
នាពេលថ្មីៗនេះប្រទេសចិន បានរងនូវការប៉ះពាល់យ៉ាងខ្លាំងទៅដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ ដែលបណ្ដាលឱ្យមានមនុស្សជាច្រើននាក់បានស្លាប់ មនុស្សមួយចំនួនបាត់ខ្លួន មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។
ក្នុងចំណោមនេះ មានទំព័រហ្វេសប៊ុកនៅកម្ពុជាមួយ បានបង្ហោះវីដេអូឃ្លីប ដោយអះអាងថា ជាទិដ្ឋភាពទឹកជំនន់នៅប្រទេសចិនថ្មីៗ ដែលកំពុងជន់លិចក្នុងផ្សារទំនើប។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា វីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ថ្មីៗកន្លងទៅនេះ មានទំព័រហ្វេសប៊ុក មើលកំសាន្ត បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពទឹកជំនន់នៅក្នុងផ្សារទំនើបមួយកន្លែងដែលបានភ្ជាប់ និងអះអាងថានោះ គឺបានកើតឡើងនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ។
ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ពេលវេលា និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃវីដេអូឃ្លីបនោះឡើយ។
វីដេអូនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដង រួមជាមួយនឹងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «រន្ធត់ណាស់ព្រះអើយ! ទិដ្ឋភាពទឹកជំនន់នៅប្រទេសចិន ដែលកំពុងជន់លិចក្នុងផ្សារទំនើប»។
ហេតុការណ៍ខាងលើនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ចែកចាយបន្តផងដែរទៅក្នុងក្រុម ព័ត៌មានសង្គមថ្មីៗ-Social Fresh News កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានការបញេ្ចញប្រតិកម្ម និងមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ជុំវិញវីដេអូឃ្លីបមួយនេះ។
រូបភាពផ្តាមចេញពីក្រុមហ្វេសប៊ុក ព័ត៌មានសង្គមថ្មីៗ-Social Fresh News បង្ហាញអំពីទិដ្ឋភាពទឹកជន់លិចនៅក្នុងផ្សារទំនើបរបស់ចិន។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើហេតុការណ៍មួយនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសារវីដេអូឃ្លីបនៃច្បាប់ដើមមួយចំនួន។
តាមរយៈគេហទំព័រសារព័ត៌មាន Daily Mail របស់ប្រទេសអង់គ្លេស ដែលផ្សព្វផ្សាយអំពីទិដ្ឋភាពមហន្តរាយដោយទឹកជំនន់នៅក្នុងផ្សារទំនើបនេះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានបញ្ជាក់ថាវីដេអូឃ្លីបនៃហេតុការណ៍គ្រោះទឹកជន់លិចនៅក្នុងផ្សារនេះ គឺកើតឡើងនៅក្នុងផ្សារទំនើបជីនហ្សា ទីក្រុងជីណានតាំងពីឆ្នាំ២០០៧មកម្ល៉េះ។
រូបភាពផ្តាមចេញពិីគេហទំព័រសារព័ត៌មាន ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Gushing waters tore through Ginza shopping centre in Jinan in 2007» ឬប្រែជាភាសាខ្មែរថា «ទឹកជំនន់ហូរកាត់តាមមជ្ឈមណ្ឌលផ្សារលក់ទំនិញជីនហ្សានៅជីណានក្នុងឆ្នាំ២០០៧»។
Daily Mail’s Report | Archived Link
នៅក្នុងសេចក្តីរាយការណ៍មួយរបស់គេហទំព័រ Mirror កាលពីឆ្នាំ២០១៦កន្លងទៅ បានបង្ហាញនូវទិដ្ឋភាពទឹកជំនន់ជន់លិចនៅក្នុងផ្សារទំនើបដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងទៅនឹងវីដេអូឃ្លីបបង្ហោះដោយទំព័រហ្វេសប៊ុកកម្ពុជាថ្មីៗនេះ។ ផ្សារទំនើបនេះ ត្រូវបានគេស្គាល់ឈ្មោះថាជាមជ្ឈមណ្ឌលផ្សារលក់ទំនិញជីនហ្សាក្នុងទីក្រុងជីណាន ប្រទេសចិន។
រូបភាពផ្តាមចេញពិីគេហទំព័រដែលបានបង្ហាញរូបថតទឺកជន់លិចនៅក្នុងផ្សារទំនើបក្រោមដីរបស់ប្រទេសចិន។
រូបភាពផ្តាមចេញពិីគេហទំព័រដែលបានសរសេរបញ្ជាក់ជាភាសាអង់គ្លេសថា «Heavy rain caused a massive flood in a shopping mall with the resultant river caught on camera. Workers and shoppers can be seen watching helplessly as the torrents pour through the retail floor in Ginza shopping centre in Jinan, China» ឬប្រែជាភាសាខ្មែរថា «ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅក្នុងផ្សារទំនើបមួយត្រូវបានគេថតបាន។ កម្មករ និងអ្នកដើរទិញឥវ៉ាន់ ត្រូវបានឈរមើលនៅពេលដែលទឹកភ្លៀងហូរកាត់ជាន់លក់រាយនៅក្នុងផ្សារទំនើបជីនហ្សា ក្នុងទីក្រុងជីណាន ប្រទេសចិន»។
Mirror’s Report | Archived Link
គ្រោះមហន្តរាយទឹកជំនន់នៅក្នុងទីក្រុងជីណាន ប្រទេសចិនកាលពីឆ្នាំ២០០៧នេះ ក៏បានផ្សព្វផ្សាយ និងធ្វើសេចក្តីរាយការណ៍នៅក្នុងគេហទំព័រសារព័ត៌មាន MINEWS ផងដែរ ដែលបានបញ្ជាក់ថាគ្រោះមហន្តរាយនេះ បានធ្វើឲ្យមានមនុស្សប្រមាណ៣៤នាក់បានបាត់បង់ជីវិត និងជាច្រើនសែននាក់បានរងផលប៉ះពាល់។
រូបភាពផ្តាមចេញពិីគេហទំព័រសារព័ត៌មានបានរៀបរាប់ជាភាសាអង់គ្លេសថា «Looking back on the heavy rain disaster in Jinan in 2007, the moat inverted, 34 people were killed and about 330,000 people were affected» ឬប្រែជាភាសាខ្មែរថា «ក្រឡេកទៅមើលគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំងនៅជីណានក្នុងឆ្នាំ២០០៧ ដែលបានសម្លាប់មនុស្ស ៣៤នាក់ និងប្រហែល ៣៣០ ០០០នាក់ ត្រូវបានរងផលប៉ះពាល់»។
MINEWS’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា វីដេអូឃ្លីបដែលត្រូវបានបង្ហោះ និងអះអាងដូចរៀបរាប់ខាងលើនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ វីដេអូឃ្លីបមួយនេះ មិនមែនជាទិដ្ឋភាពមហន្តរាយដោយទឹកជំនន់វាយប្រហារខេត្តហឹណាន (Henan) នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះនោះឡើយ។ ការពិតវីដេអូឃ្លីបនោះគឺត្រូវបានរកឃើញ និងកើតឡើងតាំងពីឆ្នាំ២០០៧មកម្ល៉េះនៅក្នុងផ្សារទំនើបជីនហ្សា ក្នុងទីក្រុងជីណាន ប្រទេសចិន។

Title:តើវីដេអូនេះជាទិដ្ឋភាពគ្រោះមហន្តរាយទឹកជំនន់នៅចិនក្នុងឆ្នាំ២០២១នេះមែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading
