ព័ត៌មាន​មិន​ពិត​ផ្សាយ​ថា មេ​នគរបាល​ជាតិ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ

False Political

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​ថ្ងៃ​នេះ បាន​ផ្សព្វផ្សាយ​ថា មេ​នគរបាល​ជាតិ​កម្ពុជា លោក ស ថេត បាន​រង​ប្រហារ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅឯ​ក្រៅ​ប្រទេស បាន​បង្ហោះ​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នា​ថ្ងៃ​នេះ​ថា អគ្គស្នងការ​នគរបាល​ជាតិ​ លោក ស ថេត ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាញ​បាញ់​ប្រហារ​នៅ​ក្នុង​កន្លែង​ធ្វើការ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ស ថេត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ចូល​ទៅ​បាញ់​នៅ​ក្នុង​ការិយាល័យ​ធ្វើការ”។

Facebook Post | Archived Link

បន្ទាប់​មក​ទៀត ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ការ​អះអាង​មួយ​ទៀត​ថា ខ្មាន់​កាំភ្លើង​បាន​បាញ់​ប្រហារ​លើ​លោក ស ថេត ត្រូវ​បាន​អង្គរក្ស​ការពារ​អគ្គស្នងការ​នគរបាល​រូប​នេះ បាញ់​សម្លាប់​ភ្លាមៗ​នៅ​មុខ​ក្រសួង​មហាផ្ទៃ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “ឧក្រិដ្ឋជន​ដែល​បាញ់​សម្លាប់​ឧត្ដមសេនីយ៍ ស ថេត ត្រូវ​បាន​អង្គរក្ស​លោក ស ថេត បាញ់​ស្លាប់​ភ្លាមៗ​នៅ​មុខ​ក្រសួង​មហាផ្ទៃ”។

Facebook Post | Archived Link

ប៉ុន្មាន​ក្រោយ​មក​ទៀត ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហោះ​ការ​អះអាង​មួយ​ទៀត​ថា មេ​នគរបាល​ជាន់​ខ្ពស់ ១០​នាក់​ទៀត​ដែល​ស្និទ្ធ​នឹង​លោក ស ថេត និង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អាច​ប្រឈម​មុខ​នឹង​ការ​ដក​ចេញ​ពី​តំណែង ប្រសិន​បើ​ពួកគេ​មិន​ងាក​ទៅ​គាំ​ទ្រ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដោយ​ទំព័រ​ហ្វេសប៊ុកឈ្មោះ Samdech Seng Ratana ដែល​គេ​ស្គាល់​ថា ជា​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កំពុង​រស់នៅ​ឯ​សហរដ្ឋ​អាមេរិក។

Facebook Post | Archived Link

ការ​បង្ហោះ​ការ​អះអាង​របស់​ទំព័រ​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​ទទួល​បាន​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកមួយ​ចំនួន​ជឿ​លើ​ព័ត៌មាន​នេះ ហើយ​មួយ​ចំនួន​ទៀត​បាន​ចោទ​សួរ​​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះអាង​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​សេចក្ដី​បំភ្លឺ​របស់​ក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្ថាប័ន​ដទៃ​ទៀត​របស់​រដ្ឋាភិបាល ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បន្ទាប់​ពី​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​បំភ្លឺ​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​​ថា ព័ត៌មាន​ក៏​ដូចជា​ការ​អះអាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ “ក្លែង​ក្លាយ” ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មូល​បង្កាច់​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រមុខ​រាជ​រដ្ឋាភិបាល។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​មូល​នៃ​ការ​បំភ្លឺ​​របស់​អ្នក​នាំ​ពាក្យ​ លោក ទូច សុខៈ ដែល​ផ្សព្វផ្សាយ​លើ​ទំព័រហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥។

Facebook Post

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចាត់​ទុក​ការអះអាង​នេះ​ជា​ព័ត៌មាន​ “ក្លែងក្លាយ”​ដែរ ហើយ​ថែម​ទាំង​បង្ហាញ​រូបថត​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចូល​រួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ​ជាមួយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យិនទៀង ទៀត​ផង។

Facebook Post | Archived Link

ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក ស ថេត ក៏​បាន​បង្ហោះ​រូបថត​លោក​ជាច្រើន​សន្លឹក​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​រូប​លោក​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​លោក ឱម យិនទៀង។

Facebook Post

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ ១,៧០១​ករណី​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​បាន​កើន​ឡើង ១២​ភាគរយ​បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣។ សម្រាប់​ឆ្នាំ​២០២៣​ទាំង​មូល ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ៣,០០០​ករណី។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជា​សាធារណៈ​ថា ព័ត៌មាន ឬ​ការ​អះអាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន “ក្លែង​ក្លាយ”។ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត មិន​បាន​រង​ការ​បាញ់​ប្រហារ​ដូច​ការ​អះអាង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក ស ថេត បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​នេះ។

Avatar

Title:ព័ត៌មាន​មិន​ពិត​ផ្សាយ​ថា មេ​នគរបាល​ជាតិ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ

Written By: Jay Udom  

Result: False

Leave a Reply

Your email address will not be published. Required fields are marked *