
បច្ចុប្បន្នភពផែនដីរបស់យើង មិនខ្វះទេទីកន្លែងដែលស្រស់ស្អាត និងមិនគួរឲ្យជឿជាច្រើន នៅតាមបណ្តាប្រទេសទាំងឡាយពាសពេញពិភពលោក មិនថាជាស្នាដៃរបស់មនុស្សជាតិ ឬកកើតឡើងដោយធម្មជាតិនោះទេ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញនូវទេសភាពដងផ្លូវស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ត្រូវបានបង្ហោះឡើងនៅលើបណ្តាញសង្គមកម្ពុជា។ រូបថតនេះត្រូវបានភ្ជាប់ដោយការសរសេរអះអាងថា ស្ថិតនៅក្នុងខេត្តកំពត ដោយបានធ្វើឲ្យអ្នកប្រើប្រាស់ហាក់គិតថា រូបនេះគឺពិតជាមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជាយើង។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពផ្លូវស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ និងបានអះអាងថាស្ថិតនៅក្នុងខេត្តកំពត ប្រទេសកម្ពុជា។ ខេត្តកំពត គឺជា ខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ ១៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃផងដែរ។
រូបថតមួយសន្លឹកនេះ អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ហាក់បានគិតថានេះគឺមានទីតាំងស្ថិតនៅក្នុង ប្រទេសកម្ពុជាយើង ដោយមានការបញ្ចេញមតិ និងចែកចាយតៗគ្នាជាច្រើនដង។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «កំពត កំពូលដួងចិត្ត»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គម Twitter កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។ រូបថតនេះ ត្រូវបានថត និងបង្ហោះដោយលោក Prudhvi Chowdary ដែលជាអ្នកថតរូបទេសភាព និងទេសចរណ៍ម្នាក់។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Maravanthe Beach, Kundapura.The Incredible West Coast of India» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ឆ្នេរម៉ារ៉ាវ៉ាន់ថា (Maravanthe Beach) កុន្ដាពូរា (Kundapura) ឆ្នេរដ៏ស្រស់ស្អាតភាគខាងលិចរបស់ប្រទេសឥណ្ឌា»។
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មានអន្តរជាតិ India Times ផ្សព្វផ្សាយកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ក៏បានបង្ហាញរូបថតទេសភាពដងផ្លូវស្របនឹងឆ្នេរសមុទ្រមួយនេះផងដែរ។ គេហទំព័រដដែលនេះ មិនបានបញ្ជាក់នូវទេសភាពដងផ្លូវស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ ថាមានទីតាំងស្ថិតនៅក្នុងខេត្តកំពត ប្រទេសកម្ពុជានោះឡើយ។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន India Times ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «A unique SUV to a special destination – the Maravanthe Beach» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពរថយន្ត SUV នៅឆ្នេរម៉ារ៉ាវ៉ាន់ថា»។
India Times Link | Archived Link
ក្រុមការងារ Fact Crescendo Cambodia ក៏បានរកឃើញទីតាំងនៃផ្លូវមួយនេះផងដែរនៅលើគេហទំព័រ Google Earth។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រ Google Earth បានបង្ហាញទីតាំងរបស់ទិដ្ឋភាពដងផ្លូវស្របមាត់ឆ្នេរម៉ារ៉ាវ៉ាន់ថា (Maravanthe Beach Road) ប្រទេសឥណ្ឌា។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតមួយសន្លឹកដែលបង្ហាញនូវទេសភាពដងផ្លូវ ស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ ពុំមានទីតាំងស្ថិតនៅក្នុងខេត្តកំពត ប្រទេសកម្ពុជានោះឡើយ។ ការពិតរូបថតនេះ ត្រូវបានថតដោយលោក Prudhvi Chowdary និងត្រូវបានគេស្គាល់ទីតាំងនៃទីកន្លែងនេះ គឺស្ថិតនៅផ្លូវឆ្នេរម៉ារ៉ាវ៉ាន់ថា (Maravanthe Beach Road) នៅក្នុងប្រទេសឥណ្ឌា។

Title:តើពិតទេដែលផ្លូវអមឆ្នេរសមុទ្រមួយនេះស្ថិតនៅក្នុងខេត្តកំពត ប្រទេសកម្ពុជា?
Fact Check By: Kakada SimResult: Misleading
