គ្រូ​ពេទ្យ​ម្នាក់​នៅ​សៀមរាប​ទទួល​មរណភាព​មិន​មែន​ដោយសារ​វ៉ាក់សាំង​ចិនទេ

Medical Misleading

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា ដំណើរការ​​ចាក់​វ៉ាក់សាំង​បាន​​ឈាន​​ទៅ​ដល់​ខេត្ត​នានា​ទូទាំង​ប្រទេស បន្ទាប់​ពី​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ជំនួយ​ជា​វ៉ាក់សាំង​របស់​ចិន​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា។ ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​អះ​អាង​ថា គ្រូ​ពេទ្យ​វ័យ​៣៩​ឆ្នាំ​ម្នាក់​ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm)។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

លោក ស៊ាង តុលា គ្រូ​ពេទ្យ​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មីនា ច្រើន​ម៉ោង​ក្រោយ​ពី​គាត់​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ដូស​ដំបូង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន អះ​អាង​ថា មរណភាព​របស់​គ្រូ​ពេទ្យ​រូប​នេះ គឺ​បណ្ដាល​មក​ពី​ប្រតិកម្ម​វ៉ាក់សាំង​ចិន។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ សរសេរ​រៀប​រាប់​ថា «ព័ត៌មាន​ចាក់​វ៉ាក់សាំង​របស់​ចិន​ពី​ខេត្ត​សៀមរាបថ្ងៃ​ទី​៣ មីនា ​២០២១។ ថ្មីៗ​តែ​ម្ដង សូម​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កុំ​ចាក់​វ៉ាក់សាំង​របស់​ចិន​ឱ្យ​សោះ លោក​វេជ្ជ​បណ្ឌិត ស៊ាង តុលា អាយុ ៣៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្មី ឃុំ​ស្វាយដង្គំ ខេត្ត​សៀមរាប បាន​ស្លាប់​នៅ​ម៉ោង ៣​ទៀប​ភ្លឺ​យប់​មិញ​នេះ ក្រោយ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​២ មីន​ម្សិល​មិញ»។

Facebook Post | Archived Link

ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត សរសេរ​ថា​ «ពេទ្យ​ម្នាក់​នេះ​ថប់​ដង្ហើម​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​រួច​ប៉ុន្មាន​ម៉ោង»។

Facebook Post | Archived Link

៨​ម៉ោង​ក្រោយ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន​ថា «ពេទ្យ​ម្នាក់​នេះ​ថប់​ដង្ហើម​ស្លាប់​ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​រួច​ប៉ុន្មាន​ម៉ោង។ បើថា​មុន​ចាក់​វ៉ាក់សាំង​ចិន​នេះ​គាត់​មាន​រោគ​គាំង​បេះដូង​មែន គេ​អត់​ចាក់​វ៉ាក់សាំង​ឱ្យ​ទេ។ កុំ​បោក​ឱ្យសោះ។»

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​សរសេរ​ថា «គ្រូ​ពេទ្យ និង​អ្នក​គ្រូ​បង្រៀន ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​របស់​ចិន​ហើយ​ គឺ​ទទួល​មរណភាព​ដូច​គ្នា ប៉ុន្តែ លោក​គ្រូ​ពេទ្យ​បាន​ទទួល​ការ​វ៉ាក់សាំង​របស់​ចិន​នៅ​ថ្ងៃ​ទី​១ ខែ​៣​រួច​ហើយ​បាន​ស្លាប់ ប៉ុន្តែ គេ​និយាយ​ថា​ ស្លាប់​ដោយសារ​បញ្ហា​សរសៃ​ឈាម។ ចំណែក​អ្នក​គ្រូ​បង្រៀន​បាន​ទទួល​ចាក់​វ៉ាក់សាំង​ចិន​នៅ​ថ្ងៃ​ទី​៦ ខែ​២​រួច​ហើយ បន្ទាប់​មក​ក៏​បាន​ស្លាប់ គេ​ក៏​និយាយ​ថា គាត់​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល។ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​អ្នក​ដែល​ស្លាប់​សុទ្ធ​តែ​គ្រូ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

