
កម្ពុជាបានរកឃើញមនុស្សដល់ទៅ ៦២,៧០០នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៣ ខែកក្កដានេះ ក្នុងនោះមនុស្សដល់ទៅ ៩៥៣នាក់ហើយ បានស្លាប់បាត់បង់ជីវិតក្រោយឆ្លងមេរោគផ្លូវដង្ហើមប្រភេទនេះ។ ខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងកំណើននៃការឆ្លងរីករាលនៃមេរោគកូវីដ-១៩នេះ អ្នកប្រើប្រាស់បណ្ដាញបានចោទសួរថា ហេតុអ្វីបានជាមេរោគកូវីដ-១៩ឆ្លង និងសម្លាប់តែពលរដ្ឋខ្មែរ ប៉ុន្តែ បែរជាពលរដ្ឋចិន និងវៀតណាម មិនកើតអ្វីទៅវិញ។ ចម្ងល់បែបនេះ ត្រូវបានចែករំលែកតៗគ្នា និងមានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ចម្ងល់បែបនេះ គឺជាការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយ បានចោទសួរនៅលើបណ្ដាញសង្គមថា ហេតុអ្វីបានករណីឆ្លងកូវីដ-១៩ និងស្លាប់ដោយសារជំងឺនេះ កើតមានតែនៅក្នុងប្រទេសកម្ពុជា ខណៈដែលវៀតណាមជាប្រទេសជិតខាងកម្ពុជា និងប្រទេសចិន បែរជាមិនមានករណីឆ្លង និងស្លាប់កើតឡើងទៅវិញ។
ការចោទសួរបែបនេះនៅលើបណ្ដាញសង្គម ត្រូវបានចែករំលែកជាច្រើនដង និងការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ រៀបរាប់ថា «ហេតុអីកូវីដឆ្លងស្លាប់តែពលរដ្ឋខ្មែរ? ចុះយួន និងចិន ហេតុអីមិនឆ្លងមិនងាប់?»។

ការពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើប៉ុស្តិ៍នេះតាមរយៈការស្វែងរកតួលេខឆ្លងកូវីដ-១៩ និងតួលេខអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះនៅក្នុងប្រទេសវៀតណាម និងប្រទេសចិន ដែលត្រូវបានកត់ត្រាដោយអង្គការសុខភាពពិភពលោក។
តួលេខកត់ត្រាដោយអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ប្រទេសវៀតណាមបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ទៅលើមនុស្សចំនួន ៣០,៤៧៨នាក់នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
តួលេខនេះ ក៏បានបង្ហាញឱ្យឃើញផងដែរថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅប្រទេសវៀតណាម ក៏បានបណ្ដាលឱ្យមនុស្ស ១១៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត។
ករណីស្លាប់ជាលើកដំបូងដោយសារជំងឺកូវីដ-១៩នៅប្រទេសវៀតណាម បានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ហើយនៅត្រឹមចុងខែសីហាឆ្នាំមុន វៀតណាមបានកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ៣៥នាក់។
ករណីស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសកុម្មុយនីស្តមួយនេះ មិនបានកើតមានទៀតទេរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វៀតណាមក៏បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះជាថ្មី។
ចាប់តាំងពីថ្ងៃទី១០ ខែឧសភាមក វៀតណាមបន្តរាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាបន្តបន្ទាប់ដែលមានចំនួនសរុបរហូត ៨៤នាក់បន្ថែមទៀត។
ចំណែកឯតួលេខឆ្លងវិញ វៀតណាមបានរកឃើញមនុស្សឆ្លងមេរោគកូវីដ-១៩ស្ទើរតែរៀងរាល់ថ្ងៃផងដែរ ប៉ុន្តែ តួលេខឆ្លងប្រចាំថ្ងៃមានចំនួនតិចតួច មុននឹងវៀតណាមរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩កាន់តែច្រើននៅក្នុងខែកក្កដានេះ។

WHO’s Covid-19 Situation Report | Archived Link
សម្រាប់ប្រទេសចិនវិញ កំណត់ត្រារបស់អង្គការសុខភាពពិភពលោក បង្ហាញថា ប្រទេសមហាអំណាចមួយនេះ រកឃើញមនុស្សរហូតដល់ ១១៩,៣៧៤នាក់ ឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងមករហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ករណីឆ្លងមេរោគកូវីដ-១៩ ត្រូវបានរកឃើញរៀងរាល់ថ្ងៃនៅក្នុងប្រទេសចិន ប៉ុន្តែ ក្នុងកម្រិតតូច មុននឹងករណីឆ្លងថ្មី បានងើបឡើងវិញនៅចន្លោះខែឧសភា និងខែកក្កដានេះ។
ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅប្រទេសចិន ក៏បានសម្លាប់ជីវិតមនុស្ស ៥,៥៨៩នាក់ផងដែរចាប់តាំងពីដើមឆ្នាំ២០២០កន្លងមក។ ករណីស្លាប់ភាគច្រើនលើសលប់ បានកើតឡើងនៅចន្លោះខែមករាដល់ខែមីនាឆ្នាំមុន ដែលមានចំនួនរហូតដល់ទៅ ៤,៦៣៩នាក់។ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន បានកើនឡើងវិញចាប់ពីសប្ដាហទី៤នៃខែឧសភារហូតមកដល់ខែកក្កដា ឆ្នាំ២០២១នេះ។

WHO’s Covid-19 Situation Report | Archived Link
សម្រាប់ប្រទេសកម្ពុជាវិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្សដល់ទៅ ៦២,៧០០នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងចុងខែមករាឆ្នាំមុនរហូតមកដល់ត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
កំណត់ត្រារបស់អង្គការសុខភាពពិភពលោក បង្ហាញថា ចំនួនករណីឆ្លងមេរោគកូវីដ-១៩នៅកម្ពុជា បានកើនឡើងខ្លាំងចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈកន្លងមកនេះ នៅពេលកម្ពុជាប្រកាសពីការរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកទី៣។ កម្ពុជាបានរកឃើញមនុស្សរហូតដល់ទៅ ៦១,៣៩១នាក់ បានឆ្លងមេរោគកូវីដ-១៩នៅចន្លោះពីថ្ងៃទី១៥ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១២ ខែកក្កដានេះ។ តួលេខនេះបង្ហាញថា ករណីឆ្លងថ្មីដល់ទៅ ៩៨ភាគរយ ត្រូវបានរកនៅក្នុងរយៈពេល ៥ខែចុងក្រោយនេះ។
ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បានសម្លាប់ជីវិតមនុស្សរហូតដល់ ៩៥៣នាក់ហើយគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដែលករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះ បានកើតឡើងចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១មក។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការលើកឡើងថា ប្រទេសចិន និងវៀតណាម គ្មានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ និងគ្មានមនុស្សស្លាប់ដោយសារមេរោគកូវីដ-១៩នោះ មិនត្រឹមត្រូវនោះទេ។ ប្រទេសទាំងពីរនេះ មិនមែនគ្មានករណីឆ្លង និងស្លាប់ដោយសារមេរោគកូវីដ-១៩នោះឡើយ។ ប្រទេសចិនមានមនុស្ស ៥,៥៨៩នាក់ បានស្លាប់ដោយសារមេរោគកូវីដ-១៩ ខណៈប្រទេសវៀតណាមមានមនុស្សដល់ទៅ ១១៩នាក់ហើយ បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះ។

Title:តើមេរោគកូវីដ-១៩កើតឡើងលើពលរដ្ឋចិន និងវៀតណាមដែរឬទេ?
Fact Check By: Jay UdomResult: Misleading
