រូបភាពផ្ទាំង​បដា​ពិធី​ចុះ​ហត្ថលេខ​ផ្ដល់​កម្ចី​ឥណទាន​មួយ​ត្រូវ​បាន​កាត់​​​ឱ្យ​ខុស​ពី​រូបថត​ដើម

Altered Political

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​អធិបតី​នៃ​ពិធី​ចុះ​​ហត្ថលេខា​លើ​ឯកសារ​ផ្ដល់​កម្ចី​ដែល​កូរ៉េ​ខាង​ត្បូង​ផ្ដល់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ស្រាប់​តែ​មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពិធី​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​កម្ចី​ដល់​ទៅ​ជាង ២​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ពីរ​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាពលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ចូល​រួម​នៅ​ក្នុង​កម្មវិធី​ខ្ជី​លុយ​ជាង​ ២ពាន់​លាន​ដុល្លារ​ពី​សាធារណរដ្ឋ​កូរ៉េ​។​

ការ​បង្ហោះ​នេះ​ ភ្ជាប់​ដោយ​ការ​សរសេរ​រៀប​រាប់​ថា​ «ទើប​ខ្ជី​គេ​បាន​ ២០០០​លាន​ដុល្លារ​ ភ័យ​អី​ចំណាយ​លើ​ការ​រៀប​ចំ​កម្មវិធី​ និង​ឲ្យ​លុយ​មនុស្ស​ប៉ុណ្ណឹងនាក់​​នោះ​»​។​

​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

រូប​ថត​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ផ្ទាំង​បដា​ សរសេរ​អះអាង​ថា​ «ពិធី​ខ្ជី​លុយ​ជាង​ ២០០០​លាន​ដុល្លារ​» នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សម្តេ​ចតេជោ​ ហ៊ុន សែន​ អញ្ជើញ​ជា​អធិបតី​ក្នុ​ងពិ​ធីចុះ​ហត្ថលេខា​ប្រគល់ និងទទួលប្រាក់កម្ចីពីកូរ៉េខាងត្បូង​ ១.៥​ពាន់លា​នដុល្លារ​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ច្បាប់​ដើម​ដែល​បាន​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចូល​រួម​ក្នុង​កម្មវិធី​ចុះ​ហត្ថ​លេខារវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ខាង​ក្រោម​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់​ និង​ទទួល​ប្រាក់​កម្ចី​ពី​សាធារណរដ្ឋ​​កូរ៉េ​​ ដែល​មាន​ផ្ទាំង​បដា​សរសេរ​ត្រឹម​តែ​ «ពិធី​ចុះ​ហត្ថលេខា​» ប៉ុណ្ណោះ​។​

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​រូប​ថត​ និង​ការ​លើក​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់​ និងទទួលប្រាក់កម្ចីពីសាធារណរដ្ឋ​កូរ៉េ​​ ដែល​មាន​ផ្ទាំង​បដា​សរសេរ​ត្រឹម​តែ​ «ពិធី​ចុះ​ហត្ថលេខា​» ប៉ុណ្ណោះ​។​

Avatar

Title:រូបភាពផ្ទាំង​បដា​ពិធី​ចុះ​ហត្ថលេខ​ផ្ដល់​កម្ចី​ឥណទាន​មួយ​ត្រូវ​បាន​កាត់​​​ឱ្យ​ខុស​ពី​រូបថត​ដើម

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *