
កម្ពុជាប្រកាសថា បុរសម្នាក់អាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលករណីស្លាប់លើកដំបូងនោះមកកាលពីថ្ងៃទី១១ ខែមីនា។ ភ្លាមៗក្រោយមរណភាពរបស់បុរសកម្ពុជារូបនេះ រូបថតមួយចំនួនបង្ហាញនូវការរុំខ្ជប់អ្វីមួយមានលក្ខណៈដូចទៅនឹងការរុំខ្ចប់សពរបស់មនុស្សនោះ ត្រូវបានចែករំលែកយ៉ាងផុសផុល ដោយអះអាងថា នោះគឺជាសពបុរសកម្ពុជាដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគេរុំខ្ជប់សម្រាប់ដឹកជញ្ជូនចេញពីមន្ទីរពេទ្យ។ ប៉ុន្តែ ការផ្ទៀងផ្ទាត់ព័ត៌មានបង្ហាញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានសរសេររៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនអំពីករណីស្លាប់ដោយសារជំងឺកូវីដ១៩លើកដំបូង ដោយភ្ជាប់មកជាមួយរូបភាព ៣សន្លឹក ក្នុងនោះរូបថតមួយសន្លឹកបង្ហាញនូវការរុំខ្ជប់អ្វីម្យ៉ាងដែលមើលទៅដូចការរុំខ្ជប់សពមនុស្ស។ ការបង្ហោះសារភ្ជាប់ជាមួយរូបភាពនេះ ត្រូវបានចែករំលែកជាច្រើនដងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហាញឱ្យឃើញដូចខាងក្រោមនេះ
រូបថតនេះក៏ត្រូវបានបង្ហោះដោយអ្នកសារព័ត៌មានម្នាក់ និងជាទីប្រឹក្សាម្នាក់របស់ក្រសួងព័ត៌មានផងដែរ មុននឹងគាត់បានដករូបថតនោះចេញពីហ្វេសប៊ុករបស់គាត់វិញ។
រូបភាពផ្ដាមពីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលជាអ្នកសារព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន
ការត្រួតពិនិត្យការពិត
យើងបានចាប់ផ្តើមផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានបង្ហោះភ្ជាប់ជាមួយការអះអាងថាជាសពរបស់បុរសកម្ពុជាដែលបានស្លាប់ដោយសារជំងឺកូវីដ១៩តាមរយៈពិនិត្យមើលការបកស្រាយដោយក្រសួងសុខាភិបាល និងតាមរយៈឧបករណ៍ផ្ទៀតផ្ទាត់រូបថតបស់ Google។
តាមរយៈ Google Reverse Image យើងបានរកឃើញរូបថតស្រដៀងគ្នាជាច្រើននៅលើប្រព័ន្ធអ៊ិនធឹណិត។ គណនី Twitter មួយបានបង្ហោះរូបថត ៤សន្លឹក ហើយសរសេររៀបរាប់ថា «មនុស្សម្នាតក់ស្លុតពេលឃើញបែបនេះ ប៉ុន្តែ វាបែរទៅជាថង់វាយកូនហ្គោលទៅវិញ»។
អ្នកប្រើប្រាស់ Twitter មិនបានបញ្ជាក់ទេថា រូបថតទាំងនេះ កើតឡើងនៅទីណានោះឡើយ ប៉ុន្តែ ទិដ្ឋភាពទីតាំង បង្ហាញថា រូបថតទាំងនេះកើតឡើងនៅកន្លែងត្រួតពិនិត្យនៅក្នុងព្រលានយន្តហោះមួយ។
ទូរទស្សន៍ Thairath របស់ប្រទេសថៃ បានផ្សាយថា រូបថតទាំងនោះមិនមែនជារូបថតនៃការវេចខ្ចប់សពនោះឡើយ ប៉ុន្តែ វាគឺកញ្ចប់ថង់វេចខ្ចប់ដំបងហ្គោលដែលត្រូវបានដឹកជញ្ជូនតាមជើងហោះហើរ ហើយឆ្លងការកាត់ម៉ាស៊ីនត្រួតពិនិត្យនៅឯព្រលានយន្តហោះមួយ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បកស្រាយថា ការបង្ហោះរូបថតទាំងនេះ ប្រៀបដូចជាការប្រមាថមើលងាយដល់អ្នកស្លាប់ និងគ្រួសាររបស់គាត់ និង«ធ្វើឱ្យមានការយល់ច្រឡំដល់សាធារណជនអំពីរបៀប និងការរក្សាសពជនរងគ្រោះរបស់គ្រូពេទ្យជំនាញរៀបចំថែរក្សាសព»។
Facebook Page Post | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាអះអាងថាជាសពរបស់បុរសកម្ពុជាដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នោះ មិនមែនជាការពិតនោះឡើយ។ រូបថតប៉ុន្មានសន្លឹកនោះ គឺជាកញ្ចប់ថង់វេចខ្ចប់ដងវាយកូនហ្គោល ដែលត្រូវបានដឹកជញ្ជូនតាមជើងហោះហើរ និងឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រលានយន្តអន្តរជាតិមួយ។ ដងវាយកូនហ្គោលនោះ ត្រូវបានវេចខ្ចប់ដែលមើលទៅស្រដៀងនឹងការវេចខ្ចប់សពរបស់មនុស្សផងដែរ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល។ រូបថតទាំងនេះ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងផុសផុលតាំងពីសប្ដាហ៍ដំបូងនៃខែមករាដើមឆ្នាំនេះម៉្លេះ។

Title:រូបថតកញ្ចប់ថង់ដងវាយកូនហ្គោលមិនមែនជាសពបុរសកម្ពុជាស្លាប់ដោយសារកូវីដ១៩ទេ
Fact Check By: Jay UdomResult: Misleading