Fact-Check: តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

COVID-19 Missing Context

នៅ​ក្នុង​សប្ដាហ៍​នេះ មន្ត្រី​សុខាភិបាល​កម្ពុជា បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាច្រើន​ទៀត ត្រូវ​បាន​រក្សា​ទុក​​នៅ​កន្លែង​តម្កល់​សព និង​រង់ចាំ​ការ​បូជា។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ទុក​ក្នុង​អគារ​មួយ​កន្លែង។ ដោយ​គ្មាន​ព័ត៌មាន​ជាក់​លាក់ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​រក​ឃើញ​ថា រូបថត​នៃ​សព​ទាំង​នេះ មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​វេច​ខ្ចប់​ស្ថិត​នៅ​ក្នុង​ទីតាំងនៃ​អគារ​មួយ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់» ហើយ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀប​រាប់​ថា «សង្វេគ​ដល់​មនុស្ស​ណាស់»។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ចូល​ក្នុង​គ្រុប​ហ្វេសប៊ុក​មួយ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត បាន​ចូល​ទៅ​បញ្ចេញ​យោបល់ និង​សាក​សួរ​រក​ទីតាំង​ជាក់​លាក់​នៃ​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នោះ។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​នឹង​រូបថត​នេះ និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​ផង​ដែរ។

រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក Khit Thit Media ដែល​បាន​បង្ហោះ​រូបថតនេះ និង​រូបថត​មួយ​សន្លឹក​ទៀត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១។

ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ដែល​អាចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​ភូមា​នោះ បាន​រៀបរាប់​ជា​ភាសា​ភូមា ហើយ​អាច​ប្រែ​សម្រួល​មក​ជា​ភាសា​ខ្មែរ​ ដែល​មាន​ខ្លឹមសារ​ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ទីក្រុង​ Myawaddy ស្ថិត​ក្នុង​រដ្ឋ​កាយិន ភាគ​អាគ្នេយ៍​ប្រទេស​ភូមា ឬ​នៅ​ជិត​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ទៀត​ថា មនុស្ស ២២​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​រូបថត​នេះ ត្រូវ​បាន​ថត​នៅ​ឯ​ទីតាំង​រក្សា​សព​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ Myawaddy។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែលត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ដូច​រៀប​រាប់​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ រូបថត​សព​ដែល​ត្រូវ​បាន​វេច​ខ្ចប់​នេះ មិន​មែន​ជា​សព​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩នោះ​ឡើយ។ សព​ទាំង​នេះ គឺ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​ទីក្រុង Myawaddy ភាគ​អាគ្នេយ៍​ប្រទេស​ភូមា​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។

Avatar

Title:តើ​សព​​ទាំង​នេះ​ជា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.