ការ​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ក្រុមហ៊ុន Samsung នៅ​កម្ពុជា លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​សម្បើម​សម្រាប់​ការ​បញ្ជា​ទិញ​តាម​អនឡាញ។ ការ​ផ្សព្វផ្សាយ​នេះ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​ផ្សព្វផ្សាយ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ បាន​ប្រកាស​ថា ក្រុមហ៊ុន Samsung Eletronics បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​​រហូត​ដល់​ជិត ៨០​ភាគរយ​សម្រាប់​នាឡិកា​ឆ្លាត​វៃ Galaxy Watch 6។

ការ​ផ្សព្វផ្សាយ​ដដែល​នេះ បាន​ប្រកាស​បន្ថែម​ថា ការ​បញ្ចុះ​តម្លៃ​នាឡិកា​ឆ្លាតវៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ខួប ៥៥​ឆ្នាំ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ និង​ខួប ១៣​ឆ្នាំ​នៃ​ការ​ឈាន​ជើង​របស់​ក្រុមហ៊ុន​នេះ​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា។

ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយលើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ថា “On the occasion of the 55th anniversary of the establishment of the SamSung brand 1969 - 2024 in Korea and the 13th anniversary of the establishment of the Samsung Service Electronic Cambodia empire. We would like to sincerely thank everyone who has supported us over the past time with a lucky draw program with the opportunity to receive a discount coupon of up to 78% for the best-selling smartwatch product line in 2023 - SamSung Galaxy Watch6. Thank you for always accompanying us in using Samsung products over the past time.” ។

Facebook Post | Archived

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ខាង​លើ​ហើយ ការ​ផ្សព្វផ្សាយ​មួយ​ទៀត​ជាភាសា​ខ្មែរ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ ដោយ​ប្រកាស​ថា ក្រុមហ៊ុន Samsung Cambodia បញ្ចុះ​តម្លៃ​ ៧០​ភាគរយ​ដល់​អតិថិជន ២០០​នាក់​ដំបូង​សម្រាប់​ការបញ្ជា​ទិញ​កាស​ស្ដាប់ Samsung Galaxy Buds 2 Pro។

ការ​ឃោសនា​នេះ បាន​តម្រូវ​ឱ្យ​អតិថិជន​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​នេះ ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ឃោសនា​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “ប្រូម៉ូសិន​ពិសេស​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០%!!! Samsung Cambodia ប្រារព្ធ​ខួប​លើក​ទី​២ នៃ​ការ​បើក​ដំណើរការ​របស់​ខ្លួន។ ដើម្បី​រំលឹក​ដំណើរ​អតីតកាល និង​ថ្លែង​អំណរ​គុណ​ដល់​ដៃ​គូ​សហការ​របស់​អតិថិជន​ដែល​តែង​តែ​គាំ​ទ្រ Samsung។ យើង​ផ្ដល់​ជូន​អតិថិជន ២០០​នាក់​ដំបូង​នូវ​ការ​បញ្ចុះ​តម្លៃ ៧០% លើ​ខ្សែ​ផលិត​ផល​ដ៏​ល្បីល្បាញ Samsung Galaxy Buds 2 Pro []”។

Facebook Post | Archived Link

ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសា​ភូមា​ផង​ដែរ ដោយ​ប្រកាស​ថា នាឡិកា​ដៃ​ឆ្លាត​វៃ Samsung Watch 5 ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០​ភាគរយ។

ការ​ឃោសនា​នេះ បាន​និយាយ​ថា ការ​បញ្ចុះ​តម្លៃ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អតិថិជន​ដែល​បញ្ជា​ទិញ​តាម​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម។

Facebook Post | Archived Link

ក្រៅ​ពី​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ហើយ​នោះ ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​​លើ​ការ​ផ្សព្វផ្សាយ​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Samsung Electronics ឬ​តំណាង​ក្រុមហ៊ុន​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ជា​ដំបូង យើង​បាន​រក​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក​ទាំង​នេះ មិន​ជាប់​ពាក់​ព័ន្ធ​អ្វី​ទាំង​អស់​នឹង​ក្រុមហ៊ុន Samsung របស់​កូរ៉េ​ខាង​ត្បូង ឬ​ជា​ទំព័រ​ហ្វេសប៊ុក​​ផ្លូវការ​របស់​ក្រុមហ៊ុន​ណា​មួយ​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ និង​លក់​រាយ​ផលិត​ផល​របស់​ក្រុមហ៊ុន Samsung នោះ​ឡើយ។

ទំព័រ​ហ្វេសប៊ុក Samsung Cambodia មាន​អ្នក​តាម​ដាន​ត្រឹម​តែ ១០​គណនី​ហ្វេសប៊ុក​ប៉ុណ្ណោះ ហើយ​វា​ទើប​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ​ប៉ុណ្ណោះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​តាម​ដាន​រហូត​ដល់ ១៦១​លាន​គណនី​ហ្វេសប៊ុក ហើយ​មាន​គំនូស​សញ្ញា​ពណ៌​ខៀវ​ដែល​បញ្ជាក់​ដោយ​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម Facebook។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Samsung យើង​រក​ពុំ​ឃើញ​សោះ​នូវ​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់​ជិត ៨០​ភាគរយ​សម្រាប់​នាឡិកា​ដៃ​ឆ្លាត​វៃ​នោះ។

សម្រាប់​ទីផ្សារ​សកល ក្រុមហ៊ុន​ Samsung មាន​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ឈ្មោះ​ថា Samsung Electronics ហើយ​យើង​រក​ពុំ​ឃើញ​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដូច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មិន​ផ្លូវការ​នោះ​ឡើយ។

មួយ​វិញ​ទៀត តំណ​ភ្ជាប់​ដែល​បង្ហោះ​មក​ជាមួយ​ការ​ផ្សព្វផ្សាយ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ក៏​មិន​មែន​ជា​គេហទំព័រ​ផ្លូវការ​​របស់​ក្រុមហ៊ុន Samsung Electronics ឬ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផលិត​ផល​ Samsung នៅ​កម្ពុជា​នោះ​ឡើយ។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ក្រុមហ៊ុន Samsung បាន​បង្ហាញ​ថា គេហទំព័រ​ផ្លូវការ​របស់ខ្លួន​https://www.samsung.com ដែល​ជា​វេបសាយ​ជា​ភាសា​ថៃ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ផ្ទាំង​មុខ​នៃ​គេហទំព័រ​​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung Eletronics សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

ការ​ផ្សព្វផ្សាយផ្ដល់​រង្វាន់​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល​ចាត់​ទុក​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ ឬ​តាម​បណ្ដាញ​សង្គម។

កាល​ពី​ដើម​ឆ្នាំ​នេះ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​របស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ពី​ហានិភ័យ​សម្រាប់​អ្នក​ចុច ឬ​ធ្វើ​តាម​ការ​ផ្សព្វផ្សាយ​ផ្ដល់​រង្វាន់​បែប​នេះ ជាពិសេស​ការ​បែក​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន។

Facebook Post | Archived Link

អ្នក​បណ្ដុះ​បណ្ដាល​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល អ្នកស្រី ឈិត កណិកា បាន​ឱ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​បែប​បោក​បញ្ឆោត​បែប​នេះ បាន​កើត​ឡើង​ជា​យូរ​មក​ហើយ ដោយ​មាន​ការ​ប្រើ​ប្រាស់​ឈ្មោះ​ក្រុមហ៊ុន​ល្បីៗ។

អ្នក​ជំនាញ​សុវត្ថិភាព​ឌីជីថល​រូប​នេះ បន្ថែម​ថា ការ​ផ្សព្វផ្សាយ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​បែប​នេះ គឺ​ជា​ការ​​​បោក​បញ្ឆោត​បែប​បន្លំ​តាម​អនឡាញ (phishing attack) ដើម្បី​ល្បួង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​អនុវត្ត​តាម​ជំហាន​បន្ត​បន្ទាប់ ដូចជា ការ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចុច​លើ​តំណ​ភ្ជាប់​ណា​មួយ ឬ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន។

អ្នកស្រី កណិកា បាន​ប្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ជៀស​វាង​ការ​ចូលរួម​នៅ​ក្នុង​ករណី​បែប​នេះ និង​ការ​អនុវត្ត​តាម​សេចក្ដី​ណែនាំ ឬ​លក្ខខណ្ឌ​តម្រូវ​ណា​មួយ​ទៀត​នៅ​ជំហាន​បន្ទាប់ ដោយ​ព្រមាន​ពី​ការ​បែក​ធ្លាយ​ព័ត៌មាន​ខ្លួន​ដែល​នាំ​ឱ្យ​បុគ្គល​មាន​បំណង​អាក្រក់​យក​ព័ត៌មាន​ទាំង​នេះ​ទៅ​ប្រើ​ប្រាស់​ក្នុង​បំណង​ទុច្ចរិត​ណាមួយ។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Samsung លក់​បញ្ចុះ​តម្លៃ​ដ៏​សម្បើម​សម្រាប់​នាឡិកា​ដៃ​ឆ្លាត​វៃនោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​បន្លំ​តាម​បណ្ដាញ​សង្គម ឬ​តាម​អនឡាញ។

Avatar

Title:ការ​បោក​បញ្ឆោត​តាម​អនឡាញ​ផ្សព្វផ្សាយ​ថា Samsung លក់​បញ្ចុះ​តម្លៃ​ធំ​​តាម​អនឡាញ

Fact Check By: Jay Udom

Result: False