
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត តែងតែក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោក ហ៊ុន ម៉ាណែត ពាក់មួកទាហានវៀតណាម ជាមួយនឹងការសរសេរជាភាសាខ្មែរថា «កូនយួន» ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់មួកទាហានវៀតណាម ចូលទៅក្នុងក្រុមបណ្តាញសង្គមហ្វេសប៊ុកមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានអះអាងថា លោក ហ៊ុន ម៉ាណែត គឺជាកូនយួន (វៀតណាម)។ រូបថតជាមួយនឹងការអះអាងខាងលើនេះ ត្រូវបានចែករំលែកជាច្រើនដងរួមជាមួយការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «#នេះជាគ្រោះថ្នាក់បំផុតសម្រាប់ជាតិខ្មែរដែលកូនយួនកំពុងតែពង្រាយខ្លួនកាន់តែច្រើនឡើងៗពេញស្រុកហើយ# អាកូនយួន ឡេ ដឹក ណែត កំពុងក្លាយជាគូប្រជែងយ៉ាងចម្រូងចម្រាស់ ជាមួយ ស ខេង ទា បាញ់ សាយ ឈុំ ប៉ុល សារឿន និងមន្ត្រីជាន់ខ្ពស់ចាស់ៗCPP ជាច្រើនរូបទៀត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search និងការបកស្រាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលកន្លងមក នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកកងយោធពលខេមរៈភូមិន្ទ ផ្សព្វផ្សាយកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១១កន្លងទៅ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ ពុំបានបង្ហាញលោក ហ៊ុន ម៉ាណែត បានពាក់មួកទាហានវៀតណាមនោះឡើយ។

Fact Crescendo Cambodia ក៏បានរកឃើញផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានច្រានចោលជារឿយៗនូវការអះអាងទាំងឡាយណា ដែលបានចោទថា កូនប្រុសច្បងរបស់លោក គឺជាកូនវៀតណាម។ ការច្រានចោលនូវការអះអាងខាងលើនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មាននានាដូចជា The Cambodia Daily កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦, សារព័ត៌មាន VOA និងសារព័ត៌មាន VOD កន្លងទៅផងដែរ។

The Cambodia Daily Link | Archived Link
ដូចគ្នានេះ សំណុំរឿងនៃការអះអាងថាលោក ហ៊ុន ម៉ាណែត គឺជាកូនអតីតមេដឹកនាំវៀតណាម ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យចាត់វិធានការទៅលើពលរដ្ឋខ្មែរអាមេរិកម្នាក់ ដែលបានចោទប្រកាន់ទៅលើ កូនប្រុសច្បងរបស់លោក គឺជាកូនរវាងអ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ ផងដែរ។
ដោយឡែក ម្តាយរបស់លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ប៊ុន រ៉ានី ក៏ធ្លាប់ត្រូវបានគេវាយប្រហារ និងភ្ជាប់ថាជាភរិយារបស់អតីតមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ ជារឿយៗផងដែរ។ ការអះអាងនេះ ត្រូវបានស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia បានរកឃើញថា ការអះអាងទាំងឡាយនោះ មិនត្រឹមត្រូវនោះឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអានអត្ថបទ «រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ត្រូវបានកាត់តភ្ជាប់នឹងអតីតមេដឹកនាំវៀតណាម» និងអត្ថបទ «តើភរិយាលោក ហ៊ុន សែន ពិតជាបានថតរូបជាមួយមេដឹកនាំវៀតណាមមែនឬទេ?»។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតភ្ជាប់នឹងការអះអាងដូចដែលរៀបរាប់ខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញលោក ហ៊ុន ម៉ាណែត បានពាក់មួកទាហានវៀតណាមក្នុងអំឡុងពេលលោកកំពុងសិក្សានោះទេ។ លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងអ្នកស្រី ប៊ុន រ៉ានី។

Title:តើលោក ហ៊ុន ម៉ាណែត គឺជាកូនវៀតណាមដូចការអះអាងមែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading
