ថ្មី​ៗ​នេះ​ មាន​ការ​ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​ ដែល​អះអាង​ថា​ អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ បាន​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 តាំង​ពី​នៅ​ឆ្នាំ​១៩៨០​។ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​មនុស្ស​ប្រុស​ម្នាក់​ កាន់​ទូរស័ព្ទ​ដែល​មាន​ទម្រង់​ដូច​ទៅ​នឹង​ទូរស័ព្ទ​ម៉ាក​ iPhone 13។​ វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​ បុរស​ម្នាក់​នោះ​ គឺ​ជា​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ បាន​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 ​នៅ​ឆ្នាំ​១៩៨០​។

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​បាន​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 ​នៅ​ឆ្នាំ​១៩៨០​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ការ​អះអាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ផង​ដែរ​ នៅ​លើ​បណ្ដាញ​សង្គម​ TikTok កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​ចំនួន​អ្នក​ចែក​ចាយ​ជា​ច្រើន​ដង​។​

@sirbraddeayala

Is time travel real? Or video is just a hoax? 😲😲😲

♬ Suspense, horror, piano and music box - takaya

TikTok Post | Archived Link

វីដេអូ​ឃ្លីប​ដូច​គ្នា​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ X (Twitter) ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។​

X Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

វីដេអូ​ឃ្លីប​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ វីដែអូ​ឃ្លីប​ខាង​លើ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ព័ត៌មាន​បន្ថែម​ថា​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​​​ផ្នែក​មួយ​នៃ​ឈុត​ក្នុង​រឿង​ភាគ​ជប៉ុន​ “The Woman Who Knew Too Much” ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ដែល​បាន​សរសេរ​ជា​ភាសា​ជប៉ុន​ថា​ «この動画は2023年6月に制作されたもので、フィクションです。実際の人物・地名・団体・事件等とは一切関係ありません» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «វីដេអូ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៣​ ហើយ​ជា​ស្នាដៃ​ប្រឌិត​តែ​ប៉ុណ្ណោះ​។​ វា​មិន​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ពិត​ប្រាកដ​ ឈ្មោះ​ទីកន្លែង​ អង្គការ​ ឧប្បត្តិហេតុនោះ​ឡើយ​»។​

YouTube Link | Archived Link

ករណី​វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ដោយ​គេហទំព័រ​ Factly ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​នេះ​ ដោយ​បាន​រក​ឃើញ​ថា​ ព័ត៌មាន​ដែល​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ ​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 ​នៅ​ឆ្នាំ​១៩៨០នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ទិដ្ឋភាព​នោះ​ គឺ​គ្រាន់​តែ​ជា​​ផ្នែក​មួយ​នៃ​ឈុត​ក្នុង​រឿង​ភាគ​ជប៉ុន​ “The Woman Who Knew Too Much” ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

Factly News Report | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយនេះ​ ពុំ​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​ បាន​បញ្ជាក់​ថា​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​បាន​រក​ឃើញ​ទូរស័ព្ទ​ម៉ាក​ iPhone 13 ​នៅ​ឆ្នាំ​១៩៨០នោះ​ឡើយ​។​ ដោយ​ឡែក​ចំណែក​ទូរ​ស័ព្ទ​ម៉ាក​ iPhone 13 យើង​រក​ឃើញ​ថា​ គឺ​ជា​ប្រភេទ​ស្មាត​ហ្វូន​ដែល​រចនា​ និង​ដាក់​លក់​ដោយ​ក្រុម​ហ៊ុន​ Apple។​ ពួក​គេ​គឺ​ជា ​iPhone ជំនាន់​ទី​១៥​ (បន្ត​បន្ទាប់​ iPhone 12 និង​ iPhone 12 Mini)​។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ឈុត​ក្នុង​រឿង​ភាគ​ជប៉ុន​ “The Woman Who Knew Too Much” ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

Avatar

Title:អ្នក​កាសែត​ជប៉ុន​​រក​ឃើញ​ទូរស័ព្ទ​​ iPhone 13 ​ជាង​៤០​ឆ្នាំ​មុន តើ​ជា​ការ​ពិត​ទេ?

Fact Check By: Kakada Sim

Result: Misleading