
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានមតិមួយចំនួនផ្គូរផ្គង់ថាជាអនាគតមេដឹកនាំបន្តវេនពីឪពុករបស់លោក បន្ទាប់ពីលោកត្រូវបានតែងតាំងឱ្យកាន់តំណែងសំខាន់នៅក្នុងជួរកងទ័ព និងក្នុងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។
ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានរងការចោទថា មិនមែនជាកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន នោះឡើយ ហើយថា ជាកូនប្រុសរបស់លោក ឡេ ឌឹកថូ មេដឹកនាំមួយរូបរបស់វៀតណាម និងអ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ។
ក្នុងនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានចែករំលែកនូវរូបថតលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងក្រុមបណ្ដាញសង្គមមួយ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាយួន (វៀតណាម)។
រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងរួមជាមួយការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «អាហ៊ុន ម៉ាណែត គឺជាយួន ពលរដ្ឋខ្មែរមិនត្រូវការអាយួននេះមកដឹកនាំប្រទេសកម្ពុជាទេ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនេះ បានចែករំលែករូបថតនេះពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលបានបង្ហោះរូបថតរួមជាមួយសំណេរលើរូបថតតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងមក។
សំណេរនៅលើរូបថតដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត បានអះអាងថា «អានេះកូនយួន វាបំណងសម្លាប់តែជាតិខ្មែរយើង»។
ការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ជិត ៤០០ដង និងមានការបញ្ចេញមតិចម្រុះផងដែរ។
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ដែលបានបញ្ចេញប្រតិកម្មទៅនឹងការចោទប្រកាន់បែបនេះទៅលើកូនប្រុសរបស់លោកជាច្រើនដងមកហើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលនូវការអះអាងទាំងឡាយណាថា កូនប្រុសច្បងរបស់លោក មិនមែនជាកូនបង្កើតរបស់លោក។
លោក ហ៊ុន សែន ថ្លែងទៀតថា មិនត្រឹមតែកូនប្រុសច្បងរបស់លោកទេ សូម្បីតែភរិយារបស់លោក ក៏ត្រូវបានគេវាយប្រហារថា ជាភរិយារបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ឌឹកថូ ផងដែរ។
លោក ហ៊ុន សែន ចាត់ទុកការអះអះអាងបែបនេះថា ជាអំពើថោកទាប និងជាការប្រមាថចំពោះក្រុមគ្រួសាររបស់លោក ដែលលោកមិនអាចអត់ឱនឱ្យបាននោះឡើយចំពោះអ្នកប្រមាថក្រុមគ្រួសាររបស់លោក។
The Cambodia Daily | Archived Link
ប្រហែលជា ៣ខែក្រោយមក លោក ហ៊ុន សែន បានស្នើទៅលោក William A. Heidt ដែលជាអគ្គរដ្ឋអាមេរិកនាឆ្នាំនោះ ឱ្យចាត់វិធានការទៅលើពលរដ្ឋខ្មែរអាមេរិកម្នាក់ដែលរស់នៅលើទឹកដីអាមេរិក ហើយចោទថា កូនប្រុសច្បងរបស់លោក គឺជាកូនអ្នកស្រី ប៊ុន រ៉ានី ជាមួយនឹងអតីតមេបញ្ជាការកងទ័ពវៀតណាម លោក ឡេ ឌឹកថូ (Le Duc Tho)។
Fact Crescendo Cambodia រកឃើញទៀតថា មិនត្រឹមតែលោក ហ៊ុន ម៉ាណែត ទេ សូម្បីតែអ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក ហ៊ុន សែន និងជាម្ដាយបង្កើតរបស់លោក ហ៊ុន ម៉ាណែត ផងនោះ ក៏ត្រូវបានចោទថា ជាភរិយារបស់លោក ឡេ ឌឹកថូ ផងដែរ។
កាលពីខែមេសាកន្លងមកនេះ Fact Crescendo Cambodia បានរកឃើញរូបថតមួយសន្លឹក ត្រូវបានកាត់ត ដោយបង្ហាញអ្នកស្រី ប៊ុន រ៉ានី ថតជាមួយលោក ឡេ ឌឹកថ។ ប៉ុន្តែ រូបថតច្បាប់ដើម បង្ហាញអ្នកស្រី ប៊ុន រ៉ានី ថតរូបរួមជាមួយស្វាមីរបស់គាត់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

Title:តើលោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុសលោក ហ៊ុន សែន មែនឬទេ?
Fact Check By: Jay UdomResult: Explainer
