Fact Check: រូបថត​បង្ហាញ​ទិដ្ឋភាព​​រក្សា​គម្លាត​នៅ​​ទីផ្សារ​មួយ​​​នៅ​​មីយ៉ាន់ម៉ា មិន​មែន​នៅ​ក្រុង​សិរីសោភ័ណ​ទេ

COVID-19 False

បច្ចុប្បន្ន​ ជំងឺ​ដ៏​កាច​សាហាវ​កូវីដ១៩​នេះ កំពុង​រីករាល​ដាល​ពាសពេញ​សកលលោក ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​កម្ពុជា​ផង​ដែរ។ ទន្ទឹម​គ្នា​​នេះ យេីង​សង្កេត​ឃេីញ​មាន​​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការ​រៀប​ចំ និង​រក្សា​គម្លាត​ពី​គ្នា​យ៉ាង​មាន​របៀប​រៀប​រយ​ និង​បាន​លើក​ឡើង​ថា ​ជា​ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ​ក្នុង​​ខេត្ត​បន្ទាយមានជ័យ។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ​ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបភាព​​មួយ​សន្លឹក ដែល​​​បង្ហាញ​អំពី​ការ​លក់​ដូរ​នៅ​តាម​ផ្លូវ​មួយ​​មាន​គម្លាត​យ៉ាង​រៀប​រយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀប​រាប់​ថា «ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ»។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ប៉ុស្តិ៍​ពីទំព័រ​ហ្វេសប៊ុក​​​ រៀបរាប់​ថា​ «គំរូ​ល្អណាស់ ទិដ្ឋភាព​ផ្សារ​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ស៊ែ និង​ឡាត​ម្នាក់​មួយ លើក​ទឹក​ចិត្ត​ពួកគាត់»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបភាព​តាមរយៈ​កម្មវិធី​ Google Reverse Image​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​ដើម​នៃ​រូបភាព​ទិដ្ឋភាព​ផ្សារ​មួយ​នេះ​ ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង។

តាម​រយៈ​ការ​បង្ហោះ​របស់​លោក​ Thaung Tun នៅ​លើ​បណ្តាញ​សង្គម​ Twitter កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ លោក​បាន​លើក​សរសើរ​ទៅ​កាន់​អាជ្ញាធរ​ និង​ប្រជាជន​ក្នុង​ក្រុង​ Kalaw ដែល​បាន​រក្សា​​នូវ​គម្លាត​សង្គម​។ ​ Kalaw គឺ​ជា​ទី​ប្រជុំជន​មួយ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​សាន​ ភាគ​កណ្ដាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​មាន​ចម្ងាយ​​ប្រមាណ​ ៥៧៧​គីឡូម៉ែត្រ​ពី​ទីក្រុង​យ៉ាំង​ហ្គូន។

រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​​គណនី​របស់​លោក Thaung Tun​ សរសេរ​​ជា​ភាសា​អង់គ្លេសថា «Social distancing in practice! Hats off to Kalaw authorities and people» ដែល​អាច​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ការ​អនុវត្ត​នូវ​វិធានការ​រក្សា​គម្លាត! សូម​គោរព​កោត​សសើរ​​អាជ្ញាធរ និង​ប្រជាជន Kalaw»។

Twitter Post | Archived Link

ទិដ្ឋភាព​ផ្សារ​មួយ​នេះ ក៏​ត្រូវ​បាន​​សារព័ត៌មាន ABS-CBN របស់​ប្រទេស​ហ្វីលីពីន បង្ហោះ​នៅ​លើ​ទំព័រ​ Twitter របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពីទំព័រ​ Twitter នៃ​សារ​ព័ត៌មាន ABS-CBN រៀបរាប់​ថា «សូម​មើល! អាជីវករ និង​អ្នក​ទិញ អនុវត្ត​គម្លាត​សង្ម​នៅ​ផ្សារ​សាធារណៈ​មួយ​នៅ​មីយ៉ាន់ម៉ា»។

Twitter នៃ​សារ​ព័ត៌មាន ABS-CBN រៀបរាប់​បន្តថា​ «គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០ មីយ៉ាន់ម៉ា​រក​ឃើញ​មនុស្ស ១១​១​នាក់ បាន​ឆ្លង​មេរោគ​កូវីដ​១៩ ក្នុង​នោះអ្នក​ជំងឺ ៧​នាក់ បាន​ជា​សះ​ស្បើយ​វិញ ហើយ​ជំងឺ ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត»។

Twitter Post | Archived Link

រូបថត​នៃ​ទិដ្ឋភាព​ផ្សារ​ដ៏​រៀបរយ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២០ ដោយ​មាន​ចំណង​ជើង​ថា​«អ្នក​និយម​លេង​តាម​បណ្តាញ​សង្គម​អបអរសាទរ​ប្រទេស​ មីយ៉ាន់ម៉ា​ចំពោះ​ការ​រក្សា​គម្លាត​នៅ​ក្នុង​ទីផ្សារ​»។ 

រូបភាព​ផ្ដាម​ចេញ​ពីការ​ផ្សាយ​របស់​​សារ​ព័ត៌មាន The Nation Thailand សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Facebook user Jain Weraphong’s post of a fresh market in Myanmar employing the social distancing practice has come in for praise.» ឬ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «រូបថត​ផ្សារ​ដ៏​ស្រស់​ស្អាត​​មួយ​នៅ​មីយ៉ានម៉ា​ដែល​បង្ហាញ​នូវ​ការ​រក្សា​គម្លាត ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក Jain Weraphong នោះ ទទួល​បាន​នូវ​ការ​កោត​សរសើរ»។

សារព័ត៌មាន​ថៃ​ដដែល​នេះ រៀបរាប់​បន្ត​ថា «Pictures show the ground marked with paint to separate each seller as well as allow space for shoppers to safely browse products while maintaining a distance of 1-2 metres as suggested by the World Health Organisation.» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា «រូបថត​បង្ហាញ​ផ្ទៃ​ដី​ត្រូវ​បាន​គូស​ជា​មួយ​គំនូស​ស​ដើម្បី​បែង​ចែក​អាជីវករ​ម្នាក់ ព្រម​ទាំង​​ជួយ​រក្សា​គម្លាត​សម្រាប់​អ្នក​ដើរ​ផ្សារ​ដើម្បី​រក​ទិញ​ផលិត​ផល ខណៈ​រក្សា​គម្លាត​ចន្លោះ​ពី ១​ម៉ែត្រ ទៅ ២​ម៉ែត្រ​ពី​គ្នា ទៅ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក»។

The Nation | Thailand | Archived Link 

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​អះ​អាង​ថា​ជា​ទិដ្ឋភាព ផ្សារ​សិរី​សោ​ភ័ណ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ រូបថត​នេះ បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​រក្សា​គម្លាត​របស់​អាជីវករ​នៅ​ផ្សារ​មួយ​ស្ថិត​ក្នុង​ទីប្រជុំ​ជន Kalaw ស្ថិត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​មេសា ឆ្នាំ​២០២០។

Avatar

Title:Fact Check: រូបថត​បង្ហាញ​ទិដ្ឋភាព​​រក្សា​គម្លាត​នៅ​​ទីផ្សារ​មួយ​​​នៅ​​មីយ៉ាន់ម៉ា មិន​មែន​នៅ​ក្រុង​សិរីសោភ័ណ​ទេ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *