលជាតិកម្ពុជា បញ្ជាក់ថា លោក នេត សាវឿន មានសុខភាពរឹងមាំ និងកំពុងដឹកនាំកងកម្លាំងនគរបាលចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។
នគរបាលជាតិក៏បានស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យបើកការស៊ើបអង្កេត និងស្វែងរកជនល្មើស និង«មេក្លោង»យកមកផ្ដន្ទាទោសផងដែរ។
Cambodia’s National Police | Archived Link
ជាងនេះទៀត ទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ និងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយព័ត៌មានមួយនៅថ្ងៃទី០៥ ខែមេសា បានបង្ហាញវត្តមានរបស់លោក នេត សាវឿន និងមន្ត្រីនគរបាលជាន់ខ្ពស់មួយចំនួនទៀត បានដឹកនាំកិច្ចប្រជុំមួយតាម Videoconference ជាមួយស្នងការនគរបាលរាជធានី និងបណ្ដាខេត្តនានាទូទាំងប្រទេស។
ចំណែករូបថតដែលបង្ហាញវត្តមានមេដឹកនាំកម្ពុជាស្ថិតក្នុងឈុតសម្លៀកបំពាក់កាន់ទុក្ខនោះ គឺជារូបថតនៃការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីបុណ្យសពរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើបណ្ដាញសង្គមខាងលើ មិនពិតនោះឡើយ។ ការពិត អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន មានសុខភាពដូចធម្មតា និងបានបង្ហាញវត្តមានដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយក្រុមមន្ត្រីនគរបាលជាតិជាន់ខ្ពស់ជាច្រើនរូបនៅថ្ងៃទី០៥ ខែមេសា។

Title:អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន មានសុខភាពរឹងមាំដូចធម្មតា
Fact Check By: Jay UdomResult: False