
ឱសថបុរាណចិន លៀនហួ ឈីងវ៉េន (Lianhua Qingwen)ចំនួន ៨៨,០០០ប្រអប់ ត្រូវបានប្រគល់ទៅឱ្យក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ ដែលពិធីប្រគល់ និងទទួលឱសថបុរាណនេះ ត្រូវបានរៀបចំឡើងឡើនៅទីស្ដីការក្រសួងសុខាភិបាលរវាងរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថបុរាណចិននេះ ត្រូវបានផ្ដល់ដោយស្ថានទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ក្រោមទម្រង់ជាជំនួយសម្រាប់ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំពេលដែលកម្ពុជាកំពុងតែប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នោះ។
ត្រឹមតែប៉ុន្មានម៉ោងក្រោយពីសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយអំពីពិធីប្រគល់ និងទទួលឱសថបុរាណនេះ មានការផ្សព្វផ្សាយលើបណ្ដាញសង្គមថា វាគឺជាឱសថដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ការអះអាងបែបនេះនៅលើបណ្ដាញសង្គម ត្រូវបានចែករំលែកតៗគ្នារាប់រយដងយ៉ាងឆាប់រហ័ស និងមានការបញ្ចេញមតិយោបល់ចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកផងដែរ។ ទោះជាយ៉ាងណា ការអះអាងបែបនេះនៅលើបណ្ដាញសង្គម មិនត្រឹមត្រូវនោះឡើយ ហើយនាំឱ្យមានការយល់ច្រឡំផងដែរ។
ការអះអាងលើបណ្ដាញសង្គម
នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ ការអះអាងលើទំព័រហ្វេសប៊ុកមួយ បាននិយាយថា ឱសថបុរាណចិន លានហួ ឈីងវ៉េន (Lianhua Qingwen ឬ LHQW) គឺជាគ្រាប់ឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ទំព័រហ្វេសប៊ុកដដែលនេះ បានបង្ហោះភ្ជាប់មកជាមួយនូវរូបថត ៤សន្លឹក ក្នុងនោះរូបថត ២សន្លឹក បង្ហាញពីគ្រាប់ និងប្រអប់ឱសថនោះដោយមានការសរសេរថា «ថ្នាំព្យាបាលកូវីដ១៩»។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃការអះអាងនោះ រៀបរាប់ថា «ក្រសួងសុខាភិបាលកម្ពុជាបានអនុញ្ញាតឱ្យចុះបញ្ជីប្រើឱសថបុរាណចិនឈ្មោះ Lianhua Qingwen។ ថ្នាំនេះគេផ្សំពីរុក្ខជាតិជាង ១០មុខ»។
«តាមបទពិសោធន៍នៅចិន និងប្រទេសមួយចំនួនទៀត គេអះអាងថា ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ដូចជាកាត់បន្ថយក្អក ក្ដៅខ្លួន និងអស់កម្លាំង ដែលជារោគសញ្ញាដំបូង ឬរោគសញ្ញាកម្រិតស្រាលរបស់កូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរបស់ក្រសួងសុខាភិបាលគួរតែផ្ដល់ព័ត៌មានលម្អិតបន្ថែមជូនប្រជាពលរដ្ឋទាក់ទងបទពិសោធន៍កន្លងមកអំពីប្រសិទ្ធភាព និងធ្វើការតាមដានលើប្រសិទ្ធភាពថ្នាំនេះក្នុងចំណោមអ្នកឆ្លងកូវីដ១៩នៅកម្ពុជាផងដែរ ដើម្បីបានបទពិសោធន៍ជាក់ស្ដែងបន្ថែម»។
រយៈពេល ៤ម៉ោងក្រោយការបង្ហោះនូវការអះអាងបែបនេះ រូបថតមួយដែលមានសរសេរថា«ថ្នាំព្យាបាលកូវីដ១៩» ត្រូវបានដកចេញវិញ ហើយនៅសល់ត្រឹមតែរូបថត ៣សន្លឹកប៉ុណ្ណោះ រួមមានរូបថតបង្ហាញការប្រគល់-ទទួលឱសថ និងសេចក្ដីប្រកាសព័ត៌មានអំពីពិធីនោះ និងរូបថតប្រអប់ និងគ្រាប់ថ្នាំលៀនហួ ឈីងវ៉េន។
ការអះអាងបែបនេះ ត្រូវបានចែករំលែកពីសំណាក់អ្នកប្រើហ្វេសប៊ុករហូតជិតដល់ ៥០០នាក់នៅក្នុងរយៈពេលត្រឹមតែពីរបីម៉ោងក្រោយការបង្ហោះព័ត៌មានបែបនេះ ហើយអ្នកប្រើហ្វេសប៊ុកមួយចំនួន បានសាកសួរព័ត៌មានបន្ថែមដើម្បីស្វែងរកទិញឱសថនេះថែមទៀតផង។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការស្វែងរកការបកស្រាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល និងការត្រួតពិនិត្យលទ្ធផលនៃការស្រាវជ្រាវលើឱសថបុរាណចិនមួយប្រភេទនេះ ដែលចេញផ្សាយដោយព្រឹត្តិប័ត្រព័ត៌មានសិក្សាឱសថសាស្ត្រ។ យើងទទួលបានការបកស្រាយ និងព័ត៌មានលម្អិតអំពីឱសថនេះដូចខាងក្រោមនេះ៖
ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៩ ខែមេសា អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ឱសថបុរាណចិនមួយនេះ គ្រាន់តែចុះបញ្ជីផ្លូវការនៅក្រសួងដូចឱសថបុរាណដទៃទៀតដែរ ហើយអ្នកស្រីបញ្ជាក់បន្ថែមថា គ្មានសេចក្ដីណែនាំឱ្យប្រើឱសថនេះសម្រាប់ការព្យាបាលជំងឺកូវីដ-១៩នោះឡើយ។
អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា «ថ្នាំហ្នឹងជាប្រភេទឱសថបុរាណចិន ដែលមិនមានដាក់ថា ព្យាបាលកូវីដជានោះទេ។ ក្រសួងសុខាភិបាលទទួលស្គាល់នេះ គឺរបៀបដូចជាថ្នាំឱសថបុរាណផ្សេងៗទៀតដែលតែងតែមកចុះបញ្ជីការនៅនឹងក្រសួងសុខាភិបាល»។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍បន្តថា «អ៊ីចឹង ឱសថហ្នឹង គឺជាឱសថបុរាណចិន ហើយនៅក្នុងវិញ្ញាប័ណ្ណប័ត្រទទួលស្គាល់ចុះបញ្ជីការនេះ ក៏អត់មានដាក់ថា ព្យាបាលជំងឺកូវីដ-១៩ជាដែរ។ អ៊ីចឹង ខ្ញុំសូមបញ្ជាក់ត្រង់កន្លែងហ្នឹង»។
លានហួ ឈីងវ៉េន គឺជាផលិតផលឱសថបុរាណចិន (traditional medicine product -TMP) ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Yiling Pharmaceutical។ គ្រាប់ឱសថបុរាណចិននេះ ត្រូវបានរដ្ឋបាលជាតិឱសថបុរាណចិន «ទទួលស្គាល់ជាឱសថស្ដង់ដាររបស់ចិនសម្រាប់ព្យាបាលជំងឺបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី»។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន CGTN ក្រៅពីប្រទេសចិនផ្ទាល់ ឱសថបុរាណមួយប្រភេទនេះ ត្រូវបានអនុម័តឱ្យប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល និងមធ្យមដោយប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ឡាវ និងហ្វីលីពីន។
ប៉ុន្តែ ក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនកាលពីដើមខែមេសានេះថា ឱសថបុរាណមួយនេះ មិនត្រូវបានចុះបញ្ជីជាឱសថព្យាបាលជំងឺកូវីដ-១៩នោះឡើយ។
ទោះជាយ៉ាងណា ឱសថបុរាណចិនមួយប្រភេទនេះ មិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយប្រទេសណាមួយថា ជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះឡើយ។
ការសិក្សារបស់ក្រុមអ្នកជំនាញឱសថសាស្ត្ររបស់ចិនកាលពីខែកក្កដាឆ្នាំមុន បានបង្ហាញថា ឱសថបុរាណចិន លានហួ ឈីងវ៉េន មានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយបូករួមទាំងការព្យាបាលលក្ខណៈធម្មតា គ្រាប់ឱសថបុរាណចិននេះ អាចជួយសុខភាពអ្នកជំងឺកូវីដ-១៩ឱ្យបានប្រសើរឡើង។
ScientDirect Journal | Archived Link
ចំណែកឯការសិក្សាមួយទៀតកាលពីឆ្នាំ២០១៧ បានរកឃើញថា ឱសថបុរាណចិនលានហួន ឈីងវ៉េន នេះ មានប្រសិទ្ធក្នុងការព្យាបាលរោគសញ្ញាគ្រុនផ្ដាសាយ ដូចជា បំបាត់ការឈឺក្បាល ឈឺបំពង់ក ក្អក ការឈឺចាប់សាច់ដុំ ភាពនឿយហត់ និងក្ដៅខ្លួន។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើថា ឱសថបុរាណចិន លានហួ ឈីងវ៉េន គឺជាថ្នាំព្យាបាលជំងឺកូវីដ-១៩នោះ មិនត្រឹមត្រូវនោះឡើយ។ ក្រសួងសុខាភិបាលកម្ពុជា គ្រាន់តែចុះបញ្ជីទទួលស្គាល់ឱសថនេះនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយគ្មានសេចក្ដីណែនាំឱ្យប្រើឱសថនេះសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះ។ ការសិក្សាពីប្រសិទ្ធភាពនៃឱសថបុរាណចិននេះ បង្ហាញថា វាមានប្រសិទ្ធក្នុងការព្យាបាលរោគសញ្ញាគ្រុនផ្ដាសាយ ដូចជា បំបាត់ការឈឺក្បាល ឈឺបំពង់ក ក្អក ការឈឺចាប់សាច់ដុំ ភាពនឿយហត់ និងក្ដៅខ្លួន។

Title:ឱសថបុរាណចិនលានហួ ឈីងវ៉េន មិនមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ទេ
Fact Check By: Jay UdomResult: Misleading