លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត

Political Satire

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​សប្ដាហ៍​មុន។ រូបថត​ដដែល​នេះ ក៏​មាន​សំណេរ​ពី​លើ​សរសេរ​ថា «Bokator» ឬ​មាន​ន័យ​ថា «ល្បុក្កតោ»​ផង​ដែរ។

ក្រោយ​ចែក​រំលែក​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​នោះ រូបថត​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក «Confession Community»​កាល​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា​ ឆ្នាំ​២០២២។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ហ្វឹក​ហាត់​ក្បាច់​គុន​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​ជាច្រើន​នៃ​បណ្ដាញ​អ៊ីធឺណិត។ វេបសាយ​មួយ​ឈ្មោះ​ថា Wallpaper Access ​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​ហ្វឹក​ហាត់​ក្បាច់​គុន​នោះ គឺ​ជា​តារា​សម្ដែង​ភាពយន្ត​អន្តរជាតិ លោក ថូនី ចា (Tony Jaa) ហើយ​រូបថត​នេះ គឺ​ជា​ឈុត​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ តុមយ៉ាំកុង (Tom Yum Goong)ឬ​ខ្សែ​ភាពយន្ត The Protector នៅ​លើ​ទីផ្សារ​អន្តរជាតិ។

WALLPAPERACCESS | ARCHIVED LINK

តុមយ៉ាំកុង គឺ​ភាពយន្ត​វាយ​តប់​​ថៃ​ផលិត​ឡើង​កាល​ពី​ឆ្នាំ​២០០៥ ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ក្បាច់​គុន ថូនី ចា ឬ ភ្នំ យីរ៉ាំ បន្ទាប់​ពី​តារា​សម្ដែង​រូប​នេះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយសារ​ភាពយន្ត Ong Bak: Muay Thai Warrior កាល​ពី​ឆ្នាំ​២០០៣។

នៅ​ក្នុង​ខ្សែ​ភាពយន្ត​«តុមយ៉ាំកុង»​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​កម្សាន្ត YouTube យើង​បាន​រក​ឃើញ​ឈុត​ឆាក​ហ្វឹក​ហាត់​ក្បាច់​គុន​ជាមួយ​សត្វ​ដំរី​ធំៗ​របស់​តារា​សម្ដែង​រូប​នេះ​នៅ​ត្រង់​នាទី ៥ៈ៣៨​នាទី។

ចំណែក​ឯ​រូបថត​លោក ហ៊ុន សែន យើង​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​សរសេរ​រៀបរាប់​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ចេញ​កាយ​វិការ​អំឡុង​សន្និសីទ​កាសែត​មួយ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៩៧។

HUMAN RIGHTS WATCH | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត។ រូប​ថត​ច្បាប់​ដើម គឺ​ជា​ឈុត​ហ្វឹក​ហាត់​ក្បាច់​គុន​របស់​តារា​សម្ដែង​ភាពយន្ត​អន្តរជាតិ ថូនី ចា នៅ​ក្នុង​ខ្សែ​ភាពយន្ត​តុមយ៉ាំកុង (The Protector) កាល​ពី​ឆ្នាំ​២០០៥។

Avatar

Title:លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Satire

Leave a Reply

Your email address will not be published.