Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

COVID-19 False

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។

វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា វ៉ាក់សាំង​ចិន​ទាំងស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បានរក​ឃើញ​ថា ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ចំខួប ៣​ខែ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក ឬ TVK) ដែល​ជា​ប្រព័ន្ស​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ទទួល​ស្គាល់​ទាំង​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​​ចិន។

វីដេអូ​​នៃ​កម្មវិធី​ផ្សាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទទក មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​ពាន់​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ការ​អាន​ព័ត៌មាន​របស់​ពិធីករ​នៃ​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​នៅ​ត្រង់​នាទី​ទី ៦០:០៦ និយាយ​ថា «បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដែល​មាន​ឈ្មោះ​ថា​ទាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម គឺ​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ហើយ។ កាល​ពី​មុន​ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ក៏​ពិត​មែន ក៏​ប៉ុន្តែ ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងៗ​មួយចំនួន​ទៀត​នៅ​លើ​ពិភព​លោក ក៏​បាន​ប្រើ​ប្រាស់​ចាក់​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ទៅ​លើ​ប្រជាជន​។ ឥឡូវ​នេះ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​របស់​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ មាន​ការ​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​ពី​អង្គការ​សុខភាព​ពិភព​លោក ដែល​ហៅ​កាត់​ថា WHO»។

Facebook Video Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia​ បានចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​រយៈ​អ៊ីម៉ែល​សាក​សួរ​ទៅ​អង្គការ​សុខភាព​ពិភព​លោក​ដោយ​ផ្ទាល់។

ក្នុង​សារ​ឆ្លើយ​តប​មក​វិញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ អង្គការ​សុខភាព​ពិភព​លោក បាន​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ចុះ​បញ្ជី​វ៉ាក់សាំង​ស៊ីណូហ្វាម​បញ្ចូល​ក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​«ការ​ប្រើ​ប្រាស់​បន្ទាន់»​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ។ វ៉ាក់សាំង​ស៊ីណូហ្វាមនេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​វិទ្យាស្ថាន​ជីវសាស្ត្រ​ប៉េកាំង នៃ​ក្រុមហ៊ុន​ Biological Products Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចំណុះ​ឱ្យ​​សម្ព័ន្ធ​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ជាតិ​ចិន ហៅ​កាត់​ថា CNBG។

អង្គការ​សុខភាព បញ្ជាក់​ផង​ដែរថា ចំណែក​ឯ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ជា​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់​ចិន កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​តម្លៃ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់» ឬ EUL។

​វ៉ាក់សាំងដែល​ត្រូវ​បាន​អង្គការ​​សុខភាព​ពិភព​លោក​ ដាក់​បញ្ចូល​ក្នុង​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»​របស់​ខ្លួន​រហូត​មក​ដល់​ពេ​ល​នេះ​ មាន៖

១. ​វ៉ាក់សាំង​ខូមៀណាធី (Comirnaty)​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ Pfizer​ របស់​អាល្លឺម៉ង់ និង​ក្រុមហ៊ុន BioNTech របស់​អាមេរិក ដែល​ត្រូវ​បាន​ដាក់​ចូល​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»​របស់​អង្គការ​សុខភាព​ពិភព​លោក​​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០។

២. វ៉ាក់សាំង AstraZeneca ដែល​ផលិត​ឡើងដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford និង​វ៉ាក់សាំង​ពីរ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​ការ​អនុញ្ញាត​របស់ AstraZeneca មាន​វ៉ាក់សាំង​ Covishield ផលិត​នៅ​ឥណ្ឌា និង​វ៉ាក់សាំង AstraZeneca-SKBio ផលិត​ឡើង​នៅ​កូវ៉េ​ខាង​ត្បូងត្រូវ​បាន​ដាក់​ចូល​បញ្ជី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​​ក្នុង​ឆ្នាំ​នេះ។

៣. វ៉ាក់សាំង Johnson & Johnson​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុនឱសថ​សាស្ត្រ Janssen ដែលបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Johnson & Johnson របស់​អាមេរិក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»​របស់​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា។

WHO Emergency Use List | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អត្ថាធិប្បាយ​នៃ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​ពិត អង្គការ​សុខភាព​ពិភព​លោក បាន​អនុម័ត​ឱ្យ​ដាក់​បញ្ចូល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទៅ​ក្នុង​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»​រួច​ហើយ។ ចំណែក​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​វិញ អង្គការ​សុខភាព​ពិភព​លោក មិន​ទាន់​បាន​អនុម័ត​នៅ​ឡើយ​ទេ ហើយ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ​ពី​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ។

Avatar

Title:WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.