
ថ្មីៗនេះ មានការអះអាងមួយពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហេ្វសប៊ុកមួយរូប ដែលបានបង្ហោះរូបភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទៅចូលរួមក្នុងកម្មវិធីគោរពវិញ្ញាណក្ឌន្ធរបស់មេដឹកនាំវៀតណាមម្នាក់ ដោយភ្ជាប់ជាមួយនឹងការសរសេររៀបរាប់ថា លោកបានទៅចូលរួមពិធីបុណ្យសពមេទៀតហើយ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងលើបណ្ដាញសង្គមនេះ គឺមិនត្រឹមត្រូវ និងនាំឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពមួយសន្លឹក ដែលបានបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមពិធីបុណ្យសពរបស់មេដឹកនាំវៀតណាមម្នាក់ទៀត។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ខ្ញុំស្មានថា អាចង្រៃចោរយួនវាមិនចេះងាប់ វាទៅបុណ្យខ្មោចមេវាងាប់ ១ទៀតហើយ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមធ្វើការផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងតាមការត្រួតពិនិត្យពីការផ្សព្វផ្សាយដោយទំព័រហេ្វសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ដែលនាំឲ្យទៅរកឃើញការពិត ប្រភពដើមនៃការចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំវៀតណាមទាំងស្រុង។
តាមរយៈសារបង្ហោះមួយដោយក្នុងនោះក៏មានរូបភាពមួយសន្លឹកដែលមានទម្រង់ដូចគ្នាទាំងស្រុងនៅលើបណ្តាញទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដែលបានបញ្ជាក់រៀបរាប់ ថា រូបថតទាំងឡាយនោះ គឺត្រូវបានថតឡើងនៅក្នុងកម្មវិធីដែលលោកបានទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំវៀតណាមម្នាក់ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ដែលបានសរសេររៀបរាប់ថា «សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម»។
ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់លោក ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាមនៅក្នុងទីក្រុងហាណូយ នេះ ក៏ត្រូវបានចុះផ្សព្វផ្សាយជាសាធារណៈផងដែរតាមរយៈគេហទំព័ររបស់ក្រសួងព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។
រូបភាពផ្ដាមចេញពីគេហទំព័រក្រសួងព័ត៌មាន បានសរសេររៀបរាប់ថា «សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញមកដល់ កម្ពុជាវិញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមអតីតប្រធានរដ្ឋ វៀតណាម»។
Ministry Of Information | Archived Link
កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះ Fact Crescendo Cambodia ក៏បានត្រួតពិនិត្យផងដែរទៅលើសារបង្ហោះថ្មីៗនៅតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងថ្ងៃនោះលោកពុំបានបង្ហោះសារអ្វីដែលទាក់ទងទៅនឹងការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ថ្នាក់ដឹកនាំវៀតណាមនោះទេ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ដែលចេញផ្សាយទាក់ទងទៅនឹងការបង់ថ្លៃឈ្នួលផ្ទះ របស់បងប្អូន ដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវ និងនាំឱ្យមានការយល់ច្រឡំ។ តាមសេចក្ដីរាយការណ៍របស់ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយរបស់លោកនាយករដ្ឋមន្ត្រី បានបង្ហាញថា ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពីសំណាក់លោក ហ៊ុន សែន ដោយផ្ទាល់នោះ បានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០១៩កន្លងមកម៉្លេះ។

Title:រូបថតរបស់លោក ហ៊ុន សែន គោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋវៀតណាមកាលពី៣ឆ្នាំមុន ត្រូវបានចែករំលែកឡើងវិញ
Fact Check By: Kakada SimResult: Misleading