
បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឱ្យមានការបើកប្រតិបត្តិការសឹកវាយលុកលើប្រទេសអ៊ុយក្រែនចាប់តាំងពីចុងខែកុម្ភៈមក រូបថតជាច្រើនពាក់ព័ន្ធទៅនឹងសង្គ្រាម និងព័ត៌មានរិះគន់ទៅលើលោក ពូទីន ត្រូវបានចែករំលែកលើបណ្តាញសង្គមជាហូរហែរ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោក ស្ថិតក្នុងឈុតអ្នកជាប់ពន្ធនាគារ ត្រូវបានបង្ហោះលើបណ្តាញសង្គម ដោយមានការអះអាងថា មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានឃាត់ខ្លួន និងកំពុងតែរង់ចាំដីការបស់តុលាការ។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែកចែកជាច្រើនដងនៅលើបណ្តាញសង្គម។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាងនោះ គឺធ្វើឡើងមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែកចាយរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក ពូទីន ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អ្នកជាប់ពន្ធនាគារ ទៅក្នុងក្រុមហ្វេសប៊ុក ដែលមានឈ្មោះថា “Dara Sorn”។ អ្នកប្រើប្រាស់ដដែលនេះ បានភ្ជាប់ជាមួយនឹងការអះអាងថា លោកត្រូវបានឃាត់ខ្លួន និងកំពុងរង់ចាំដីការបស់តុលាការ។
ការអះអាងភ្ជាប់ជាមួយនឹងរូបថតនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ សរសេររៀបរាប់ថា «ជនបទឧក្រិដ្ឋសង្រ្គាម ពូទីន (Putin) ដែលពិភពលោកស្វែងរក ត្រូវបានឃាត់ខ្លួន, ហើយកំពុងរង់ចាំដីកាតុលាការ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រ IMDB។ គេហទំព័រ IMDB គឺជាគេហទំព័របណ្ដុំព័ត៌មានមួយ ទាក់ទងនឹងខ្សែភាពយន្ត កម្មវីធីទូរទស្សន៍ វីដេអូហ្គេម និងវីដេអូកម្សាន្តនានា។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Sydney Lassick, Jack Nicholson, and Will Sampson in One Flew Over the Cuckoo’s Nest (1975)» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «លោក ស៊ីដនី ឡាសស៊ីក (Sydney Lassick), លោក ជេក នីកូសុន (Jack Nicholson) និងលោក វីល ស៊ាមសុន (Will Sampson) នៅក្នុងខ្សែភាពយន្តរឿង One Flew Over the Cuckoo’s Nest »។

ដូចគ្នានេះ តាមរយៈគេហទំព័រ Alamy ក៏បានបង្ហាញនូវទិដ្ឋភាពរូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដោយពុំបានបង្ហាញនូវទិដ្ឋភាពប្រធានាធិបតីរុស្ស៊ីលោក ពូទីន ត្រូវបានឃាត់ខ្លួន និងស្ថិតនៅក្នុងឈុតអ្នកជាប់ពន្ធនាគារនោះឡើយ។

គេហទំព័រដដែលខាងលើ ក៏បានបញ្ជាក់ព័ត៌មានបន្ថែមជាភាសាអង់គ្លេសថា «Film Title: “One Flew Over the Cuckoo’s Nest” directed by Milos Forman film company united artist 19 November 1975» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ចំណងជើងភាពយន្ត៖ One Flew Over the Cuckoo’s Nest ដឹកនាំដោយក្រុមហ៊ុនភាពយន្ត Milos Forman ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៧៥»។


ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ គឺពិតជាមិនត្រឹមត្រូវនោះទេ។ ការពិតរូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ច្បាប់ដើមនៃរូបថតមួយនេះការពិត គឺត្រូវបានយកចេញពីខ្សែភាពយន្តមួយដែលមានឈ្មោះថា «One Flew Over the Cuckoo’s Nest» ដោយតួអង្គបុរសទាំងបីនោះ គឺជាតារាសម្ដែងភាពយន្តអន្តរជាតិ លោក ស៊ីដនី ឡាសស៊ីក (Sydney Lassick), លោក ជេក នីកូសុន (Jack Nicholson) និងលោក វីល ស៊ាមសុន (Will Sampson) (រាប់ពីឆ្វេងទៅស្តាំ)។

Title:រូបថតបង្ហាញលោក ពូទីន ក្នុងឈុតអ្នកជាប់ពន្ធនាគារ ជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
