
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានបញ្ចប់អាណត្តិរបស់អ្នកស្រីកាលពីខែឧសភាកន្លងមកនេះ បន្ទាប់ពីកាន់តំណែងនេះចាប់ពីឆ្នាំ២០១៥មក។ អំឡុងពេលបំពេញបេសកកម្មសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានថ្លែងរិះគន់ជាបន្តបន្ទាប់ទៅលើការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ថ្មីៗនេះ សម្រង់សម្ដីមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយត្រូវបានអះអាងថា ជាសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត ដែលបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីឆ្នាំមុន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវខ្លឹមសារមួយដែលបង្ហាញសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកប្រើប្រាស់ហ្វេសប៊ុកនេះ បានចែករំលែកខ្លឹមសារនេះពីប៉ុស្តិ៍មួយរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលបានបង្ហោះខ្លឹមសារនេះកាលពីថ្ងៃទី១៦ ខែមករាកន្លងមក។
ខ្លឹមសារនៃប៉ុស្តិ៍នោះ បង្ហាញនូវសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត ដែលនិយាយថា «នយោបាយជាអាយុជីវិតរបស់អ្នក គ្រួសារអ្នក វាសនាប្រទេសជាតិរបស់អ្នក! តើហេតុអ្វីបានជាអ្នករាល់គ្នាមិនខ្វល់រឿងជាតិទឹកដី? ប្រទេសមួយធ្លាក់ទៅក្នុងដៃជនផ្ដាច់ការ ហើយវាសនារបស់អ្នកស្រេចតែគេកំណត់ឱ្យរស់! បើមិនចេះតស៊ូ UN ជួយមិនបានទេ OK?»។
ការបង្ហោះសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត បែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែករហូតដល់ទៅរាប់រយដង រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានបង្ហោះសារនេះកាលពីថ្ងៃទី១៦ ខែមករាកន្លងមក រួមជាមួយរូបថតរបស់អ្នកស្រី រ៉ូណា ស្មីត។

ការពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើសម្រង់សម្ដីដែលត្រូវបានលើកឡើងខាងលើនេះតាមរយៈការផ្ទៀងផ្ទាត់ទៅលើសម្រង់សម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត អំឡុងពេលអ្នកស្រីកាន់តំណែងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជាចន្លោះពីឆ្នាំ២០១៥ ដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ។
ប៉ុស្តិ៍ដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហាញរូបថតអ្នកស្រី រ៉ូណា ស្មីត និងភ្ជាប់មកជាមួយសេចក្ដីប្រកាសព័ត៌មាន (Press Release) ចេញកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។
យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អ្នកស្រី រ៉ូណា ស្មីត បានបង្ហាញការភ្ញាក់ផ្អើលចំពោះការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលទៅហើយនោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ អ្នកស្រី រ៉ូណា ស្មីត មិនបានថ្លែងដូចទៅនឹងសម្រង់សម្ដីដែលបានលើកឡើងនៅលើបណ្ដាញសង្គមនោះឡើយ។
ខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានរបស់អ្នកស្រី រ៉ូណា ស្មីត អាចរកអានបានតាមតំណភ្ជាប់ខាងក្រោមនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

Rhona Smith’s Press Release | Archived Link
Fact Crescendo Cambodia បានផ្ញើអ៊ីម៉ែលសាកសួរទៅកាន់អ្នកស្រី រ៉ូណា ស្មីត និងតំណាងការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាផងដែរ ដើម្បីបញ្ជាក់លើសម្រង់សម្ដីនេះ ប៉ុន្តែ នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នៅពេលទទួលបានការឆ្លើយតបពីអ្នកស្រី រ៉ូណា ស្មីត ឬតំណាងការិយាល័យឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត មិនបានថ្លែងជាសាធារណៈបែបនេះនោះឡើយ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកស្រី រ៉ូណា ស្មីត បានបង្ហាញការភ្ញាក់ផ្អើលចំពោះការជំនុំជម្រះក្ដីទ្រង់ទ្រាយធំទៅលើសកម្មជនគាំទ្របក្សប្រឆាំងនៅកម្ពុជា។
Updated: មន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានច្រានចោលថា សម្រង់សម្ដីនេះ មិនមែនជាសម្ដីរបស់អ្នកស្រី រ៉ូណា ស្មីត នោះឡើយ។

Title:អំឡុងពេលកាន់តំណែង តើអ្នកស្រី រ៉ូណា ស្មីត ធ្លាប់ថ្លែងនូវសម្រង់សម្ដីនេះឬទេ?
Fact Check By: Jay UdomResult: Misleading
