
ខណៈពេលដែលបុណ្យ Christmas ឬបុណ្យណូអែល ត្រូវបានប្រារព្ធនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនទៀតនោះ រូបថត និងវីដេអូឃ្លីបជាច្រើនដែលបង្ហាញអំពីការប្រារព្ធពិធីបុណ្យគ្រិស្តសាសនាមួយនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងផុសផុលនាពេលថ្មីៗនេះ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្រុមមេដឹកនាំខ្មែរក្រហមជាច្រើនរូប ឈរពាក់មួកអមដោយដើមឈើតំណាងបុណ្យណូអែលនោះ។ ប៉ុស្តិ៍នេះ ត្រូវបានចែកចាយជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យណូអែលពីសំណាក់ក្រុមមេដឹកនាំខ្មែរក្រហម។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់ អំពីទិដ្ឋភាពនៃរូបថតមួយនោះទេ។ រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនពាន់ដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក បានសរសេររៀបរាប់ថា «Merry Christmas ចង់បានអីចាំអង្គការរៀបចំជូន»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែល ក៏បានបញ្ជាក់អំពីទីតាំង និងអត្តសញ្ញាណនៃមេដឹកនាំខ្មែរក្រហមផងដែរ។
រូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Cambodia: Khmer Rouge Leadership. Left to right: Pol Pot, Nuon Chea, Ieng Sary, Son Sen and Vorn Vet with senior cadre, probably at Pochentong Airport c. 1977. Khmer Rouge Leadership: Pol Pot = Brother No 1, Nuon Chea = Brother No 2, Ieng Sary = Brother No 3. Son Sen, Vorn Vet»។
ឃ្លាភាសាអង់គ្លេសនេះ អាចប្រែសម្រួលជាភាសាខ្មែរមានន័យថា «ប្រទេសកម្ពុជា៖ ក្បាលម៉ាស៊ីនដឹកនាំខ្មែរក្រហម។ រាប់ពីឆ្វេងទៅស្តាំ មាន ប៉ុល ពត, នួន ជា, អៀង សារី, សុន សេន, និង វ៉ន វ៉េត ជាមួយកម្មាភិបាលជាន់ខ្ពស់ នៅព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងឆ្នាំ១៩៧៧ របបដឹកនាំខ្មែរក្រហម។ ប៉ុល ពត ត្រូវបានគេស្គាល់ថាជាបងទី១, នួន ជា ស្គាល់ថាជាបងទី២, អៀង សារី ជាបងទី៣»។


រូបថតមួយសន្លឹកនេះ ក៏ត្រូវបានផ្សព្វផ្សាយផងដែរនៅក្នុងគេហទំព័រសារព័ត៌មាន VOA Cambodia កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញទិដ្ឋភាពរបស់ អតីតមេដឹកនាំខ្មែរក្រហមបានជួបជុំគ្នាប្រារព្ធបុណ្យណូអែលនោះទេ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន បានសរសេររៀបរាប់ជាភាសាអង់គ្លេសមានន័យថា «មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា។ រូបថតនេះ ត្រូវបានថតដោយអ្នកថតរូបខ្មែរក្រហម (មិនស្គាល់ឈ្មោះ) នៅឯអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលឯកសារកម្ពុជា»។

VOA Cambodia Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ គឺពិតជាមិនត្រឹមត្រូវឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពរបស់អតីតមេដឹកនាំខ្មែរក្រហម បានជួបជុំគ្នាប្រារព្ធបុណ្យណូអែលនោះទេ។ វាត្រូវបានថតឡើងនៅក្នុងអំឡុងឆ្នាំ១៩៧៧ នៅឯអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ។

Title:រូបថតមេដឹកនាំខ្មែរក្រហមប្រារព្ធបុណ្យណូអែល គឺជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