យើង​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ​តាម​រយៈការ​ពិនិត្យ​ការ​បក​ស្រាយ​របស់​ស្ថាប័ន​ជំនាញ​នៅ​ខេត្ត​សៀមរាប និង​ជជែក​ជាមួយ​សមាជិក​គ្រួសារ​ និង​អ្នក​ជំនាញ។ តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ យើង​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ចេញ​ថ្ងៃ​ទី​៣ ខែ​មីនា ដោយ​និយាយ​ថា​ មរណភាព​របស់​គ្រូ​ពេទ្យ ស៊ាង តុលា មិន​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ចិន​ទេ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល លោក តុលា ដែល​ជា​គ្រូ​ពេទ្យ​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ផង​ដែរ​នោះ ត្រូវ​បាន​វិនិច្ឆ័យ​រោគ ហើយ​លទ្ធផល​បង្ហាញ​ថា គាត់​គ្មាន​បញ្ហា​ដែល​រារាំង​គាត់​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន​ដូស​ដំបូង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា​ទេ។

មន្ទីរ​ពេទ្យ​ខេត្ត​នេះ បន្ត​ថា បន្ទាប់​មក គាត់​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​នៅ​ម៉ោង​ប្រហែល ៣​រសៀល​នៅ​កន្លែង​ធ្វើការ ហើយ​ត្រឡប់​ទៅ​ធ្វើការ​ដូច​ធម្មតា​រហូតដល់​ម៉ោង ៥​ល្ងាច​ មុន​គាត់​ចាក​ចេញ​ទៅ​ផ្ទះ។

មន្ទីរ​ពេទ្យ​ខេត្ត​រៀបរាប់​ថា «ប្រពន្ធ​​គាត់ និង​មិត្ត​ភក្តិ​គាត់​បាន​បញ្ជាក់​ថា គាត់​មាន​បញ្ហា​ថប់​ដង្ហើម​នៅ​ពេល​ដេក និង​មាន​ស្រមុក​ខ្លាំង(sleep apnea) ជាពិសេស​១​សប្ដាហ៍​ចុង​ក្រោយ​នេះ ព្រមទាំង​មាន​ប្រវត្តិ​ឈឺ​ទ្រូង និង​ឧស្សាហ៍​ពិនិត្យ​អគ្គិសនី​បេះដូង​ជា​ញឹក​ញាប់​ផង​ដែរ»។

មន្ទីរ​ពេទ្យ​អះអាង​ថា «សរុប​សេចក្ដី​មក តាម​ព័ត៌មាន​ដែល​មាន​រៀបរាប់​ខាង​លើ គាត់​ពិត​ជា​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​សរសៃ​ឈាម​បេះដូង»។

អ្នកស្រី ឃុត រ៉ានី អាយុ ៣៨​ឆ្នាំ ជា​ភរិយា​របស់​គ្រូ​ពេទ្យ ស៊ាង តុលា បាន​ច្រាន​ចោល​ការ​អះ​អាង​នានា​នៅ​លើ​បណ្ដាញ​សង្គម ដោយនិយាយ​ថា ស្វាមី​របស់​គាត់​​បាន​ទទួល​មរណភាព​មិន​មែន​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន​នោះ​ទេ។

តាម​រយៈ​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​មួយ​ថ្ងៃ​ក្រោយ​ពិធី​បុណ្យ​សព​របស់​ស្វាមី អ្នកស្រី ឃុត រ៉ានី និយាយថា​ «សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មិន​អាច​បញ្ជាក់​ថា វា​បណ្ដាល​មក​ពី​បញ្ហា​វ៉ាក់សាំង​ហ្នឹង​ទេ ព្រោះ​អី​គេ​ចាក់​ច្រើន​នាក់​ណាស់​នៅ​ស្រុក​ខ្មែរ ហេតុអី​បាន​គេ​អត់​អី? អ៊ីចឹង ខ្ញុំ​មិន​បាន​គិត​ថា គ្រួសារ​ខ្ញុំ​មក​ពី​បញ្ហា​ហ្នឹង​ទេ អាច​មក​ពី​សុខភាព​គាត់​ខ្លួន»។ គាត់​បន្ថែម​ថា ស្វាមីរបស់​គាត់​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ដោយសារ​មើល​ការ​ខុស​ត្រូវ​លើ​គ្លីនិក​ឯកជន​របស់​គាត់។

