Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

COVID-19 False

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។

ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ ព្រោះ​វ៉ាក់សាំង​ចិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ខោ​ជើង​វែង និង​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​គ្រូ​ពេទ្យ​ម្នាក់។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ទទួល​ចាក់​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ឡើយ ព្រោះ​តែ​វ៉ាក់សាំង​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន បង្ក​ឱ្យ​ស្លាប់ ពិការ និង​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ។ អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​បែប​នេះដោយ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ UHAFF។

រូបថត និង​ការ​អះ​អាង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​អះ​អាង​ថា «ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន ព្រោះ​វ៉ាក់សាំង​ចិន នាំ​ឱ្យ​ស្លាប់ ពិការ និង​អសមត្ថភាព​ផ្លូវ​ភេទ​(ងាប់​លិង្គ) នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​របស់ UHAFF»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​នេះ​តាម​រយៈ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google និង​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់ UHAFF ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាងលើ​បាន​អះ​អាង។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​គេហទំព័រ​សារព័ត៌មាន​ដំរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ។ រូបថត​នោះ គឺ​ជា​លោក អេ ភូថង អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​កាល​ជាង ១៥​ឆ្នាំ​មុន នៅ​ពេល​លោក​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។

អតីត​កំពូល​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ បើទោះបី​ជា​លោក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ២​លើក​រួច​មក​ហើយ​ក្ដី។

Dr-Daily | Archived Link

សម្រាប់​ការ​អះ​អាង​ថា វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ឬ​ស៊ីណូហ្វាម បង្ក​ឱ្យ​ស្លាប់ ពិការ និង​ប៉ះ​ពាល់​សុខភាព​ផ្លូវ​ភេទ​នោះ យើង​បាន​ពិនិត្យ​មើល​សេចក្ដី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក។

នៅ​មុន​ការ​មក​ដល់​នៃ​វ៉ាក់សាំង​​ស៊ីណូហ្វាម​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​​ China National Pharmaceutical Group ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​រដ្ឋ​ចិន​នោះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ

ប៉ុន្តែ ប្រហែល ៣​សប្ដាហ៍​ក្រោយ​មក លោក​ ហ៊ុន សែន បាន​ប្រកាស​ថា លោក​មិន​អាច​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​បាន​នោះ​ឡើយ ព្រោះ​លោក​មាន​អាយុ​លើសពី​អាយុ​ដែល​ត្រូវ​បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ។ វ៉ាក់សាំង​ស៊ីណូហ្វាម​នេះ ត្រូវ​បាន​​ណែនាំ​ឱ្យ​ចាក់​ដល់​ក្រុម​មនុស្ស​មាន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ ទៅ​ដល់​អាយុ ៥៩​ឆ្នាំ។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​រក​ឃើញ​ថា ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​នេះ មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។

នៅ​ក្នុង​សេចក្ដីរាយការណ៍​របស់ Reuters ប្រធាន​ក្រុម​អ្នក​ជំនាញ​ប្រឹក្សា​យុទ្ធសាស្ត្រ​ (SAGE)របស់ WHO លោក Alejandro Gravioto ត្រូវបាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា វ៉ាក់សាំង​ចិន​ទាំង​ពីរ​ប្រភេទ​នេះ មាន​ប្រសិទ្ធភាព​​ស្រប​តាម​មាត្រដ្ឋាន​ដែល​តម្រូវ​ដោយ​ WHO និង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ប្រើ​ប្រាស់​វា​នោះ​ឡើយ។

Reuters | Archived Link

អង្គការ​សុខភាព បាន​អនុម័ត​ដាក់​បញ្ចូល​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ទៅ​ក្នុង​«បញ្ជី​ប្រើ​ប្រាស់​បន្ទាន់»​នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា និង​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​នេះ។

WHO | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​នេះ ត្រូវ​បាន​កាត់​ត ហើយ​រូបថត​ច្បាប់​ដើម គឺ​ជា​អ្នក​ប្រដាល់​កម្ពុជា លោក អេ ភូថង់។ សម្រាប់​សុវត្ថិភាព​វ៉ាក់សាំង​ចិន​វិញ អង្គការ​សុខភាព​ពិភព​លោក បញ្ជាក់​ថា មាន​សុវត្ថិភាព ហើយ​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​ផង​ដែរ។

Avatar

Title:តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *