
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលដំណឹងនេះបានគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយពិភពលោក និងបណ្ដាញសង្គមផងដែរ។
ទន្ទឹមនឹងនេះ វីដេអូឃ្លីបមួយ បង្ហាញអំពីទិដ្ឋភាពយន្តហោះជាច្រើនគ្រឿង ហោះហើរលើផ្ទៃមេឃ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាគឺជាយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី កំពុងវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ការអះអាងមួយនេះ ត្រូវបានប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដងនៅតាមបណ្តាញសង្គមយ៉ាងផុសផុល។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ មានឈ្មោះថា កសិករខ្មែរ ជនបទ បានបង្ហោះនូវវីដេអូឃ្លីបមួយ ដែលបង្ហាញអំពីទិដ្ឋភាពយន្តហោះចម្បាំងជាច្រើនគ្រឿង ហោះហើរលើផ្ទៃមេឃ។
ទំព័រហ្វេសប៊ុកនេះ អះអាងថា វាគឺជាយន្តហោះរបស់ប្រទេសរុស្ស៊ី ដែលកំពុងវាយប្រហារ និងហោះនៅលើទីក្រុងរបស់ប្រទេសអ៊ុយក្រែន។ ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «សង្គ្រាមអ៊ុយក្រែនស្តែងៗយន្តហោះចម្បាំងរុស្ស៊ីហោះលើទីក្រុងគៀវទាំងព្រឹកព្រលឹម»។
ដោយឡែក វីដេអូដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងអះអាងថាជាយន្តហោះរបស់ប្រទេសរុស្ស៊ី ដែលបានហោះហើរនៅលើទីក្រុងនៃប្រទេសអ៊ុយក្រែនផងដែរ នៅលើបណ្តាញសង្គម Twitter។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Russian planes are flying over the skies of #Kiev, the capital of Ukraine» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «យន្តហោះរុស្ស៊ីកំពុងហោះហើរលើមេឃនៃរដ្ឋធានីរបស់ ប្រទេសអ៊ុយក្រែន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើវីដេអូនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតផ្តាមរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
វីដេអូឃ្លីប ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ គឺត្រូវបានរកឃើញនៅលើបណ្តាញគេហទំព័រវីដេអូ Youtube។ វីដេអូមួយនេះ ត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់ មានឈ្មោះថា Lessony កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។ វីដេអូនេះមិនបានបង្ហាញពីយន្តហោះចម្បាំងរុស្ស៊ី កំពុងហោះហើរនៅលើប្រទេសអ៊ុយក្រែននោះទេ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេរជាភាសាអង់គ្លេសថា «Flyby Moscow (May 04, 2020)» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ការហោះហើរនៅទីក្រុងមូស្គូ (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០)»។
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន The Moscow Times ចុះផ្សាយកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏បានបង្ហាញនូវទិដ្ឋភាពដូចគ្នានៃការហាត់សមយោធានៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី ដែលជាការហោះជាក្បួនរបស់យន្តហោះចម្បាំងរបស់រុស្ស៊ីផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេរជាភាសាអង់គ្លេសថា «Military Planes Fly Over Moscow in Victory Day Rehearsal» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «យន្តហោះយោធាហោះហើរ លើទីក្រុងមូស្គូ ក្នុងថ្ងៃហាត់សមថ្ងៃជ័យជំនះ»។
The Moscow Times News Report | Archived Link
ករណីខាងលើមួយនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ការពិតផងដែរ ដោយគេហទំព័រ 10 BWNS កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ គេហទំព័រដដែលខាងលើនេះ បានបញ្ជាក់ជាភាសាអង់គ្លេសថា «This video does not show Russian fighter jets flying over Ukraine. The footage is from the 1:14 mark of a video of a Moscow flyby from May 4, 2020» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «វីដេអូនេះមិនបានបង្ហាញពីយន្តហោះចម្បាំងរុស្ស៊ី កំពុងហោះហើរនៅលើប្រទេសអ៊ុយក្រែននោះទេ។ ខ្សែវីដេអូនេះគឺត្រូវបានរកថតចេញក្នុងអំឡុងនាទីទី១:១៤ នៃវីដេអូនៃការហោះហើរនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០»។

10 BWNS News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយ អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវទេ។ ការពិត វីដេអូឃ្លីបបង្ហាញអំពីទិដ្ឋភាពយន្តហោះចម្បាំង ហោះហើរជាក្បួននេះ គឺជាពិធីបង្ហាញទ័ពអាកាសរុស្ស៊ីដែលប្រារព្ធធ្វើឡើងតាំងពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅក្នុងពិធីការហ្វឹកហាត់សមយោធានាទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី។

Title:វីដេអូក្បួនយន្តហោះចម្បាំងរុស្ស៊ីពីរឆ្នាំមុន ត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី
Fact Check By: Kakada SimResult: False