Fact Crescendo Cambodia ក៏​បាន​ជជែក​ជាមួយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ លោក​វេជ្ជ​បណ្ឌិត អៀប ប៊ុនលឿន ដែល​ជា​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​ផង​ដែរ។ វេជ្ជ​បណ្ឌិត ប៊ុនលឿន ពន្យល់​ថា មរណភាព​របស់​គ្រូ​ពេទ្យ តុលា មិន​ពាក់​ព័ន្ធ​នឹង​ប្រតិកម្ម​វ៉ាក់សាំង​ចិន​ទេ ដោយ​ថា វា​បាន​កើត​ឡើង​ជាច្រើន​ម៉ោង​ក្រោយ​មក។

វេជ្ជ​បណ្ឌិត ប៊ុនលឿន ប្រាប់​ថា​ «ប្រតិកម្ម​វ៉ាក់សាំង​អាច​កើត​ឡើង​ត្រឹម​ ៣០​នាទី​ក្រោយ​ពេល​ចាក់»។ លោក​បន្ថែម​ថា គ្មាន​នរណា​រាយការណ៍​មក​វិញ​ពី​ប្រតិកម្ម​វ៉ាក់សាំង​ឡើយ​នៅ​ក្នុង​ចំណោម​មនុស្ស​ជាង ១០០០​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​រួច។

ការ​អះ​អាង​នានា​ថា មនុស្ស​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន បាន​កើត​ឡើង​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។ សេចក្ដី​រាយការណ៍​ត្រួត​ពិនិត្យ​ការ​ពិត​ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់ DW បាន​និយាយ​ថា ក្រុម​វេជ្ជ​បណ្ឌិត​រក​មិន​ឃើញ​ទំនាក់​ទំនង​រវាង​មរណភាព និង​ការ​ចាក់​វ៉ាក់សាំង​នៅ​បណ្ដា​ប្រទេស​ជាច្រើន​នោះ​ទេ។

សន្និដ្ឋាន

Fact Crescendo Cambodia​ រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​ទេ​ដែល​នាំ​ឱ្យ​ភ័ន្ត​ច្រឡំ។ មរណភាព​របស់​គ្រូ​ពេទ្យ​ ស៊ាង តុលា គឺ​ដោយសារ​បញ្ហា​សរសៃ​ឈាម​បេះដូង។ អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​ពន្យល់​​ផង​ដែរ​ពី​រយៈ​ពេល​ដែល​ប្រតិកម្ម​វ៉ាក់សាំង​នឹង​កើត​មាន​ក្រោយ​ចាក់​រួច។ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​អន្តរជាតិ ក៏​រក​មិន​ឃើញ​ពី​ទំនាក់​ទំនង​រវាង​មរណភាព និង​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ។

.container { border: 2px solid #000; background-color: #eee; border-radius: 5px; padding: 16px; margin: 16px 0 } .container::after { content: “”; clear: both; display: table; } .container img { float: left; margin-right: 20px; border-radius: 50%; } .container span { font-size: 20px; margin-right: 15px; } @media (max-width: 500px) { .container { text-align: center; } .container img { margin: auto; float: none; display: block; } }
Avatar

Title:គ្រូ​ពេទ្យ​ម្នាក់​នៅ​សៀមរាប​ទទួល​មរណភាព​មិន​មែន​ដោយសារ​វ៉ាក់សាំង​ចិនទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *