ស្រប​ពេល​ ប៉ុល​ ពត​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បង​ធំ​ទី​១​ ក្នុង​ចំណោម​មេដឹក​នាំ​ខ្មែរ​ក្រហម​ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​គេ​ស្គាល់​ថា​ជា​ «របប​ខ្មែរ​ក្រហម​» ដែល​បាន​កាប់​សម្លាប់​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​លាន​នាក់​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឈរ​កាន់​រូប​ថត​របស់​មេដឹក​នាំ​រូបនេះ​ ត្រូវ​បាន​បង្ហោះ​ឡើង​ ជា​មួយ​នឹង​ការ​លើក​ឡើង​ថា​ «ពួក​យើង​ស្រលាញ់​ ប៉ុល​ ពត​»។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Amazing world culture club V.3 (AWCC)»​ បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឈរ​កាន់​រូបថត​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល​ ពត។​ អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​ភ្ជាប់​រូប​ថត​ខាង​លើ​នេះ​ ទៅ​នឹង​សំណេរ​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «យើង​ស្រលាញ់ ​ប៉ុល​ ពត​»។​

រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ បាន​ឈរ​កាន់​រូបថត​មេដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល​ ពត​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Keila 24 កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ គេហទំព័រ​សារព័ត៌មាន​ដដែល​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​អ្នក​គាំទ្រ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ឈរ​កាន់ព្រះ​​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ក្នុង​អំឡុង​ការ​ប្រកួត​បាល់ទាត់ស៊ីហ្គេម​​រវាងក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ និង​ទីម័រ​ខាង​កើត​ កាល​ពី​យប់​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ បាន​ឈរ​កាន់​រូប​ថត​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល​ ពត នោះ​ឡើយ​។​

Keila 24 | Archived Link

ដូច​គ្នា​នេះ​ ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ ឈរ​កាន់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នរោត្តម​ សីហមុនី ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​បាន​បញ្ជាក់​ថា​ នោះ​គឺជា​ ទិដ្ឋភាព​រូប​ភាព​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​អាយុ​ក្រោម​២២​ឆ្នាំ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ រាជធានី​ភ្នំ​ពេញ​។​

Football Federation of Cambodia | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា​ ឈរ​កាន់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នរោត្តម​ សីហមុនី​ ក្នុង​អំឡុង​ការ​ប្រកួត​បាល់ទាត់​រវាងក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ និង​ទីម័រ​ខាង​កើត​។​

Avatar

Title:ទិដ្ឋភាព​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ ឈរ​កាន់​រូប​ថត​មេដឹកនាំ​ខ្មែរ​ក្រហម​ ជា​រូប​ថត​កាត់​ត

Written By: Kakada Sim

Result: Altered