Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

Altered International

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។

ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​ចោទ​សួរ​ថា តើ​មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន ឬ​ក៏​យ៉ាងណា។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ គឺ​ជា​ស្ថានភាព​នៃ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​នៅ​ពេល​នេះ? បើ​ពិត​មែន​នោះ សូម​ចូលរួម​អបអរ​សាទរ​រីក​រាយ​ជាមួយ​ប្រជាជន​ភូមា…​ពី​ចម្ងាយ​ផង»។

Facebook Post | Archived Link

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google Reverse Image ដែល​នាំ​ឱ្យ​យើង​ឈាន​ទៅ​ប្រទះ​ឃើញ​រូបថត​ដើម និង​ព័ត៌មាន​លម្អិតនៃ​រូបថត​នេះ​ទាំង​ស្រុង។

រូបថត​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន New York Times ចុះ​ផ្សាយ​កាល​ពីថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ពោល​គឺ​ជាង ២​ឆ្នាំ​មុន​រដ្ឋ​ប្រហារ​យោធា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា។

រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​បុរស​ម្នាក់ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ក្រៀក​ជាប់​ ដើម្បី​ឡើង​សវនការ​ដ៏​ធំ​មួយ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៦។

ខ្លឹមសារ​រូបថត​មួយ​សន្លឹក​នេះ សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Turkish soldiers accused of involvement in an attempted coup in 2016 arriving at court inside the Sincan Prison in Ankara in 2017» ឬ​អាច​ប្រែ​មស្រួល​ជា​ភាសា​ខ្មែរ​ថា «ក្រុម​ទាហាន​តួកគី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន​់ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង់​ធ្វើ​រដ្ឋប្រហារនៅ​ឆ្នាំ​២០១៦​កន្លង​មក បាន​ធ្វើ​ដំណើរ​ទៅ​ដល់​បរិវេណ​​ខាង​ក្នុង​របស់​តុលាការ»

New York Times | Archived Link

ក្នុង​អត្ថបទ​មួយ​របស់​ខ្លួន សារព័ត៌មាន New Light of Myanmar បាន​ចុះ​​ផ្សាយ​ជាមួយ​ផង​ដែរ​នូវ​រូបថត​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ដែល​បាន​ថត​រូប​ជាមួយ​ក្រុម​មន្ត្រី​ប្រេសិត​ពិសេស​របស់​អាស៊ាន​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ។

New Light of Myanmar | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង មិន​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ចាប់​ខ្លួន​ដូច​រូបថត​នោះ​ឡើយ។ រូបថត​ដើម បង្ហាញ​មន្ត្រី​យោធា​តួកគី ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៦ ត្រូវ​បាន​នាំ​ឡើង​តុលាការ​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ Sincan ស្ថិត​នៅ​ទីក្រុង​​អង់ការ៉ា កាល​ពី​ឆ្នាំ​២០១៧។

Avatar

Title:គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *