
ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើងកាលពីដើមខែតុលាកន្លងមកនេះ វីដេអូជាច្រើនដែលពាក់ព័ន្ធនឹងជម្លោះបង្ហូរឈាមមួយនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ ក្នុងនោះ មានវីដេអូឃ្លីបមួយដែលបង្ហាញអគារកម្ពស់ជាច្រើនជាន់មួយបានដួលបាក់រលំ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ វីដេអូនេះ ត្រូវបានភ្ជាប់ជាមួយការអះអាងថា វាជាទិដ្ឋភាពនៃការបាក់រលំអគារដែលបានកើតឡើងនៅអ៊ីស្រាអែល។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីប បង្ហាញទិដ្ឋភាពនៃការបាក់រលំអគារជាច្រើន ជាមួយការអះអាងថា នោះគឺជាទិដ្ឋភាពដែលបានកើតឡើង នៅអ៊ីស្រាអែលនាពេលថ្មីៗនេះ។ វីដេអូឃ្លីបដែលមានសំណេរខាងលើ ត្រូវបានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «នៅសុខៗអគារនៅអ៊ីស្រាអែលបានរលំជាច្រើន»។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមវីដេអូឃ្លីប TikTok ផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដែលមានទិដ្ឋភាព និងទម្រង់អគារបាក់រលំដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយសារព័ត៌មានអូស្ដ្រាលី ABC News កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។ វីដេអូឃ្លីបសារព័ត៌មានដដែលខាងលើ ពុំបានបញ្ជាក់ថានោះ គឺជាទិដ្ឋភាពនៃការបាក់ស្រុតអគារនៅអ៊ីស្រាអែល ដែលជាលទ្ធផលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីពេលថ្មីៗនេះឡើយ។
ផ្ទុយទៅវិញ នោះគឺជាទិដ្ឋភាពបាក់រលំអគារ Martin Tower នៅក្នុងទីក្រុង Bethlehem រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលត្រូវបានកម្ទេចដោយការបំផ្ទុះ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលត្រូវបានរាយការណ៍ដោយគេហទំព័រខាងលើ។
ទិដ្ឋភាពនៃអគារបាក់រលំមួយផ្សេងទៀត ដែលមានទម្រង់ដូចគ្នានេះ ត្រូវបានរកឃើញផងដែរនៅលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «The City of Fargo – Government» កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ដោយបានបញ្ជាក់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពអគារខ្ពស់ Lashkowitz នៅទីក្រុង Fargo ដែលត្រូវបានកម្ទេចដោយជោគជ័យ សម្រាប់ការអភិវឌ្ឍន៍ និងមិនបានជាប់ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននាពេលថ្មីៗនោះទេ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកខាងលើ កាលពីខែកញ្ញាមកម៉្លេះ។
The City of Fargo – Government | Archived Link
ដូចគ្នានេះ ទិដ្ឋភាពនៃការបាក់រលំអគារមួយផេ្សងទៀត ក៏ត្រូវបានរាយការណ៍ និងផ្សព្វផ្សាយដោយ Courier & Press កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដោយពុំបានបញ្ជាក់ថា នោះគឺជាលទ្ធផលនៃសង្រ្គាមដែលបណ្ដាលអគាររលំបាក់ស្រុតនៅអ៊ីស្រាអែលនាពេលថ្មីៗនេះទេ។
Courier & Press | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពនៃអគារខ្ពស់ៗ ដែលត្រូវបានកម្ទេចដោយប្រើប្រាស់រំសេវផ្ទុះ សម្រាប់ការអភិវឌ្ឍន៍។ ការកម្ទេចអគារខ្ពស់ទាំងឡាយនេះ មិនបានជាប់ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននាពេលថ្មីៗនោះឡើយ។

Title:តើនេះគឺជាទិដ្ឋភាពនៃអគារបាក់រលំនៅអ៊ីស្រាអែលមែនដែរឬ?
Written By: Kakada SimResult: False