
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំហើយ ដែលធ្វើឱ្យគាត់ក្លាយទៅជាមុខព្រួញនៃការរិះគន់ និងពាក្យចរចាមអារ៉ាមផ្សេងៗ។ ក្នុងនោះ រូបថតមួយសន្លឹកដែលបង្ហាញលោក ហ៊ុន សែន ហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ត្រូវបានគេចែករំលែកនៅក្នុងក្រុមបណ្ដាញសង្គម ដែលនាំឱ្យមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ត្រូវបានបង្ហោះចូលទៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីសប្ដាហ៍មុន។ រូបថតដដែលនេះ ក៏មានសំណេរពីលើសរសេរថា «Bokator» ឬមានន័យថា «ល្បុក្កតោ»ផងដែរ។
ក្រោយចែករំលែកក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ រូបថតនេះ ទទួលបានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីប៉ុស្តិ៍ដែលត្រូវបានចែករំលែកនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុក «Confession Community»កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ហ្វឹកហាត់ក្បាច់គុននោះ ត្រូវបានរកឃើញចុះផ្សាយនៅលើវេបសាយជាច្រើននៃបណ្ដាញអ៊ីធឺណិត។ វេបសាយមួយឈ្មោះថា Wallpaper Access បានផ្ដល់ព័ត៌មានឱ្យដឹងថា បុរសហ្វឹកហាត់ក្បាច់គុននោះ គឺជាតារាសម្ដែងភាពយន្តអន្តរជាតិ លោក ថូនី ចា (Tony Jaa) ហើយរូបថតនេះ គឺជាឈុតមួយនៅក្នុងខ្សែភាពយន្ត តុមយ៉ាំកុង (Tom Yum Goong)ឬខ្សែភាពយន្ត The Protector នៅលើទីផ្សារអន្តរជាតិ។

WALLPAPERACCESS | ARCHIVED LINK
តុមយ៉ាំកុង គឺភាពយន្តវាយតប់ថៃផលិតឡើងកាលពីឆ្នាំ២០០៥ ដែលសម្ដែងដោយតារាសម្ដែងក្បាច់គុន ថូនី ចា ឬ ភ្នំ យីរ៉ាំ បន្ទាប់ពីតារាសម្ដែងរូបនេះទទួលបានភាពល្បីល្បាញដោយសារភាពយន្ត Ong Bak: Muay Thai Warrior កាលពីឆ្នាំ២០០៣។
នៅក្នុងខ្សែភាពយន្ត«តុមយ៉ាំកុង»ដែលត្រូវបានបង្ហោះនៅលើបណ្ដាញកម្សាន្ត YouTube យើងបានរកឃើញឈុតឆាកហ្វឹកហាត់ក្បាច់គុនជាមួយសត្វដំរីធំៗរបស់តារាសម្ដែងរូបនេះនៅត្រង់នាទី ៥ៈ៣៨នាទី។
ចំណែកឯរូបថតលោក ហ៊ុន សែន យើងបានរកឃើញនៅក្នុងវេបសាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលសរសេររៀបរាប់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញកាយវិការអំឡុងសន្និសីទកាសែតមួយធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៧។

HUMAN RIGHTS WATCH | ARCHIVED LINK

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្វឹកហាត់ក្បាច់គុន គឺជារូបភាពកាត់ត។ រូបថតច្បាប់ដើម គឺជាឈុតហ្វឹកហាត់ក្បាច់គុនរបស់តារាសម្ដែងភាពយន្តអន្តរជាតិ ថូនី ចា នៅក្នុងខ្សែភាពយន្តតុមយ៉ាំកុង (The Protector) កាលពីឆ្នាំ២០០៥។

Title:លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្វឹកហាត់ក្បាច់គុន គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Satire
