
ខណៈដែលរុស្ស៊ីបន្តឈ្លានពានទៅលើប្រទេសអ៊ុយក្រែន វីដេអូ និងរូបថតនៃមហន្តរាយដោយសារសង្គ្រាមមួយនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។ នៅក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញមនុស្សមួយក្រុមស្ថិតនៅឯគំនរបាក់បែកមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអះអាងថា វាជាគំនរបាក់បែកនៃអគារមួយនៅប្រទេសអ៊ុយក្រែន ក្រោយរងការវាយប្រហារពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ រូបថត និងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួន ដែលបង្ហាញក្រុមមនុស្សស្ថិតក្នុងប្រតិបត្តិការរុករកនៅឯគំនរបាក់បែកនៃសំណង់អគារមួយ។
ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា អគារមួយនៅក្នុងទីក្រុង Mariupol ក្នុងប្រទេសអ៊ុយក្រែន បានដួលរលំ ក្រោយពីរងការវាយប្រហារពីគ្រាប់បែក ដែលបណ្ដាលឱ្យមនុស្សដល់ទៅ ២០០នាក់ជាប់នៅក្នុងគំនរបាក់បែកនោះ ក្នុងនោះមានទាំងកុមារផងដែរ។
រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងទាំងស្រុងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
យើងបានរកឃើញរូបថតនេះនៅក្នុងអត្ថបទព័ត៌មានមួយនៃសារព័ត៌មាន The National ចុះផ្សាយកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០កន្លងមក។ ខ្លឹមសារនៃរូបថតចុះផ្សាយដោយសារព័ត៌មានមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួមមួយនេះ បានរៀបរាប់ថា ក្រុមជួយសង្គ្រោះព្យាយាមគាស់គំនរបាក់បែកចេញ ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិតនៅក្នុងគំនរអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការបំផ្ទុះគ្រាប់បែក។
សារព័ត៌មានដដែលនេះ បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិតជាប់នៅក្នុងគំនរអគារបាក់បែកនោះ បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកលើអគារនោះ បានកើតឡើង។
បើតាមសារព័ត៌មានដដែលនេះ អគារមួយនៅទីក្រុងបៃរ៉ូត ប្រទេសលីបង់ បានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្សរហូតដល់ទៅ ១៩១នាក់។
សារព័ត៌មាន The National បញ្ជាក់ថា រូបថតមួយសន្លឹកនេះ ត្រូវបានយកពីទីភ្នាក់ងារព័ត៌មានអឺរ៉ុប ឬ European Pressphoto Agency ហៅកាត់ថា EPA។

រូបថតនេះ ក៏ត្រូវបានសារព័ត៌មានអង់គ្លេស The Telegraph ចុះផ្សាយផងដែរកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយថា ក្រុមជួយសង្គ្រោះមកពីប្រទេសឈីលី បានស្វែងរកអ្នកដែលអាចរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនោះ បន្ទាប់សត្វសុនក បានរកឃើញសញ្ញាជីវិតនៅក្រោមគំនរបាក់បែកនោះ។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាមហន្តរាយកើតឡើងដោយសារសង្គ្រាមឈ្លានពានរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលកំពុងបន្តកើតមាននោះឡើយ។ រូបថតមួយសន្លឹកនេះ គឺជាប្រតិបត្តិការស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃអគារមួយនៅទីក្រុងបៃរ៉ូត ប្រទេសលីបង់ ដែលរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកកាលពីដើមខែសីហា ឆ្នាំ២០២០កន្លងមក។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News

Title:រូបថតគំនរបាក់បែកនៅលីបង់ត្រូវអះអាងថាជាមហន្តរាយនៃសង្គ្រាមនៅអ៊ុយក្រែន
Fact Check By: Jay UdomResult: Missing Context
