តើ​ផ្លូវ​រូង​ក្រោម​ដី​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​មែន​​ឬ​ទេ​?​

False International

ពេល​និយាយ​ដល់​ប្រទេស​ថៃ​នោះ​ យើង​នឹង​នឹក​ឃើញ​មុន​គេ​គឺ​ប្រទេស​ក្បែរ​ខាង​របស់​យើង​ ដែល​មាន​តំបន់​ទេស​ចរណ៍​នៅ​តាម​ទីក្រុង​​ កោះ​ ឆ្នេរ​សមុទ្រ​ និង​ជា​ពិសេស​​នោះ​គឺ​ ទេស​ភាព​ដ៏​ស្រស់​ត្រកាល​ និង​​វប្បធម៌​ បាន​កំពុង​តែ​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​បរទេស​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​នេះ​ជា​ច្រើន​។​

ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​រូង​ភ្នំ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ទំព័រ​ហ្វេស​ប៊ុក​នេះ​ បាន​អះ​អាង​ថា​​ផ្លូវ​រូង​ឆ្លង​កាត់​ភ្នំ​នេះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ Dream UPSC បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញអំពី​ទិដ្ឋ​ភាព​រូង​ផ្លូវ​ឆ្លង​កាត់​ភ្នំ​មួយ​កន្លែង​។​ ទិដ្ឋ​ភាព​មួយ​នេះ​ ត្រូវ​បាន​គេ​អះ​អាង​ថា​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​ ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ពុំ​បាន​បញ្ជាក់​លម្អិត​អំពី​ទីតាំង​ច្បាស់​លាស់​ បន្ថែម​នោះ​ឡើយ​។​ ប្រទេស​ថៃ​ ជា​ប្រទេស​ដែល​មាន​ព្រំដែន​ខាង​កើត​ជាប់​នឹង​ប្រទេស​ឡាវ​ និង​ប្រទេស​កម្ពុជា​ ខាង​ត្បូង​ជាប់​ប្រទេស​ម៉ាឡេស៊ី​ និង​ឈូង​សមុទ្រ​ថៃ​ ខាង​លិច​ជាប់​នឹង​ប្រទេស​ភូមា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «​Tunnel In Thailand. This is how they are doing developmental works without damaging the nature»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្លូវ​រូង​ក្រោម​ដី​នៅ​ប្រទេស​ថៃ​។ នេះ​ជា​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​កិច្ចការ​អភិវឌ្ឍន៍​ ដោយ​មិន​ចាំ​បាច់​បំផ្លាញ​ធម្មជាតិ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​ កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​ត្រូវ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Photo Rator ដោយ​បាន​សរសេរ​រៀប​រាប់​ជា​ ភាសា​អង់​គ្លេស​ថា​ «A series of tunnels through Taiwan» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្លូវ​រូង​ក្រោម​ដី​ជា​បន្ត​បន្ទាប់​ឆ្លង​កាត់​តៃវ៉ាន់​»។​ គេហ​ទំព័រ​នេះ​ ពុំ​បាន​បញ្ជាក់​ទិដ្ឋ​ភាព​ផ្លូវ​រូង​ក្រោម​ដី​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​​​នោះ​ទេ​។

Photo Rator Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​ Tech & Facts ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ មាន​ទម្រង់​ដូច​គ្នា​នេះ​ផង​ដែរ​។​ គេហ​ទំព័រ​នេះ​ បាន​បញ្ជាក់​អំពី​ឈ្មោះ​ និង​ទីតាំង​របស់​ផ្លូវ​រូង​កាត់​ភ្នំ​នេះ​ថា​ ជា​​​ផ្លូវ​រូង​ក្រោម​ដី​ស៊ួយ​ហ្សិន​ (Hsuehshan Tunnel) ដែល​មាន​ទីតាំង​ពិត​ប្រាកដ​ស្ថិត​នៅ​កោះ​តៃ​វ៉ាន់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Hsuehshan Tunnel, Taiwan» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ផ្លូវ​រូង​ក្រោម​ដី​ស៊ួយ​ហ្សិន​ កោះ​​តៃ​វ៉ាន់​»។​

Tech & Facts Link | Archived Link

ផ្លូវ​រូង​ក្រោម​ដី​មួយ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​ទូទៅ​ថា​ជា​ ផ្លូវ​រូង​ក្រោម​ដី​ស៊ួយ​ហ្សិន​ (Hsuehshan Tunnel) និង​មាន​ទីតាំង​ពិត​ប្រាកដ​ស្ថិត​នៅ​កោះ​​តៃវ៉ាន់​។​ ផ្លូវ​មួយ​នេះ​ ត្រូវ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ក្នុង​ឆ្នាំ​១៩៩១​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​ ដោយ​មាន​ចំណុច​ចាប់​ផ្តើម​នៅ​ត្រង់​ឃុំ​ពិញ​លិន​ ក្រុង​តៃប៉ិ​ថ្មី​ (Pinglin District, New Taipei City) រហូត​ដល់​ក្រុង​ថាឆាំង​ (Toucheng) ដែល​មាន​រយៈ​ចម្ងាយ​ប្រមាណ​ជិត ​១៣​គីឡូម៉ែត្រ​។​

Tech & Facts Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​ផ្លូវ​រូង​ក្រោម​ដី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​​​នោះ​ទេ​​។ ការ​​ពិត​​រូប​ថត​​មួយ​​សន្លឹក​​នេះ​​ គឺ​​​ជា​ទិដ្ឋ​ភាព​ផ្លូវ​រូង​ក្រោម​ដី​ស៊ួយ​ហ្សិន​ (Hsuehshan Tunnel) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ឃុំ​ពិញ​លិន​ ក្រុង​តៃប៉ិ​ថ្មី​ កោះ​តៃ​វ៉ាន់។​

Avatar

Title:តើ​ផ្លូវ​រូង​ក្រោម​ដី​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​មែន​​ឬ​ទេ​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.